ព័ត៌មានជាតិ
អត្ថន័យ៣យ៉ាងនៃពិធីពូនភ្នំខ្សាច់
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅគ្រប់វត្តអារាមទាំងអស់ តែងតែធ្វើពិធីពូនភ្ជុំខ្សាច់។ តើពិធីនេះមានអត្ថន័យបែបណា នៅក្នុងជំនឿសាសនា?

មានអត្ថន័យ៣យ៉ាង សម្ដែងឲ្យឃើញពី បុព្វហេតុដែលនាំឲ្យមានទំនៀមទម្លាប់ប្រារព្ធពិធីពូនភ្នំខ្សាច់នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬចូលឆ្នាំប្រពៃណីខ្មែរ ជាដើម។
អត្ថន័យទី១ សម្ដែងថា ពិធីពូនភ្នំខ្សាច់ប្រារព្ធឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ ព្រះសម្មាសម្ពុទ្ធដែលតាំងនៅឯស្ថានតាវត្តិង្ស។ មានន័យថា ភ្នំខ្សាច់ដែលគរលើគ្នានោះ ប្រៀបបានដូចជា កូនភ្នំមួយ តំណាងឲ្យព្រះចេតិយដែលមានតម្កល់ព្រះសារីរិកធាតុ (ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ)។
ហេតុនេះ នៅពេលដែលអ្នកបានពូនភ្នំខ្សាច់ហើយនោះ គឺហាក់បីដូចជាអ្នកបានចូលរួមកសាងព្រះចេតិយថ្វាយ ព្រះសម្មាសម្ពុទ្ធ។ ជាលទ្ធផលអ្នកដែលបានពូនភ្នំខ្សាច់នោះ ទទួលបានអានិសង្ឃខ្ពស់បំផុត។ នេះបើតាមទ្រឹស្ដីព្រះពុទ្ធសាសនាបែបខ្មែរ។
អត្ថន័យទី២ មានន័យថា ការធ្វើពិធីពូនភ្នំខ្សាច់ គឺដើម្បីបានរំដោះកម្មពៀរវេរាដែលខ្លួន ធ្លាប់បានសាង ពីមុនមក។ ក្នុងន័យថា ប្រសិនបើអ្នកមានកម្មពៀរដោយហេតុធ្លាប់បានសម្លាប់សត្វ ឬបៀតបៀនអ្នកដទៃពីមុន ឬពីជាតិមុនមកនោះ ប្រសិនបើគេចង់មកចងកម្មពៀរ ឬយកជីវិតអ្នកវិញ តោងត្រូវតែរាប់ចំនួន គ្រាប់ខ្សាច់ ដែលអ្នកបានពូននោះឲ្យអស់សិន ទើបអាចមកយកជីវិតអ្នក ឬមកយកកម្មពៀរពីអ្នកបាន។ បើមិនអាចរាប់ចំនួស គ្រាប់ខ្សាច់នេះឲ្យអស់ទេនោះ មានន័យស្មើនិងអ្នកបានរំដោះកម្មរំដោះពៀរពីសត្វ នោះហើយ។ នេះបើតាមទ្រឹស្ដីព្រហ្មមញ្ញសាសនា។
អត្ថន័យទី៣ មានន័យខុសប្លែកពីទ្រឹស្ដីបែបសាសនាខាងលើនេះ តាមការសង្កេតជាក់ស្តែង នៅតាមវត្តអារាមមួយចំនួន ជាពិសេសនៅទីជនបទ មានការខ្វះខាតខ្សាច់ធ្វើសំណង់អ្វីមួយ គឺព្រះសង្ឃ ឬគណៈកម្មការវត្តអនុញ្ញាតឲ្យមានពិធីពូនភ្នំខ្សាច់នេះឡើង បន្ទាប់មកគេយកខ្សាច់នោះទៅប្រគេនព្រះ សង្ឃសម្រាប់ ដែលត្រូវការវត្ថុធាតុដើមដីខ្សាច់នោះ។
ជាសរុបមក ដូនតារបស់ខ្មែរ តែងតែធ្វើអ្វីមួយ មានអត្ថន័យច្រើនបែបច្រើនយ៉ាង ហើយអត្ថន័យនេះ សុទ្ធតែចុះសម្រុងគ្នា។ ប៉ុន្តែការពិត អត្ថន័យទី១ និងទី២ ត្រូវជាងគេ ហើយបន្ទាប់ពីចប់ពិធីពូនភ្នំខ្សាច់រួច ជាជាងទុកចោលឥតប្រយោជន៍ ព្រះសង្ឃក៏អាចយកដីខ្សាច់នេះ ទៅសាងសង់អ្វីក៏បានដែរឲ្យតែនៅក្នុងបរិវេណវត្ត ឬក្រៅវត្ត តែបំរើផលប្រយោជន៍សាធារណៈ៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


