Connect with us

ព័ត៌មានជាតិ

ប្រេសិតពិសេស អ.ស.ប ៖ កម្ពុជា កំពុងដើរលើផ្លូវត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍

បានផុស

នៅ

លោក ជិន ថូដ (Jean Todt) ប្រេសិត​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ (អ​.ស​.ប) បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ ស្របតាម​អភិក្រម​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី ២៤ វិច្ឆិកា លោក ជិន ថូដ បន្ត​ថា លោក​បាន​សង្កេត​ឃើញ​នូវ​ការ​អភិវឌ្ឍ​រីកចម្រើន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​នេះ​ហើយ លោក​សូម​ឯកភាព និង​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​នេះ ដែល​ទាមទារ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​តាមរយៈ​ការអប់រំ ផ្សព្វផ្សាយ យល់ដឹង និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។

លោក​បាន​បន្ត​ថា «ជា​រួម​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ ស្របតាម​អភិក្រម​របស់​អង្គការ​សហប្រជាជាតិ ហើយ ហើយ​លោក​នៅតែ​បន្ត​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការងារ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍​នេះ​ជា​បន្ត​ទៀត រួម​ជាមួយ​នឹង​ដៃគូ​ដទៃ​ទៀត​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ (​អ​.​ស​.​ប​)»។

ជាមួយ​គ្នា​នេះ​ដែរ លោក ក៏​សូម​បន្ត​លើកទឹកចិត្ត និង​ជូន​យោបល់​មួយ​ចំនួន ដើម្បី​ធ្វើ​យ៉ាងណា​រួម​ចំណែក​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នេះ។ ជាពិសេស​ការ​បង្កើន​នូវ​ការ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ ដើម្បី​កាត់បន្ថយ​មធ្យោបាយ​ធ្វើដំណើរ​លើ​ដង​ផ្លូវ ដើម្បី​រួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​នឹង​ការ​កៀរគរ​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ផង​ដែរ ក្នុង​ការ​ចូលរួម​ទទួលខុសត្រូវ​មួយ​ផ្នែក​នៅ​លើ​ការ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ។

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សូម​ថ្លែងអំណរគុណ លោក ជិន ថូដ (Jean Todt) ចំពោះ​មតិយោបល់​របស់​លោក​ក្នុង​ការ​ខិតខំ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។

សម្ដេច​ក្រឡាហោម ក៏បាន​ជម្រាប​ជូន​លោក ជិន ថូដ ថា សម្ដេច កំពុងតែ​ដឹកនាំ​ដើម្បី​ពិនិត្យ និង​កែសម្រួល​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍​នេះ។ សម្ដេច សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​សហប្រជាជាតិ ជាពិសេស គឺ ឯកឧត្ដម​ផ្ទាល់ ដែល​បាន​បន្ត​ផ្ដល់​នូវ​ការ​គាំទ្រ​ចំពោះ​ការងារ និង​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា។

សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា កម្ពុជា ​ខិតខំ​ធ្វើការ​កាត់បន្ថយ​បាន​នូវ​អត្រា​មរណភាព និង​អត្រា​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក៏ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ត្រូវតែ​បន្ត​ខិតខំ​ដោះស្រាយ ដែល​ក្នុង​នោះ​ក៏​មាន​កិច្ចការ​មួយ​ចំនួន​ទៀត​ផង​ដែរ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បន្ត​អភិវឌ្ឍន៍​នូវ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ក៏ដូចជា​ការ​ផ្ដល់ និង​បំពាក់​នូវ​សម្ភារៈ​បច្ចេកទេស​បម្រើ​ដល់​ការងារ​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍ និង​ការងារ​កែលម្អ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​រួមចំណែក ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ដល់​ការងារ​គ្រប់គ្រង​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍។

សម្ដេច​ក្រឡាហោម បាន​បន្ត​ទៀត​ថា ភាគច្រើន នៃ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា គឺ​បង្កឡើង​ដោយ​កត្តា​ធំៗ​មួយ​ចំនួន ដែល​ក្នុង​នោះ ទី១-កត្តា​មនុស្ស និង​ទី២-កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ជាពិសេស​បញ្ហា​បច្ចេកទេស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំពាក់​នូវ​ស្លាក​សញ្ញា​ផ្សេងៗ។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បន្ត​ខិតខំ​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ផង​ដែរ ជាពិសេស​ការ​កសាង​ផ្លូវ​ល្បឿន​លឿន ផ្លូវ​ហាយ​វេ ដែល​មាន​គន្លង​ទៅមក​ច្រើន​, ផ្លូវជាតិ​, ព្រមទាំង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​ទៅតាម​បណ្ដា​ខេត្ត​នីមួយៗ។ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ទាំងនោះ ក៏បាន​រួម​ចំណែក​ដល់​ការសម្រួល​ទៅដល់​ការ​ធ្វើដំណើរ ហើយក៏​បាន​រួម​ចំណែក​ដល់​ការ​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ។

សម្ដេច ក៏បាន​ជម្រាប​ជូន លោក ជិន ថូដ ផង​ដែរ​ថា ដើម្បី​បន្ត​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការងារ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍ នោះ​គឺ​មាន​កិច្ចការ​សំខាន់ៗ​ពីរ ដែល​ត្រូវតែ​បន្ត​ធ្វើ​ទន្ទឹមគ្នា ទី១ គឺ​ការ​ពង្រឹង និង​ការ​អនុវត្ត​ច្បាប់ ហើយ​ទី​២ គឺ​ការ​បន្ត​លើក​កម្ពស់​ការ​យល់ដឹង​ស្មារតី​គោរព​ច្បាប់​របស់​ប្រជាជន ដើម្បី​រួមគ្នា​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នេះ​បាន​ជា​អតិបរមា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម