ព័ត៌មានជាតិ
ប្រធានាធិបតីអាមេរិក នឹងធ្វើអ្វីទៀតនៅកម្ពុជា ឬទេ ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន?
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) នឹងមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃស្អែក នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាស៊ាន-អាមេរិក។ ក្រៅពីចូលរួមកិច្ចប្រជុំនេះ តើ លោក ចូ បៃឌិន នឹងបំពេញកិច្ចការអ្វីផ្សេងទៀតនៅកម្ពុជា ឬទេ?

“កម្ពុជាថ្មី” បានផ្ញើសារអេឡិចត្រូនិច ទៅ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅរសៀលម្សិលមិញ ដើម្បីជម្រាបសួរពីចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា ក៏ដូចជាព័ត៌មានអំពីកិច្ចការដទៃ ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន អាចនឹងបំពេញនៅស្ថានទូត ឬនៅកម្ពុជា។

តាមការតបសារអេឡិចត្រូនិច មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកបានឱ្យដឹងថា ខ្លួនបានបញ្ជូនសំណួរទៅកាន់ សេតវិមាន ដើម្បីឆ្លើយតប។ មកដល់ពេលរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ កម្ពុជាថ្មី នៅមិនទាន់ទទួលការឆ្លើយសំណួរនៅឡើយ។

តាមការឱ្យដឹងក្រៅផ្លូវការ ពីមន្ត្រីស្ថានទូតអាមេរិក បានប្រាប់ “កម្ពុជាថ្មី” នៅមណ្ឌលព័ត៌មាន កិច្ចប្រជុំអាស៊ាន នៅរសៀលនេះថា ព័ត៌មាននានា ជុំវិញដំណើរទស្សនកិច្ច ឬកិច្ចការនានារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក គឺ សេតវិមាន ទើបមានសិទ្ធិឆ្លើយច្បាស់ជាក់លាក់ ចំណែកស្ថានទូតមិនអាចឆ្លើយបានទេ។

មន្ត្រីស្ថានទូតអាមេរិករូបនោះ បានលើកឡើងថា តាមកម្មវិធីទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃឌិន នៅកម្ពុជា រយៈពេល ២ ថ្ងៃនេះ លោកហាក់ពុំមានកម្មវិធីផ្សេងទៀតនៅកម្ពុជា ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នេះទេ។
គួររំលឹកថា តាមសេចក្ដីថ្លៃការរបស់ សេតវិមាន កាលពីចុងខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងថា លោក ចូ បៃឌិន នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី ១២ និងទី ១៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ នៅកម្ពុជា លោក នឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុង Washington។ លោកនឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ អាមេរិក អាស៊ាន នៅក្នុងការធានាសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងសុខមាលភាព នៃប្រជាជនរបស់យើង ដែលមានចំនួនសរុបមួយពាន់លាននាក់។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានព្រឹត្តិការណ៍សំខាន់ៗដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៥, កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧។ ចំពោះ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នឹងប្រារព្ធនៅ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ៣:២០ នាទី ដល់ម៉ោង ៤:២០ នាទីរសៀល នៅសណ្ឋាគារ សុខា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


