Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ តម្រូវឲ្យម្ចាស់ដេប៉ូខ្សាច់ទាំងអស់ សម្អាតកង់រថយន្ត និងគ្របឲ្យបានត្រឹមត្រូវ

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃទី ៧ ខែសីហា ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងអស់ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ ត្រូវ​សម្អាត​កង់ គ្រប​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​រៀបចំ​កន្លែង​លាង​សម្អាត​កង់​រថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​តម្រូវ​ឲ្យ​ម្ចាស់​ដេប៉ូ​ខ្សាច់​គ្រប់កន្លែង ត្រូវ​រៀបចំ​កន្លែង​លាង​សម្អាត​កង់​រថយន្ត​ដឹក​ខ្សាច់​ឲ្យ​បាន​ត្រឹមត្រូវ និង​គ្រប​ខ្សាច់ មុន​ពេល​ធ្វើ​ចរាចរណ៍​ចេញ​ចូល​ផ្លូវ ស្របតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​អនាម័យ​ ក្នុង​រាជធានី​ភ្នំពេញ។

លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បញ្ជាក់​ថា កន្លងមក មាន​ដេប៉ូ​ខ្សាច់​មួយ​ចំនួន​ដឹកជញ្ជូន​ខ្សាច់​ដោយ​មិន​បាន​គ្រប និង​មិន​បាន​លាង​សម្អាត​ផ្លូវ បណ្ដាល​ឲ្យ​ខ្សាច់​ជ្រុះ និង​ទឹក​ហូរ​ចូល​លើ​ផ្លូវ បង្ក​ឲ្យ​មាន​បញ្ហា​អនាម័យ និង​សោភ័ណភាព​ទីក្រុង។ រដ្ឋបាល​ខណ្ឌ បាន​ព្រមាន​ថា ប្រសិន​បើ​ម្ចាស់​ដេប៉ូ​មិន​អនុវត្ត​តាម​ការ​ណែនាំ នឹង​អនុវត្ត​វិធានការ​ច្បាប់​តាម​នីតិវិធី ហើយ​អាច​ឈាន​ទៅដល់​ការ​បិទ​អាជីវកម្ម​ផង​ដែរ។

សូម​រំលឹក​ផង​ដែរ​ថា កាល​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ លោក ឌន ដា​វុ​ឌ នាយករង​រដ្ឋបាល​ខណ្ឌ បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ដេប៉ូ​ខ្សាច់ ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ ដើម្បី​អនុវត្ត​វិធានការ​អនាម័យ​បរិស្ថាន និង​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ។

ក្នុង​នោះ ដោយ​បាន​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងនោះ តម្រូវ​ឲ្យ​ធ្វើ​កន្លែង​លាង​សំអាត​កង់ឡាន​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ មុន​នឹង​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ ត្រូវ​ប្រើ​តង់​កៅស៊ូ​គ្រប​ឡាន​ដឹក​ខ្សាច់​ឲ្យ​បាន​ជិត​ត្រឹមត្រូវ ​ជៀសវាង​ធ្លាក់​ដីខ្សាច់​លើ​ដង​ផ្លូវ​បណ្តាល​ឲ្យ​ខូច​សោភ័ណភាព សណ្ដាប់ធ្នាប់​សាធារណៈ ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ។ បន្ថែម​នោះ ត្រូវ​លាង​សំអាត​ផ្លូវ​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ​នៅ​ទីតាំង​ដេប៉ូ​ខ្សាច់​រៀងៗ ​ខ្លួន ផង​ដែរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម