ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ស្ត្រីកម្ពុជាប្រមាណ ៦១ភាគរយ គឺជាអ្នកបង្កើត និងគ្រប់គ្រងសហគ្រាសធុនមីក្រូ, តូច និងមធ្យម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានឲ្យដឹងថា ស្ត្រីកម្ពុជាប្រមាណ ៦១ភាគរយ គឺជាអ្នកបង្កើត និងគ្រប់គ្រងសហគ្រាសធុនមីក្រូ, តូច និងមធ្យម ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ និងជំរុញការលើកតម្លើងស្ត្រី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិផងដែរ។

ការឲ្យដឹងខាងលើនេះ នៅគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាបើក កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី ២ (2nd ASEAN WOMEN LEADERS’ SUMMIT 2022) ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន គឺជាតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយមានការចូលរួមដ៏សកម្មរបស់ស្ត្រី។ ក្នុងនោះ សេដ្ឋកិច្ចនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ពឹងផ្អែកខ្លាំងលើសហគ្រាសធុនមីក្រូ, តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។ ជាក់ស្ដែង, ប្រទេសកម្ពុជាមានសហគ្រាសធុនមីក្រូ, តូច និងមធ្យម រហូតដល់ទៅ ៩៨ភាគរយ នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រមាណ ៥៨ភាគរយ និងផ្ដល់ការងារប្រមាណ ៧៣ភាគរយ នៃការងារសរុប។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ក្នុងនោះ ស្ត្រី គឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ ៦១ភាគរយ នៃចំនួនសរុបនៃសហគ្រាសធុនមីក្រូ, តូច និងមធ្យម។ ការណ៍នេះ បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់ និងជំរុញការលើកតម្លើងស្ត្រី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និងគ្រប់កម្រិត»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និងទៅអនាគត, ស្ត្រី នឹងបន្តដើរតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ។ ការណ៍នេះ ទាមទារឲ្យមានការរួមសាមគ្គី និងសហការគ្នា បង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្ត្រី និងការចូលរួមសហការដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ ម្យ៉ាងវិញទៀត, ស្ត្រីភាគច្រើន ចាប់ផ្ដើមលើសលប់មិនទាន់ចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឲ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


