Connect with us

ព័ត៌មានជាតិ

ទិញប៊ីយែរ​មិនឲ្យលុយហើយ​បាញ់គំរាម​អ្នកលក់​ត្រូវសមត្ថកិច្ចឃាត់ខ្លួន​២នាក់

បានផុស

នៅ

ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីកើតជម្លោះជាមួយស្ត្រីម្នាក់ជាអ្នកលក់ដូររហូតដល់មានផ្ទុះអាវុធ១គ្រាប់កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវបេតុងបុរី ជឿន សារិន ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ហើយក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបានបក្ខពួក២នាក់កាលពីវេលាម៉ោង ១២ និង៣០នាទីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនសង្ស័ទាំងពីរម្នាក់ទី១ឈ្មោះ ឈ្មោះ ប៉ាត់ រតនៈ អាយុ ៣៥ ឆ្នាំ ជាងម៉ៅការសំណង់ រស់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ។ ទី២ ឈ្មោះ សាត សុភាព អាយុ៣៧ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅ បុរីជឿន សារិន ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។

ចំណែកបុរសជនដៃដល់រត់គេចខ្លួនបាត់ ឈ្មោះ នួន សូផាត អាយុ៣០ឆ្នាំ ដែលមានទីលំនៅ ផ្ទះកន្លែងកើតហេតុ។ ដោយឡែកជនរងគ្រោះជាដើមបណ្តឹងមានឈ្មោះ ស សាបាន ភេទស្រី អាយុ៦២ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខដេ៩ បុរីជឿន សារិន ទល់មុខផ្ទះជនដៃដល់។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ជនដៃដល់និងបក្ខពួក សរុបគ្នា៣នាក់ បានទៅទិញស្រាបៀABCចំនួន១២កំប៉ុង និងទឹកសុទ្ធមួយយួរ នៅផ្ទះ ជនរងគ្រោះ ក៏ប៉ុន្តែមិនទាន់ឲ្យលុយទេ ជំពាក់សិន យកទៅផឹកសុី។

លុះរហូតដល់វេលាម៉ោង១០និង៤០នាទីយប់ ជនដៃដល់ឈ្មោះ នួន សូផាត បានទៅយកទឹកសុទ្ធមួយយួរទៀត ហើយត្រូវបាន ស្ត្រីរងគ្រោះ សួរ ចំពាក់លុយ កត់ឈ្មោះ អ្នកណា ឬក៏កត់ដាក់ឈ្មោះ នួន សូផាត? គ្រាន់តែអ្នកលក់សួររឿងឈ្មោះអ្នកជម្ពាក់ស្រាប់តែជនដៃដល់ នួន សូផាត ផ្ទុះកំហឹងជេរប្រើពាក្យអសុរសទៅលើជនរងគ្រោះរួចរត់ចូលទៅក្នុងផ្ទះរបស់ខ្លួន ទាញបានអាវុធខ្លីកា៥៩មួយដើម រត់ចេញមកលើផ្លូវបេតុង ស្រែកគំរាមបាញ់សម្លាប់ជនរងគ្រោះចោល លុះដល់បក្ខពួកជាម្ចាស់កាំភ្លើងទាំង២នាក់រត់តាមមកចាប់ ដណ្តើមយកកាំភ្លើងវិញ ផ្តួលសង្កត់ក ប្រតាយប្រតប់ ស្រាប់តែផ្ទុះអាវុធមួយគ្រាប់ ត្រូវចំដៃឆ្វេង របស់ជនដៃដល់បណ្តាលឲ្យរងរបួស ទើបបង្កឲ្យផ្អើលអ្នកភូមិ ធ្វើឲ្យជនទាំង៣នាក់ភ័យស្លន់ស្លោ នាំគ្នារត់គេច ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះទៅ ដល់ទីតាំងកើតហេតុ តែជនសង្ស័យ នាំគ្នាគេចខ្លួនបាត់អស់ ហើយនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលក្រោមបញ្ជាពីលោក វរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ឈៀង ហុកសែ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោកអនុសេនីយ៍ឯក វ៉ង់ សុវណ្ណ នាយរងប៉ុស្តិ៍ពងទឹក កម្លាំងចុះស្រាវជ្រាវ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២២ រហូតដល់វេលាម៉ោង១២ និង៣០នាទីថ្ងៃដដែល កម្លាំងតាមឃាត់ខ្លួនបានបក្ខពួកជនដៃដល់បាន២នាក់ នៅក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ដកហូតបាន៖ អាវុធខ្លី ម៉ាកកា៥៩ ចំនួន២ដើម គ្រាប់១១គ្រាប់, កូនកាំបិតសាំងគីមចំនួន០១ដើម, មួកអង្គរក្ស (BHQ) ចំនួន០១, មួកប៉ារ៉ាចំនួន០១, មួកសុវត្ថិភាពពណ៌ត្រេអ៊ីចំនួន០១, ម៉ូតូម៉ាក PCX ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1HI-3586 ១គ្រឿង, កាបូបដៃពណ៌ខ្មៅចំនួន០១, ប័ណ្ណ ព័ត៌មាន (DPP-NEWS) ឈ្មោះ សាត ភាព ចំនួន០១, ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព អាវុធម៉ាក COLT លេខSN28168E (ថតចម្លង) ចំនួន០១សន្លឹក, កាតចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ឈ្មោះ សាត ភាព ចំនួន០១សន្លឹក, ប័ណ្ណសម្គាល់យានយន្តរថយន្តម៉ាកLexus RX350 ពាក់ស្លាកលេខភ្នំពេញ2BC-6172 (ថតចម្លង) ចំនួន០១សន្លឹក។

ក្រោយពីឃាត់ខ្លួនបានបក្ខពួកជនដៃដល់ទាំង២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវរកជនដៃដល់ កំពុងរត់គេចខ្លួន៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម