Connect with us

ព័ត៌មានជាតិ

លោក ឆាយ​​ ថន៖ គ្រួសារពលរដ្ឋ ៥ប្រភេទ នឹងត្រូវកំណត់អត្តសញ្ញាណគ្រួសាររងហានិភ័យ

បានផុស

នៅ

លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា គ្រួសារមានជីវភាពរស់នៅក្បែរខ្សែបន្ទាត់នៃភាពក្រីក្រ និងគ្រួសារមានភាពងាយរងគ្រោះមួយចំនួន នឹងត្រូវកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ហើយចុះឈ្មោះក្នុងទិន្នន័យក្រសួងផែនការ។ លោក ឆាយ ថន ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្ដប់គ្រួសារងាយរងហានិភ័យ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

បើតាមលោក ឆាយ ថន គ្រួសារមានភាពងាយរងគ្រោះចំនួន៥ប្រភេទ ដែលនឹងត្រូវកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ហើយត្រូវបានចុះឈ្មោះក្នុងទិន្នន័យក្រសួងផែនការ គឺរួមមាន ១.គ្រួសារមានសមាជិកពិការភាព ២.គ្រួសារមានសមាជិកជាមនុស្សចាស់ជរាចាប់ពីអាយុ ៦០ឆ្នាំឡើង ៣.គ្រួសារមានសមាជិកសុទ្ធតែក្រោមអាយុ ១៨ឆ្នាំ ៤.គ្រួសារមានសមាជិកជាកុមារក្រោមអាយុ ២ឆ្នាំ និង៥.គ្រួសារដែលមានមេគ្រួសារជាស្ត្រី។ លោករដ្ឋមន្ត្រី បញ្ជាក់ថា ការកំណត់អត្តសញ្ញាណគ្រួសាររងហានិភ័យនេះ នឹងត្រូវអនុវត្តដោយក្រុមការងារឃុំ-សង្កាត់ ក្រោមការដឹកនាំដោយក្រសួងផែនការ និងមានការគាំទ្រពីមន្ទីរផែនការរាជធានី-ខេត្តទូទាំងប្រទេស។

លោករដ្ឋមន្ត្រី ឆាយ ថន បានគូសបញ្ជាក់ដែរថា ទិន្នន័យគ្រួសារងាយរងហានិភ័យនេះ គឺនឹងក្លាយជាទិន្នន័យសម្រាប់ការកំណត់ក្រុមគោលដៅទទួលអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងហានិភ័យនៅក្នុងអំឡុងអតិផរណា ដែលបានសម្រេចប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងការងារនេះដែរ រដ្ឋមន្ត្រីក្រសួងផែនការរូបនេះ បានបង្ហាញក្ដីសង្ឃឹមថា ទិន្នន័យដែលប្រមូលបានតាមរយៈការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងផ្ដល់សារប្រយោជន៍ពេញលេញសម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងការកែលម្អនៃកិច្ចអន្តរាគមន៍ផ្សេងៗដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។

គួរជម្រាបថា កាលអំឡុងឆ្នាំ២០២០ ស្ថិតនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសាររងគ្រោះដោយសារជំងឺកូវីដ១៩ ហើយបើគិតមក ដល់ពេលនេះ គឺរាជរដ្ឋាភិបាលបានចំណាយថវិកាជាតិអស់រង្វង់ ៨០០លានដុល្លា ដែលមានប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹងប្រជាពលរដ្ឋប្រមាណ ២លាន ៨សែននាក់ ផងដែរ៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម