ព័ត៌មានជាតិ
ក្រសួងអប់រំ បាននិងបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀន ដោយបន្តដំឡើងប្រាក់ខែជូនគ្រូបង្រៀនតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ក្រសួង បាននិងបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀន ដោយបន្តដំឡើងប្រាក់ខែជូនគ្រូបង្រៀន តាមលទ្ធភាពរបស់រាជរដ្ឋាភិបាល។ ការអះអាងនេះ គ្រានៅថ្ងៃទី ៥ ខែតុលានេះ ជាទិវាគ្រូបង្រៀន ហើយបានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង»។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២នេះថា ការប្រារព្ធទិវាគ្រូបង្រៀន និងដោយឡែកទិវាដឹងគុណគ្រូបង្រៀននៅកម្ពុជា ជាទិវាមួយ ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាំងពីឆ្នាំ ១៩៩៧ ហើយមានគោលបំណងបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណី នៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។
លោកបន្តថា គ្រូបង្រៀនបានខិតខំអំណត់ ព្យាយាមក្នុងការបំពេញភារកិច្ច ជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរចំណេះដឹង ព្រមទាំងទូន្មាន សិស្សានុសិស្សឲ្យធ្វើអំពើល្អ ស្គាល់ខុសត្រូវ គោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុម។ គ្រូបង្រៀនបានរួមចំណែកកសាងសិស្សា-នុសិស្សឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកម្លាំងចលករនៃការអភិវឌ្ឍសង្គមជាតិ។
លោក រស់ សុវាចា បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា ផ្តោតលើការលើកកម្ពស់ ជីវភាព និងគុណវុឌ្ឍិរបស់គ្រូបង្រៀន សម្រាប់ចូលរួមចំណែកពង្រឹងគុណភាពអប់រំដូចមានចែង នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឲ្យមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។ ក្នុងបរិការណ៍នេះ គ្រូបង្រៀនបន្តដើរតួនាទីសំខាន់មួយ ក្នុងការលើកកម្ពស់គុណភាពរៀន និងបង្រៀន មុននិងក្នុងបរិបទកូវីដ-១៩។
បើតាមអ្នកនាំពាក្យរូបនេះ គឺក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀន ដោយបន្តដំឡើងប្រាក់ខែជូនគ្រូបង្រៀន តាមលទ្ធភាពរបស់រាជរដ្ឋាភិបាល៖
-ប្រាក់ខែគ្រូបង្រៀននៅឆ្នាំ ២០១៥ គឺចន្លោះជាង ៥សែនរៀល ដល់ ១លាន ២សែនរៀល
-ប្រាក់ខែគ្រូបង្រៀននៅឆ្នាំ ២០២២ គឺចន្លោះ ១លាន ២សែនរៀល ដល់ ២លាន ១សែនរៀល
-សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនមហាជនរួចមកហើយថា ចាប់ពីដើមឆ្នាំ ២០២៣តទៅ ប្រាក់ខែគ្រូបង្រៀន គឺមានចំនួន ១លាន ៥សែនយ៉ាងតិច។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងទៀតថា ក្នុងអាណត្តិទី ៦នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី ១។ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្ដេជ្ញាសម្រេចឲ្យបាននូវមុំទី ១ ស្ដីពី “ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” ដោយផ្ដល់អាទិភាពលើ ១) ការយកចិត្តទុកដាក់លើគ្រូបង្រៀន ២) ការពង្រីកវិសាលភាពសាលារៀនគ្រប់កម្រិត ៣) ការពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយ លើការគ្រប់គ្រងសាលារៀន ៤) ការជំរុញការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ ៥) ការអប់រំបំណិនឲ្យស្របតាមទីផ្សារការងារ ៦) ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និង ៧) ការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣។
ក្នុងនោះដែរ ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ដោយមានកិច្ចសហការវិជ្ជមានជាមួយគ្រប់ភាគីពាក់ព័ន្ធ ដូចជាក្រសួង-ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍តាមមូលដ្ឋាន មាតាបិតា សិស្ស-និស្សិត និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តអនុវត្តន៍ផែនការសកម្មភាព នៃគោលនយោបាយ ស្តីពី គ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការបន្តអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ២០១៨ – ២០២៣។
មុន និងក្នុងបរិការណ៍កូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបន្តលើកកម្ពស់ការបណ្តុះបណ្តាលគ្រូបង្រៀន តាមរយ:ការបន្តអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនដោយ៖
-បន្តអនុវត្ត ផែនការសកម្មភាពកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ
-ជំរុញគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឲ្យបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលឲ្យបានពេញលេញ និងច្បាស់លាស់
-កំណត់អ្នកទទួលខុសត្រូវកម្រិតបច្ចេកទេស ដើម្បីឲ្យមានការទទួលខុសត្រូវរឹតតែច្បាស់លាស់។
-បន្តផ្តល់ការបណ្តុះបណ្តាល ដោយប្រើវិធីសាស្រ្តបង្រៀនថ្មីៗ និងការប្រើបច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការបង្រៀន និងរៀន។ គ្រូបង្រៀន ក៏ទទួលបានវិធីសាស្រ្តបង្រៀនថ្មីៗ រួមមានការរៀនសូត្រសកម្ម ការរៀនបែបស្ថាបនា ការរៀនតាមបែបដោះស្រាយបញ្ហា ការរៀនតាមបែបស្រាវជ្រាវ និងការរៀនតាមបែបរិះរក រួមទាំងបច្ចេកទេសគ្រប់គ្រងថ្នាក់រៀនផ្ទាល់ និងតាមអនឡាញ។
ក្រសួងអប់រំយុវជន និងកីឡា ក៏បានថ្លែងអំណរគុណជូនចំពោះលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញកម្រងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមនសិការស្នេហាជាតិ។ ឧបការគុណនេះជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពមូលធនមនុស្សកម្ពុជា៕
អត្ថបទ៖ ឃួណ សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


