Connect with us

សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​វង្សី វិស្សុត ​ឱ្យវាយតម្លៃ​សូចនាករ​សេដ្ឋកិច្ច​ម៉ត់ចត់ នៅ​ចំពេល​ស្ថានភាពពិភពលោក ​ស្ថិតក្នុង​ភាព​មិនប្រាកដប្រជា

បានផុស

នៅ

លោក វង្សី វិស្សុត ​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធាន​គណៈកម្មាធិការតាមដាន​ ត្រួតពិនិត្យ​ និង​វាយ​តម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានប្រសាសន៍ថា ​ក្នុងបរិការណ៍​សកល ​និង​តំបន់កំពុងវិវត្តយ៉ាងលឿន និងពោរពេញដោយភាពមិនប្រាកដប្រជា នៅរយៈពេល​ប៉ុន្មានខែដើមឆ្នាំ​ ២០២៦​ តម្រូវឱ្យការតាមដាន និងវាយតម្លៃមានភាពម៉ត់ចត់ ​និងឆ្លុះបញ្ចាំង​ស្ថាន​ភាព​ជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​បានលើកឡើងក្នុងពេល​ដឹកនាំកិច្ចប្រជុំ​អន្តរក្រសួង​កម្រិតថ្នាក់ដឹកនាំ ​ដើម្បីពិនិត្យ ​និងពិភាក្សាចុងក្រោយ​លើសេចក្ដីព្រាង​របាយការណ៍​តាមដាន ​និង​ត្រួតពិនិត្យការ​អនុ​វត្តយុទ្ធ​សាស្ត្រ​បញ្ចកោណ​ ដំណាក់កាលទី១ ឆ្នាំ២០២៥ នៅថ្ងៃទី ១២ ឧសភា ២០២៦។​

​ឧបនាយករដ្ឋមន្ត្រី​ វង្សី វិស្សុត ​បញ្ជាក់ថា ​ទោះបីអត្រាសម្រេច​បាននៃសូចនាករ​ភាគច្រើន​ មាន​កម្រិត​ល្អប្រសើរក៏ដោយ ​ក៏ត្រូវបន្តពិនិត្យឱ្យស៊ីជម្រៅលើគុណភាពនៃលទ្ធផល​ បញ្ហាប្រឈម​នៅពី​ក្រោយសូចនាករ និងកម្រិតវាស់វែងនៃចំណុច​ដៅ ដើម្បីធានាថា ការវាស់វែងមានភាពត្រឹមត្រូវ អាច​ប្រៀបធៀបបាន ​និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តគោលនយោបាយ។​

លោក វង្សី វិស្សុត បានបន្ថែមថា របាយការណ៍ឆ្នាំ២០២៥ ​គឺជារបាយការណ៍លើកទី២ របស់រាជរដ្ឋាភិបាល​ ដែលពិនិត្យលើវឌ្ឍនភាពនៃការសម្រេច​បាននូវសូចនាករ​សមិទ្ធកម្មគន្លឹះ​ចំនួន ៣៩ ដែលមានចរិតជាសូចនាករយុទ្ធសាស្ត្រ និងសូចនាករកែទម្រង់។​

​របាយការណ៍នេះមានសារៈសំខាន់ក្នុងការបូកសរុបសមិទ្ធផល កំណត់បញ្ហាប្រឈម និងដាក់​ចេញទិសដៅអាទិភាព ព្រម​ទាំងវិធានការគោលនយោបាយបន្ថែម ដើម្បីពន្លឿន​ការអនុវត្តក្នុង​រយៈពេល ១ ទៅ ២ ឆ្នាំខាងមុខ សំដៅសម្រេចឱ្យបាន​ជាសារវន្តនូវអ្វីដែលរាជរដ្ឋាភិបាលបាន​សន្យាជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌកម្មវិធីគោលនយោបាយរបស់ខ្លួន។ ​

អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លើវិស័យសំខាន់ៗ រួមមាន កំណើនសេដ្ឋកិច្ច អតិផរណា ភាពក្រីក្រ គ្រោះមហន្តរាយ បរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់សង្គម មុខងារសាធារណៈ ប្រព័ន្ធយុត្តិធម៌ អប់រំ សុខាភិបាល គាំពារសង្គម ការងារ វិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាសធុនតូច និងមធ្យម កសិកម្ម និងការចាប់​យកបច្ចេកវិទ្យាឌីជីថល។​

អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជា កង្វះការសម្របសម្រួល និងកិច្ចសហការរវាងក្រសួង ស្ថាប័ន កង្វះធនធានថវិកាគាំទ្រ កង្វះទិន្នន័យស្ថិតិ និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រី​ដែលនៅមិនទាន់ឆ្លើយតប​ទាំងស្រុងនឹងតម្រូវការការងារ។​

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​បានណែនាំឱ្យអនុសាសន៍ក្នុងរបាយការណ៍មានលក្ខណៈមុតស្រួច ជាក់លាក់ មានពេលវេលាកំណត់ច្បាស់លាស់ និងអាចតាមដានបាន ដោយផ្តោត​លើការរក្សា​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន; ការជំរុញកំណើន ភាពធន់ និងការកែទម្រង់រចនា​សម្ព័ន្ធសេដ្ឋកិច្ច; វិធានការឆ្លើយតបនឹងហានិភ័យអតិផរណា ការងារ ភាពក្រីក្រ និងវិសមភាព​ចំណូល; ការលើកកម្ពស់​ប្រសិទ្ធភាពហិរញ្ញវត្ថុសាធារណៈ; ការកែលម្អគុណភាពអប់រំ សុខាភិបាល និងប្រព័ន្ធគាំពារសង្គម; ការគាំទ្រសហគ្រាសធុនតូច និងមធ្យម; ការកាត់បន្ថយថ្លៃដើម ភស្តុភារកម្ម; ការជំរុញវិស័យ​ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងថាមពល ព្រមទាំងការពន្លឿនឌីជីថលូបនីយកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម