យោងតាមរបាយការណ៍បឋមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួង ត្រូវការគ្រាប់ពូជប្រមាណជាង ៤៨២៤ តោន សម្រាប់ស្តារផលដំណាំដែលរងការខូចខាតដោយទឹកជំនន់នាពេលថ្មីៗនេះ។
របាយការណ៍ដដែលបន្តថា គ្រោះទឹកជំនន់បង្កឲ្យប៉ះពាល់ផលដំណាំជាង ២៥ ម៉ឺនហិកតា នៅរាជធានី-ខេត្តចំនួន ២១ ក្នុងនោះខូចខាតជាង ១០ ម៉ឺនហិកតា។ ចំណោមផលដំណាំជាង ២៥ ម៉ឺនហិកតា ក្នុងនោះដំណាំស្រូវមានចំនួន ២០៦៧៧២.៧០ ហិកតា ខូចខាត ៨៥១២៨.៥៥ ហិកតា អាចស្តារឡើងវិញ ៤៨៤២.៣៦ ហិកតា។ ចំណែកដំណាំរួមផ្សំវិញ ប៉ះពាល់ចំនួន ៤២៦៨.៧២ ហិកតា ខូចខាត ៨៩៣.២២ ហិកតា អាចស្តារឡើងវិញ ៣៧៨ ហិកតា និងដំណាំឧស្សាហកម្មប៉ះពាល់ ៤៩១៧១.៧០ ហិកតា ខូចខាត ២២៦០៦.២០ ហិកតា អាចស្តារឡើងវិញ ២១៣២ ហិកតា ដោយមានប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ១០៧៧៦២ នាក់។
របាយការណ៍ខាងលើបន្តទៀតថា ក្នុងចំណោមរាជធានី-ខេត្ត ២១ ដែលរងផលប៉ះពាល់ ខេត្តត្រូវការគ្រាប់ពូជរួមមាន ៖ ខេត្តកំពង់ធំ ប៉ះពាល់ដំណាំស្រូវ ២៤៩១៨ ហិកតា ក្នុងនោះខូចខាត ១២២៣១ ហិកតា និងអាចស្តារឡើងវិញបានចំនួន ៩៥៩០ ហិកតា ហើយត្រូវការគ្រាប់ពូជដាំដុះឡើងវិញ ៩៥៩ តោន។ ខេត្តបន្ទាយមានជ័យប៉ះពាល់ ៣៧២៣៨ ហិកតា ខូចខាត ៦៥០៣ ហិកតា ស្តារឡើងវិញ ៥៦៤៦ ហិកតា ត្រូវការគ្រាប់ពូជ ៥៦៥ តោន។ ខេត្តសៀមរាបប៉ះពាល់ ៣៧៧៨៥ ហិកតាខូចខាត ១៣០៦៣ ហិកតា ស្តារឡើងវិញ ៣៧៧៤ ត្រូវការគ្រាប់ពូជ ៣៧៧ តោន។ ខេត្តបាត់ដំបងប៉ះពាល់ ៤៣០១២ ហិកតា ខូចខាត ២៣៦៦៨ ហិកតា ស្តារឡើងវិញ ១៨៧១៥ ហិកតា ត្រូវការគ្រាប់ពូជ ១៨៧២ តោន។ ខេត្តក្រចេះប៉ះពាល់ ៣៤៥៩ ហិកតា ខូចខាត ២៧៩៨ ហិកតា ស្តារឡើងវិញ ២៧៨៤ ហិកតា ត្រូវការគ្រាប់ពូជ ២៧៨ តោន។ ខេត្តព្រៃវែងប៉ះពាល់ ៦៥៥០ ហិកតា ខូចខាត ៤៦៣៣ ហិកតា ស្តារឡើងវិញ ៤៣៩៥ ហិកតា ត្រូវការគ្រាប់ពូជ ៤៤០ តោន។ ខេត្តកំពង់ឆ្នាំងប៉ះពាល់ ៨៤៥ ហិកតា ខូចខាត ៤៦ ហិកតា ស្តារឡើងវិញ ៤៦ ហិកតា ត្រូវការគ្រាប់ពូជ ៥ តោន។ ខេត្តកំពង់ស្ពឺប៉ះពាល់ ៣០២ ហិកតា ខូចខាត ៦៣ ហិកតា ស្តារឡើងវិញ ៤៦ ហិកតា ត្រូវការគ្រាប់ពូជ ៥ តោន។ ខេត្តពោធិ៍សាត់ប៉ះពាល់ ១៦៦៣៧ ហិកតា ខូចខាត ៦១៤៧ ហិកតា ស្តារឡើងវិញ ៣១ ហិកតា ត្រូវការគ្រាប់ពូជ ៣ តោន និងខេត្តត្បូងឃ្មុំប៉ះពាល់ ៣៩៩៣ ហិកតា ខូចខាត ៣៧៣៩ ហិកតា ស្តារឡើងវិញ ៣២១៤ ហិកតា ត្រូវការគ្រាប់ពូជ ៣២១ តោន ក្នុងនោះបានផ្តល់រួចហើយចំនួន ៥៦.៥៥ តោន។
ទឹកជំនន់នេះបណ្ដាលឲ្យប៉ះពាល់ដល់ប្រជាជនចំនួន ១១២៧៦០ គ្រួសារ ស្មើនឹង ៥០៧៤២០ នាក់ក្នុងនោះបានជម្លៀសទៅរកទីទួលសុវត្ថិភាព ៤៥៥៦ គ្រួសារ ស្មើនឹង ២០៥០២ នាក់ លិចផ្ទះប្រជាជន ៥១២០០ ខ្នង ខូចខាត ២៨៥ ខ្នង លិចសាលារៀន ៣៣២ សាលា វត្តអារាម ១០២ វត្ត លិចស្រូវ ១៩៣៥៦២ ហិកតា ខូចខាតជាង ៦ ម៉ឺនហិកតា លិចដំណាំរួមផ្សំ ៤៤៣៩៣ ហិកតា និងលិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហមប្រវែង ៦៩ គីឡូម៉ែត្រ ផ្លូវលំប្រវែង ១៤៣៣ គីឡូម៉ែត្រ ប៉ះពាល់ទំនប់ ៤៥ គីឡូម៉ែត្រ និងច្រាំងទន្លេប៉ះពាល់ ២១៤៩ ម៉ែត្រ៕
អត្ថបទ ៖ សំអឿន