ព័ត៌មានជាតិ
ឧកញ៉ា សុខ ហ៊ាង ឱ្យម្ចាស់អាជីវកម្ម ស្វែងយល់ច្បាប់ចំនួន៤ ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់
ឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានលើកឡើងពីសារសំខាន់នៃច្បាប់ចំនួន៤ ដល់ឲ្យអាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នកចូលរួមទាំងអស់ នៅក្នុងខេត្តត្បូងឃ្មុំ គប្បីស្វែងយល់ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់។

ថ្លែងក្នុងសិក្ខាសាលា ស្តីពីការយល់ដឹងពីការធ្វើអាជីវកម្ម របស់សភាពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់ នៅខេត្តត្បូងឃ្មុំថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានបើកសិក្ខាសាលា ស្តីពីការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា លោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ស្ថាប័ននានា ពាណិជ្ជករ អាជីវករ និងអ្នកពាក់ព័ន្ធ ។

នាឱកាសនោះ លោកឧកញ៉ា សុខ ហ៊ាង បានលើកឡើងថា សិក្ខាសាលានេះ បានផ្តល់ឲ្យអាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នកចូលរួមទាំងអស់ នៅក្នុងខេត្តត្បូងឃ្មុំ បានយល់ដឹង អំពីច្បាប់ចំនួន ៤ មានដូចជា ៖ ច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពិកិច្ចការប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និង សេវា នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានា ដែលជាគន្លឹះជំរុញឲ្យការធ្វើអាជីវកម្មមានភាពរឹងមាំ បង្កើតបរិយាកាសអាជីវកម្ម ប្រកបដោយការប្រកួតប្រជែង និងមានភាពស្មោះត្រង់។
ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍គាំទ្រចំពោះការរៀបចំសិក្ខាសាលានេះឡើង ដោយបានផ្តល់ការយល់ដឹង អំពីច្បាប់ពាក់ព័ន្ធ ដើម្បី អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់ ទទួលបានចំណេះបន្ថែមទៀតពីអ្នកជំនាញ ដែលជាវាគ្មិន នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។

មានប្រសាសន៍នាឱកាសនោះផងដែរ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា សិក្ខាសាលានេះ ពិតជាបានផ្តល់នូវចំណេះដឹងបន្ថែមទៀត ព្រោះថាបច្ចុប្បន្នការធ្វើធុរកិច្ចពាណិជ្ជកម្ម មានការផ្លាស់ប្តូរច្រើន ទាមទាឱ្យអាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាសយើង មានការយល់ច្បាស់ និងអនុវត្តទៅតាមគោលការណ៍ ដែលបានចែងក្នុងច្បាប់ ដើម្បីជាធាតុចូលសម្រាប់យើងទាំងអស់គ្នា ក្នុងការធ្វើធុរកិច្ច ។
ឯកឧត្តមក៏បានសំណូមពរ សូមឱ្យក្រុមវាគ្មិន និងសភាពាណិជ្ជកម្មទាំងអស់ ជួយសម្របសម្រួល និងធ្វើការផ្សព្វផ្សាយច្បាប់ទាំង ៤ នេះ ឱ្យកាន់តែផុលផុស ដើម្បីបង្កើនប្រសិទ្ធភាព បរិយាកាសពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕
ដោយ ៖ សាន វិឡែម




-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


