ព័ត៌មានជាតិ
លោក ហ៊ីង ថូរ៉ាក់ស៊ី ចប់បណ្ឌិតសេដ្ឋកិច្ចពីរុស្ស៊ី មុនក្លាយជាមន្ត្រីជាន់ខ្ពស់ទីស្ដីការគណៈរដ្ឋមន្ត្រី
កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៥៧ លោក ហ៊ីង ថូរ៉ាក់ស៊ី មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន លោក ហ៊ីង ថូរ៉ាក់ស៊ី កំពុងកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី ហើយក៏ជាសមាជិកពេញសិទ្ធិក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ដែលមានងារជា «បណ្ឌិតសភាចារ្យ»។

លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី ជាអតីតនិស្សិតកម្ពុជាដែលបានសិក្សានៅសហព័ន្ធរុស្ស៊ី កាលពីកំឡុងទសវត្ស៍ឆ្នាំ ១៩៨០ ក្រោយប្រទេសកម្ពុជាបានរំដោះចេញពីរបបវាលពិឃាតខ្មែរក្រហម។ រយៈពេលសិក្សានៅក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានបញ្ចប់សញ្ញាបត្រកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៅឆ្នាំ១៩៨៦ និងសញ្ញាបត្រ បណ្ឌិត នៅឆ្នាំ១៩៩១ ឯកទេសវិទ្យាសាស្ត្រសេដ្ឋកិច្ច។ និក្ខេបបទរបស់លោក សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺស្រាវជ្រាវលើប្រធានបទ៖ «ការសិក្សាទីផ្សារទំនិញអេឡិចត្រូនិកនៅទីក្រុងលូបេរៀត» និងនិក្ខេបបទថ្នាក់បណ្ឌិត ស្រាវជ្រាវលើប្រធានបទ៖ «ការគ្រប់គ្រងពាណិជ្ជកម្មនៅកម្ពុជា»។

បន្ថែមពីសញ្ញាបត្រខាងលើនេះ លោកបណ្ឌិតសភាចារ្យ ក៏ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយចំនួន ដូចជា៖ វិញ្ញាបនបត្រគណនេយ្យ (ឆ្នាំ១៩៨០) វិញ្ញាបនបត្ររដ្ឋបាល (ឆ្នាំ១៩៨១) វិញ្ញាបនបត្រអ្នកបកប្រែភាសាអង់គ្លេស និងវិញ្ញាបនបត្រកុំព្យូទ័រ (ឆ្នាំ១៩៩៣) វិញ្ញាបនបត្រយូអិនស្តាដ រាជធានីបាងកក ប្រទេសថៃ វិញ្ញាបនបត្រម៉ាក្រូសេដ្ឋកិច្ច និងវិញ្ញាបនបត្រនៃកម្មវិធីភាសាអង់គ្លេសទូទៅ (ឆ្នាំ១៩៩៤)។ ដោយឡែក ភាសាបរទេស លោកបណ្ឌិតសភាចារ្យ ចេះរហូតដល់ ៣ភាសា គឺភាសាបារាំង ភាសាអង់គ្លេស និងភាសារុស្ស៊ី។

បន្ទាប់ពីបញ្ចប់ការសិក្សានៅក្រៅប្រទេស លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានវិលត្រលប់ចូលមាតុភូមិកំណើតវិញ ហើយបានចាប់ផ្ដើមបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី ជាមន្រ្តីបច្ចេកទេសនាយកដ្ឋានពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធនាគារ និងក្រោយមក នៅឆ្នាំ១៩៩៣ ឡើងជាអនុប្រធាននាយកដ្ឋាននៅទីស្ដីការគណៈរដ្ឋមន្ត្រី និងជាលេខាផ្ទាល់របស់លោក គាត ឈន់។ កិច្ចការបន្ទាប់របស់លោក ជាអនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាឧបការីនាយកអង្គភាពបច្ចេកទេសគណៈកម្មាធិការឥណទានសម្រាប់អភិវឌ្ឍន៍ជនបទ និងជាអនុប្រធាននាយកដ្ឋានត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគនៃគណៈកម្មាធិការវិនិយោគកម្ពុជា។ ចន្លោះឆ្នាំ២០០៤ លោក ហ៊ីង ថូរ៉ាក់ស៊ី ធ្វើជានាយករងខុទ្ទកាល័យ និងជាទីប្រឹក្សាផ្ទាល់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងនៅឆ្នាំ ២០០៩ ត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ លោក ត្រូវបានដំឡើងជារដ្ឋលេខាធិការប្រចាំទីស្តីការគណ:រដ្ឋមន្ត្រី ហើយនៅអំឡុងឆ្នាំ២០២០ ក៏ត្រូវបានតែងតាំងមុខតំណែងបន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រហូតទល់បច្ចុប្បន្ននេះ។

ក្រៅអំពីការងាររាជរដ្ឋាភិបាល លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី ក៏ជាសាស្ត្រាចារ្យឧទ្ទេសនាមនៅរាជបណ្ឌិត្យសភាកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល និងធ្លាប់ជាសាស្ត្រាចារ្យនៅតាមបណ្ដាសាកលវិទ្យាល័យនៅកម្ពុជាទាំងរដ្ឋ និងឯកជន។ ជាការកត់សម្គាល់ លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី ក៏បានចូលរួមសរសេរ រៀបរៀង ចងក្រង និងបោះពុម្ភផ្សាយនូវគោលនយោបាយ សៀវភៅ និងឯកសារនានាជាច្រើន ជាពិសេសឯកសារទាក់ទងនឹងវិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ