ព័ត៌មានជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ក្រោមមូលបទ “ការផ្លាស់ប្ដូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០” ដើម្បីចូលរួមស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។

ថ្លែងបើកសន្និសិទនាឱកាសនោះ លោករដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍ថា សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុច្ឆន្ទៈ និងការយល់ដឹងពីគ្នាទៅវិញទៅមក ដែលជាតម្រូវការចាំបាច់សម្រាប់ការបង្កើត និងការអភិវឌ្ឍស្តង់ដារមូលដ្ឋានវិជ្ជាជីវៈវិស្វកម្មអាស៊ានជាជំហានឆ្ពោះទៅកាន់ការធ្វើចល័តភាពវិស្វករក្នុងតំបន់អាស៊ាន ស្របតាមផែនការមេអាស៊ានឆ្នាំ២០២៥ និងស្មារតីស្នូលរបស់អាស៊ានគឺ “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ”។

លោកប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងាររបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ានដែលបានរួមចំណែកក្នុងការពង្រឹងគុណភាព សមត្ថភាពវិជ្ជាជីវៈវិស្វកម្មគ្រប់ជំនាញ និងពង្រីកធនធានមនុស្សឱ្យស្របតាមតម្រូវការក្នុងតំបន់អាស៊ាននាពេលបច្ចុប្បន្ន និងអនាគត ធានាឱ្យការប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មក្នុងតំបន់អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ដោយពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើវិស័យវិស្វកម្មថ្នាក់ជាតិនិងអន្តរជាតិនិងការទទួលស្គាល់គុណភាពអប់រំវិស្វកម្មដើម្បីទទួលបានគោរម្យងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ត្រីបានបន្តថា វិស្វករជាស្ពានតភ្ជាប់រវាងបច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ជាមួយការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌។ ធនធានបញ្ញវន្តក្នុងវិស័យវិស្វកម្មពិតជាមានសារៈសំខាន់មិនអាចខ្វះបាន នៅពេលដែលសន្ទុះនៃការអភិវឌ្ឍកាន់តែខ្លាំង ធ្វើឱ្យសេវាវិស្វកម្មគ្រប់មុខជំនាញក៏កាន់តែមានតម្រូវការខ្ពស់ផងដែរ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី
បានសំណូមពរឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ឱ្យមានស្តង់ដារប្រហាក់ប្រហែលគ្នាមួយដើម្បីឱ្យវិស្វករដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ នៃប្រទេសក្នុងតំបន់មានការទទួលស្គាល់គ្នាទៅវិញទៅមកស្របទៅនឹងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មវិស្វកម្មអាស៊ានដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លើសពីនេះទៅទៀត ដើម្បីពន្លឿនការផ្លាស់ប្តូរអាស៊ានទៅកាន់ឧស្សាហកម្ម ៤.០ ដោយផ្តោតពិសេសលើការចាប់ផ្តើមអាជីវកម្មសហគ្រាសធុនតូច និងមធ្យមទីក្រុងឆ្លាតវៃ និងការអប់រំវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានទាំងអស់ផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួនដូចជា ទី១-សិក្សាពីលទ្ធភាពនៃការបង្កើតយន្តការថ្មីៗ និងបង្កើតជាវេទិកាបើកចំហដើម្បីគាំទ្រដល់រដ្ឋាភិបាលលើវិស័យអប់រំ និងឧស្សាហកម្ម រួមទាំងការលើកកម្ពស់ការតភ្ជាប់ខ្សែសង្វាក់ឌីជីថល។
ទី២-ចែករំលែកព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អបំផុតលើការបង្កើត និងអនុវត្តគោលនយោបាយលើកកម្ពស់ឧស្សាហកម្ម ៤.០។
ទី៣-រៀបចំជាយុទ្ធសាស្ត្របង្រួបបង្រួមអាស៊ាន ស្តីពីការវិវឌ្ឍឧស្សាហកម្ម ៤.០ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យា។
ទី៤-ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្តក្នុងការគាំទ្រការផ្លាស់ប្តូរឧស្សហកម្មអាស៊ាន ទៅឧស្សហកម្ម ៤.០ តាមរយៈកិច្ចសន្ទនាសាធារណ: និងឯកជនជាមួយនិងការសហការជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ក្នុងគោលដៅសម្របសម្រួលការអនុលោម និងការបញ្ជាក់ស្តង់ដារឌីជីថលសម្របសម្រួលលំហូរទិន្នន័យឆ្លងដែន និងអភិវឌ្ឍវេទិការួមមួយលើតំណភ្ជាប់ស្ថិតិឧស្សាហកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ទី៥-ចូលរួមដោះស្រាយបញ្ហាប្រឈមដែលនឹងកើតមានឡើងពីការរីកចម្រើននូវឧស្សាហកម្ម ៤.០ ក្នុងអាស៊ាន
និងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបនូវបញ្ហាប្រឈមទាំងនោះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ