ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដាសហការជាមួយ ក្រុមហ៊ុន MoneyGram Payment System, Inc.ដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូទាត់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដា ម៉ូបាល
ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានសហការជាមួយ MoneyGram Payment System, Inc. (ម៉ាន់នីក្រាម) ដែលជាក្រុមហ៊ុនឈានមុខមួយ ក្នុងការទូទាត់បែបឌីជីថល។
តាមរយៈកិច្ចសហការនេះ អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្ន អាចប្រើ អេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីផ្ញើ និងទទួលប្រាក់តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង២០០ប្រទេសទូទាំងសកលលោក តាមរយៈម៉ាន់នីក្រាមដែលជាប្រព័ន្ធទូទាត់ជាសាកល បានយ៉ាងងាយស្រួល និងឆាប់រហ័ស។
គោលបំណងសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការធ្វើប្រតិបត្តិ ដូចខាងក្រោម៖
១.ផ្ញើប្រាក់ពីកម្ពុជាទៅកាន់បរទេស៖ ដោយការប្រើ អេស៊ីលីដាម៉ូបាលអ៊ែប មានភាពងាយស្រួល អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្ន អាចផ្ទេរប្រាក់ទៅឱ្យក្រុមគ្រួសារ និងមិត្តភ័ក្តនៅជុំវិញពិភពលោក។ អ្នកទទួលអាចទទួលប្រាក់នៅតាមទីតាំងរបស់ភ្នាក់ងារម៉ាន់នីក្រាម ឬអាចទទួលប្រាក់ដោយផ្ទាល់ នៅក្នុងគណនីធនាគារ ឬម៉ូបាលវល្លែត។
២.ទទួលប្រាក់នៅកម្ពុជា៖ សម្រាប់ការផ្ទេរប្រាក់ពីបរទេសចូលមកកម្ពុជា អតិថិជននាពេលបច្ចុប្បន្នអាចបញ្ចូលលេខសម្ងាត់ម៉ាន់នីក្រាមទៅក្នុង អេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីទទួលប្រាក់។
៣.សម្រាប់ពេលអនាគត ការផ្ញើប្រាក់ និងការទទួលប្រាក់នៅតាមសាខាក្នុងស្រុក នៅកម្ពុជា៖ កិច្ចសហការនេះផ្តល់មធ្យោបាយសម្រាប់លទ្ធភាពនាពេលអនាគត ដូចជា អនុញ្ញាតឱ្យអតិថិជន ដើម្បីផ្ញើប្រាក់ និងទទួលប្រាក់ នៅតាមបណ្តាសាខាធនាគារ អេស៊ីលីដា នៅកម្ពុជា។
លោក Vijay Raj Poduval នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូចិន ក្រុមហ៊ុនម៉ាន់នីក្រាម បានមានប្រសាសន៍ថា “ពួកយើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះកិច្ចសហការជាមួយធនាគារ អេស៊ីលីដា និងការពង្រីកប្រតិបត្តិការ និងការធ្វើបរិយាបន្នហិរញ្ញវត្ថុ ដល់អតិថិជននៅកម្ពុជា”។ លោកបានបន្តថា “ការដាក់ឱ្យដំណើរការសមត្ថភាពផ្ទេរប្រាក់ជាអន្តរជាតិឈានមុខគេរបស់ពួកយើង តាមរយៈអេស៊ីលីដាម៉ូបាលអ៊ែប ស្របតាមយុទ្ធសាស្ត្ររបស់ពួកយើង ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសឌីជីថលបន្ថែមទៀត”។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាង ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនម៉ាន់នីក្រាម បានផ្តល់នូវមធ្យោបាយឆាប់រហ័ស ងាយស្រួល ប្រកបដោយទំនុកចិត្ត ក្នុងការផ្ទេរប្រាក់ទៅបរទេស តាមរយៈអេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ថ្លៃទំនិញ ឬថ្លៃសាលា ឬជូនគ្រួសារ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
អតិថិជន និងសាធារណជន អាចផ្ទេរប្រាក់ចូលក្នុងគណនីធនាគារនៅបរទេស ឬដកប្រាក់នៅតាមបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង២០០ប្រទេសទូទាំងសកលលោក។ បន្ថែមលើនេះ អតិថិជន និងសាធារណជន អាចផ្ទេរប្រាក់ដោយផ្ទាល់ចូលក្នុងគណនីនៅធនាគារ អេស៊ីលីដា និងដកប្រាក់នៅតាមបញ្ជរសាខាណាមួយ របស់ធនាគារ អេស៊ីលីដា ដោយប្រើលេខសង្ងាត់៨ខ្ទង់ និងអត្តសញ្ញាណប័ណ្ណ។
បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយឱ្យអតិថិជន ដៃគូអាជីវកម្ម និងសាធារណជន អាចផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗ យ៉ាងងាយស្រួល តាមរយៈអេស៊ីលីដាម៉ូបាល ដែលនេះជាជំហានដ៏សំខាន់មួយ ដើម្បីជាជំនួយដល់អតិថិជន ដៃគូអាជីវកម្ម និងសាធារណជន ក្នុងការគាំទ្រអាជីវកម្ម និងជីវិតប្រចាំថ្ងៃរបស់ពួកគាត់។
គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ គឺ ១) វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង៨,១៦ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន៥,៧៩ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន៥,៩០ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៤៤លាននាក់ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ នេះ។
ចំណែកក្រុមហ៊ុនម៉ាន់នីក្រាមជាក្រុមហ៊ុនដែលឈានមុខជាសកលទូទាត់បែបឌីជីថល ផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីភ្ជាប់ទំនាក់ទំនងពិភពលោក។ ជាមួយនឹងគោលបំណងជំរុញយុទ្ធសាស្ត្រ ដើម្បីកៀរគរចលនាប្រាក់ វប្បធម៌រឹងមាំនៃនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមត្ថភាពផ្តោតលើអតិថិជនឈានមុខគេ ម៉ាន់នីក្រាម បានរីកចម្រើន និងបានផ្តល់សេវាកម្មជូនអតិថិជនជាង១៥០លាននាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ក្រុមហ៊ុនបានប្រើប្រាស់ទម្រង់ API និងទូរស័ព្ទចល័ត និងកិច្ចសហប្រតិបត្តិការជាមួយ១០ក្រុមហ៊ុនលំដាប់ពិភពលោកដែលមានយីហោល្បីៗជាងគេ ដើម្បីបម្រើអតិថិជនតាមបណ្តាញឌីជីថលផ្ទាល់ បណ្តាញប្រតិបត្តិការទូទាំងសកលលោក និងធុរកិច្ចហិរញ្ញវត្ថុរួមបញ្ចូលគ្នា សម្រាប់អតិថិជនសហគ្រាស។ ម៉ាន់នីក្រាមជាក្រុមហ៊ុនឈានមុខដំបូងគេបង្អស់ក្នុងការធ្វើនវានុវត្តន៍ទូទាត់ឆ្លងប្រទេស និងការទូទាត់ដោយប្រើបច្ចេកវិទ្យា Blockchain។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ir.moneygram.com តាមដាន @MoneyGram នៅលើបណ្តាញសង្គម និងស្វែងរកគេហទំព័រ និងម៉ូបាលអ៊ែប តាមរយៈ moneygram.com៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


