ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងសាធារណការ ពន្យល់លោក អាចារ្យ អេ ពាក់ព័ន្ធនឹងផ្លូវល្បឿនលឿន
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសំណេរពន្យល់ជូនលោក A JA A-អាចារ្យ អេ ដែលផុសវីដេអូ ប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញើលើផ្លូវល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហើយ!!” ដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់ម្ចាស់វិទ្យុ ABC រូបនេះ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ២៥ ខែកញ្ញា បានសរសេរថា លោកបានមើលហើយ ក៏ហាក់មានការហួសចិត្ត កើតចិត្តគិតថា ប្រជាពលរដ្ឋអាចមានការភាន់ច្រឡំ ជាមួយរូបភាព Cover ចំណងជើង និងខ្លឹមសារវីដេអូ ដែលបានផុសផ្សាយនៅលើហ្វេសប៊ុកលោក អាចារ្យ អេ។ លោក ហ៊ាង សុទ្ធាយុត្តិ ថា លោកក៏ជាអ្នកគោរព អ្នកគាំទ្រនូវការផ្សាយ និងការចូលរួមសង្គមរបស់លោក អាចារ្យ អេ នាពេលកន្លងមក ផងដែរ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេរឲ្យដឹងថា ក្រសួងបានធ្វើការណែនាំហើយថា ល្បឿន 120km/h គឺជាល្បឿនអតិបរមា ឬហៅថាល្បឿនលឿនបំផុត សម្រាប់រថយន្តធុនស្រាលតែប៉ុណ្ណោះ។ ពោល គឺមិនបានកំណត់ថា ត្រូវតែបើកបរមិនឲ្យក្រោម 120km/h អ្វីនោះឡើយ។

ត្រង់នាទី 4:45 លោក AJA A លើកឡើងពីការព្រួយបារម្ភអំពីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន។ ករណីនេះ ក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឲ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ពេលចូលដល់ផ្លូវល្បឿនលឿន តាមផ្លាកសញ្ញាកំណត់ល្បឿន មិនមែនតម្រូវឲ្យបើកយ៉ាងតិច 120km/h គ្រប់ស្ថានភាពនោះឡើយ។ កន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក្រសួងក៏បានដាក់នូវគំនូសរំញ័រ Rumble Stripes ដើម្បីដាស់តឿនដល់អ្នកបើកបរ ផងដែរ។

លោក ហ៊ាង សុទ្ធាយុត្តិ បានសរសេរបញ្ជាក់ថា «យើងខ្ញុំសូមយកឱកាសនេះបញ្ជាក់ទៅ លោក AJA A ក៏ដូចជាគោរពជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា បើទោះជាល្បឿនយឺត និងលឿនបំផុត ត្រូវបានកំណត់ជារួមក៏ពិតមែន ប៉ុន្តែនៅតាមដងផ្លូវ ក៏នៅតែមានដាក់បំពាក់នូវផ្លាកសញ្ញាបញ្ជាក់ល្បឿន កំណត់ទៅតាមទីតាំង និងស្ថានភាពនៃផ្លូវ»។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា នៅត្រង់នាទី 11:20 លោក AJA A មានប្រសាសន៍ថា៖ “ច្បាប់ឲ្យបើកលឿនបំផុត 120km/h មិនខុសច្បាប់ តែខ្មែរយើងជាន់ 130km/h” ក្រសួង ជឿជាក់ថា ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន នឹងចូលរួមប្រកាន់ខ្ជាប់ ការគោរពច្បាប់ដើម្បីសុវត្ថិភាពរបស់ខ្លួន និងអ្នកធ្វើដំណើរតាមដងផ្លូវ តាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។ ប្រសិនបើករណីអ្នកបើកបរ បើកលើសល្បឿនកំណត់នោះ នគរបាលចរាចរណ៍ ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែនាំ ពិន័យអន្តរការណ៍ ព្រមទាំងកាត់ពិន្ទុ ឬឈានទៅដកហូតបណ្ណបើកបរ ដើម្បីឲ្យរៀងចាល។

តារាងខាងក្រោម សេចក្តីសង្ខេបអំពីកម្រិតនៃល្បឿនទាបបំផុត (អប្បរមា) និងលឿនបំផុត (អតិប្បរមា) សម្រាប់ផ្លូវល្បឿនលឿន៖
អប្បរមា អតិបរមា
(យឺតបំផុត) (លឿនបំផុត)
– ល្បឿន 60 – 120km/h រថយន្តគ្រួសារ/ធុនស្រាល
– ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ 500cc/27Kw ឡើងទៅ
– ល្បឿន 60 – 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត
ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឲ្យគោលការណ៍ខាងលើ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន មានភារកិច្ចដឹកនាំការសាងសង់ និងគ្រប់គ្រងការប្រើប្រាស់ផ្លូវល្បឿនលឿន ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះសំណេរចំណងជើងវីដេអូផ្សាយផ្ទាល់ និងរាល់ពាក្យពេចន៍ ដែលបានពិភាក្សាជាសាធារណៈរបស់លោក AJA A។
ជាមួយគ្នានេះដែរ លោក ហ៊ាង សុទ្ធាយុត្តិ ក៏បានថ្លែងការកោតសរសើរ ដល់សហការីរបស់វិទ្យុ ABC ដែលបានបញ្ជាក់ក្នុងពេលផ្សាយ អំពីល្បឿនអប្បរមា (ទាបបំផុត) 60km/h និងល្បឿនអតិបរមា (លឿនបំផុត) 120km/h ជាការក្រើនរម្លឹកដល់លោក អាចារ្យ អេ កុំឲ្យមានការជ្រុលខុសហួសជ្រៅទៅៗ បន្ថែមទៀត។ នៅនាទី 10:20 ក្នុងវីដេអូ លោក AJA A បានទទួលស្គាល់ និងបានពោលថា លោកអាចច្រឡំ ប៉ុន្តែសម្តីសំដៅរបស់លោក ហាក់មិនបានបញ្ជាក់ពីការទទួលស្គាល់ និងមិនបានសម្តែងចេតនាទទួលខុសត្រូវ នៃការផ្សាយក្នុងទម្រង់នេះឡើយ។
ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យសាធារណការ និងដឹកជញ្ជូន រីករាយនឹងទទួលយកនូវរាល់មតិយោបល់ក្នុងន័យស្ថាបនា និងសូមលើកទឹកចិត្តដល់បណ្តាញសារព័ត៌មានរបស់លោក ធ្វើការសហការល្អ ស្វែងរកការបំភ្លឺពី សមត្ថកិច្ចជំនាញ ដូចដែលបានធ្វើនាពេលកន្លងទៅ ដើម្បីជាមូលដ្ឋានព័ត៌មានសព្វជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ជៀសវាងបង្កការភាន់ច្រឡំដល់សាធារណជន ដូចករណីនេះ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ