Connect with us

ព័ត៌មានជាតិ

ប្រទះឃើញបំណែកព្រះកេសអសុរា នៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ

បានផុស

នៅ

លោក ឡុង កុសល អ្នកនាំពាក្សអាជ្ញាធរជាតិអប្សរា បានឲ្យកម្ពុជាថ្មីដឹងនៅមុននេះថា ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរា ធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំ នាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក ឈូក សុម៉ាឡា ឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរា នេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារក៏បានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ។

លោក ឈូក សុម៉ាឡា បានឲ្ដឹងថា ដំបូងឡើយ ក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៣ ទៅ៤តឹក ក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំង បន្ទាប់មកក្រុមការងារក៏បានយកទៅលាងសម្អាត និងផ្គុំគ្នា ក៏កើតបានទៅជាព្រះកេសអសុរាតែមួយ ដែលមានកម្ពស់៦០សង់ទីម៉ែត្រ ទទឹង៦៥សង់ម៉ែត្រ និងកម្រាស់៥៩សង់ទីម៉ែត្រ។ ព្រះកេសអសុរាធ្វើពីថ្មភក់ ដែលគេប្រទះឃើញនេះ គឺស្ថិតក្នុងរចនាបថបាយ័ន នៃរាជព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀត នៃក្រុងអង្គរធំដែរ។

បច្ចុប្បន្ន ព្រះកេសអសុរានេះ ក្រុមការងារបានសហការជាមួយនគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារសណ្តាប់ធ្នាប់ ព្រមទាំងភ្នាក់ងារទេសចរណ៍ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាត និងជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ហើយក្រុមការងារក៏នឹងសិក្សាដើម្បីស្វែងរកដងខ្លួនដើមនៃចម្លាក់នោះ មុននឹងយកទៅផ្គុំឡើងវិញ។

មន្ត្រីអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា តាមការអះអាងរបស់អ្នកភូមិ កន្លែងដែលគេប្រទះឃើញព្រះកេសអសុរានេះ គឺធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។ បច្ចុប្បន្នតាមការពិនិត្យនៅទីតាំងនោះជាក់ស្តែង ឃើញថាមាននៅសេសសល់បំណែកដៃ ជើង ដងខ្លួននាគ ព្រមទាំងចម្លាក់ទេវតា និងអសុរាទាញព្រ័ត្រជាច្រើនបំណែកទៀតដែលនៅរប៉ាត់រប៉ាយពេញក្នុងបរិវេណនោះ។

សូមបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាមានគម្រោងកែលម្អរទីតាំងខាងលើ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ។ ដូច្នេះការធ្វើកំណាយស្រាវជ្រាវ និងការចុះបញ្ជីបំណែកចម្លាក់ក្នុងទីតាំងនោះ នឹងបន្តធ្វើដើម្បីស្វែងរកបំណែកចម្លាក់ជាច្រើនទៀត ដែលបានបាត់បង់ដើម្បីអាចមានលទ្ធភាពយកទៅដាក់ផ្គុំឡើងវិញនាពេលអនាគត៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣៣ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម