លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ការស្មោះស្ម័គ្រការស្រឡាញ់របស់សមាជិកសមាជិកាបក្ស បានបង្ហាញពីការគាំទ្រសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា។
លោកជំទាវថ្លែងក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនូន ៨៥០នាក់ នៅសង្កាត់ក្រុងខេត្តស្វាយរៀង នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។
លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា និងសម្តេចហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា សម្តេចទាំងបីតែងតែរួមសុខ រួមទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏ដូចជាបងប្អូនទាំងអស់គ្នាដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះផងដែរ។
លោកជំទាវបានបន្តទៀតថា ការចូលរួមសកម្មភាពរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងថ្ងៃនេះ គឺបានបង្ហាញអំពីការគាំទ្រដល់ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីសំណេះសំណាលនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់ អានុសាសន៍ចំនួន ៤ ចំណុច ដល់អង្គពីធី រួមមាន ទី១ សុំពិនិត្យមើល និងទុកដាក់អត្តសញ្ញាណបណ្ណសម្រាប់បោះឆ្នោត ក្នុងករណីរកមិនឃើញ ឬមានការបាត់បង់ ត្រូវទៅបញ្ជាក់អត្តសញ្ញាណ សម្រាប់បោះឆ្នោតនៅ តាមសង្កាត់រៀងៗខ្លួន។ ទី២ ផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយ នូវកម្មវិធីនយោបាយ និងស មិទ្ធផលរបស់គណបក្ស ដែលសម្រេច បានក្នុងរយៈពេល៤៣ឆ្នាំកន្លងមកនេះ ជូនដល់ប្រជាពល រដ្ឋនៅក្នុងមូលដ្ឋាន និងត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាស្របតាមទិសស្លោក “អរគុណសន្តិភាព សមាជិកបក្សម្នាក់ សំឡេងគាំទ្រគណបក្សមួយសន្លឹក”។
ទី៣ ត្រូវបន្តខិតខំរួមគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបន្តជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញ ដែលជាវិធានការគន្លឹះ និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” ឱ្យបានជាប់ជាប្រចាំ ព្រមទាំងប្រកាន់យករបៀបរស់នៅ និងបំពេញការងារជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
ទី៤ រួមគ្នាថែរក្សា ការពារនូវសុខ សន្តិភាព ជាពិសេស ការពារឱ្យបាននូវមរតកតេជោ ដូចសម្តេចតេជោមានប្រសាសន៍ដាច់ខាតត្រូវតែការពារ ឱ្យបានទោះក្នុងតម្លៃណាក៏ដោយ មានសន្តិភាពហើយត្រូវប្រឹងរក្សា កុំរង់ចាំពេលបាត់សន្តិភាព ទើបប្រឹងស្រែករក។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំអំណោយដ៍ថ្លៃថ្លាជូនដល់សមាជិក សមាជិកា ចំនួន ៨៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល សារ៉ុង មួយ អាវ មួយ មួក ១ និងជែល ១ដបផងដែរ៕
អត្ថបទ៖ វិមាន