Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ៖ កម្មករដែលថៅកែរោងចក្ររត់ចោលជិត៤០០នាក់ បានបើកប្រាក់ឈ្នួលពីក្រសួងការងារ

បានផុស

នៅ

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមល្ងាចថ្ងៃទី២៣ ខែសីហា មានបងប្អូនកម្មករនៅក្រុមហ៊ុន ឃែនធើរេន អឺភែរឹល

ដែលថៅកែរត់ចោលប្រមាណជិត៤០០នាក់ ក្នុងចំណោម៤២០នាក់ បានមកបើកប្រាក់ឈ្មួលនៅអគ្គលេខាធិការដ្ឋានគណៈកម្មាការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញាស្ថិត​នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅថ្ងៃទី២៤ ខែសីហា នេះ ក្រោយកិច្ចប្រជុំប្រាក់ឈ្មួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០២៣ លោក ហេង ​សួរ​ បានបន្តថា ចំពោះ​បងប្អូនកម្មករដែល​នៅមិនទាន់មកទទួលប្រាក់ឈ្មួលប្រហែលជាពួកគាត់នៅមិនទាន់បានយល់ដឹងច្បាស់លាស់ពីការទូទាត់ប្រាក់ឈ្មូលពេលរោងចក្រក្ស័យធន ឬថៅកែរត់ចោល។ ​ក្រសួងនឹងខិតខំពន្យល់​ឱ្យពួកគាត់បានយល់ពីបញ្ហានេះ ព្រោះថាក្រសួងបានអនុវត្តការងារបេះជាច្រើនលើកច្រើនសាររួចមកហើយទៅតាមច្បាប់ស្តីពីការងារ។

លោកបានបន្តទៀតថា ជាធម្មតាពេលដែលថៅកែរត់ចោល ឬរោងចក្រក្ស័យធនកម្មករនិយោជិតទទួលបាន៣ចំណុចក្នុងនោះរួមមានប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក​ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩។

លោក ហេង សួរ បានបញ្ជាក់ថា ចំណែកការទាមទាររបស់កម្មករលើសោហ៊ុយជំងឺចិត្តវិញ លុះត្រាតែកម្ម​ករមួយក្រុមតូចណាមួយត្រុវបានថៅកែរោង​ចក្របញ្ឈប់ពីការងារដោយ​មិនដឹង​មូលហេតុដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ។ប៉ុន្តែករណីថៅកែរត់ចោលឬរោងចក្រក្ស័យធននេះគឺមានការឈាប់ពីការងារទាំងអស់គ្នា។ ដូចនេះ មិនមាននរណាម្នាក់រង​សម្ពាធណាមួយនោះទេ។

លោកបានបញ្ជាក់ថា កម្មករដែលបានមកទទួលប្រាក់ឈ្មួលយើងបានឱ្យទីភ្នាក់ងារមុខរបរ និងការងារធ្វើការទំនាក់ទំនងប្រសិនបើពួកគាត់ចង់ធ្វើការក្រៅពីកម្មករ។ ប៉ុន្តែកម្មករភាគច្រើន​សុទ្ធតែអះអាងថា ពួកគាត់បានទំនាក់ទំនងការងារជាមួយរោងចក្រថ្មីរួចហើយ។

គួរបញ្ជាក់ថា ការបើកប្រាក់ឈ្មួលជូនដល់កម្មករនេះបានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារដោះ​ស្រាយបញ្ហា​និងបើកប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់គ្នា ដោយខ្ចីថវិកាពីរាជរដ្ឋាភិបាលដើម្បីយកទៅបើកប្រាក់ឈ្នួលជូនកម្មករជាមុនសិន ហើយចាត់វិធានការដោះស្រាយ​ជាមួយថៅកែរោងចក្រ​តាមក្រោយ។

សូមរំលឹកថាក្រុមហ៊ុន ឃែនធើរេនអឺភែរឹល ដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតដោយសារក្រុមហ៊ុនក្ស័យធនមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជអានីភ្នំពេញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម