ព័ត៌មានជាតិ
យុវជន៣រូប បានក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែន ក្នុងយុទ្ធនាការក្មេងស្រីមានឱកាសស្មើគ្នា
យុវជន៣រូប ដែលមកពីខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង ដែលស្ថិតនៅតំបន់ប្រតិបត្តិការរបស់អង្គការភ្លែនអន្តរជាតិ បានក្លាយជាទូតសុឆន្ទៈ ក្នុងយុទ្ធនាការក្មេងស្រីមានឱកាសស្មើគ្នារបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ក្រោយពីត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ តាមរយៈប្រព័ន្ធ ហ្សូម (Zoom Meeting)។

សម្រាប់ការជ្រើសរើស យុវជនទាំង៣នាក់ ជាទូតសុឆន្ទៈក្នុងយុទ្ធនាការនេះគឺ មានគោលបំណងធានាថា ក្មេងស្រី និងស្ត្រីវ័យក្មេង មានអំណាច និងមានការសម្រេចចិត្ត ក៏ដូចជាការរៀបចំផែនការជីវិតដោយខ្លួនឯងបាន។ ទូតសុឆន្ទៈទាំង៣រូប ដែលមកពីខេត្តផ្សេងៗគ្នា មានឈ្មោះ កញ្ញា ពៅ ស្រីណូ កញ្ញា លេខ ការី និង លោក ហេន សុភាព។
លោក យី គីមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា យុវជនទាំង៣រូបនេះ គឺជាយុវជនដែលមានភាពសកម្មនៅក្នុងសហគមន៍របស់ពួកគេ ហើយក៏ត្រូវបានឆ្លងកាត់ការជ្រើសរើស តាំងពីខែកក្កដា ឆ្នាំ២០២២មកម្ល៉េះ។ នៅក្នុងដំណាក់កាលជ្រើសរើស ពួកគេទាំងបីបានបង្ហាញយ៉ាងមោះមុតពីសក្តានុពលរបស់ពួកគេ ព្រមទាំងភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តសម្រាប់លើកកម្ពស់សមភាពក្មេងស្រី និងស្ត្រី នៅក្នុងយុទ្ធនាការនេះ។

លោក យី គីមថាន បានថ្លែងថា៖ “ការចូលរួមរបស់យុវជនក្នុងនាមជាទូតសុឆន្ទៈ យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នានឹងបន្ថែមគុណតម្លៃនៃការចូលរួមរបស់យុវជននៅក្នុងការងាររបស់យើង ហើយនាំមកនូវគំនិត និងវិធីសាស្រ្តថ្មីៗ ដើម្បីឈានទៅដល់គោលដៅរបស់យើងដែលផ្តល់ប្រយោជន៍ដល់ក្មេងស្រី និងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅកម្ពុជា ដើម្បីឱ្យពួកគេបំពេញសិទ្ធិ និងសម្រេចបានសក្តានុពលពេញលេញរបស់ពួកគេ”។
ជាមួយគ្នានេះ កញ្ញា ពៅ ស្រីណូ ទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា មកពីខេត្តសៀមរាប លើកឡើងថា កញ្ញាមានមហិច្ឆតាតាំងពីតូចមកម្ល៉េះ ដើម្បីចង់បំបែករបាំងនៃវិសមភាពយេនឌ័រ និងឧបសគ្គដែលរារាំងក្មេងស្រីក្នុងការសម្រេចចិត្តនានា។

កញ្ញា ពៅ ស្រីណូ បាននិយាយថា៖ “យើងនឹងមិនឈប់ទេ លុះណាតែស្ត្រី និងក្មេងស្រីទទួលបានសិទ្ធិពេញលេញ”។
រីឯទូតសុឆន្ទៈមួយរូបទៀត មកពីខេត្តរតនគិរី កញ្ញា លេខ ការី ក៏បានបំផុសនូវគំនិត និងការប្តេជ្ញាចិត្តរបស់ខ្លួន ថែមទាំងបានផ្តល់កម្លាំងចិត្តដល់ក្មេងស្រី និងស្ត្រី ហ៊ានក្រោកឈរ ហ៊ានបង្កើតក្តីស្រម៉ៃ និងទាមទារសិទ្ធិដែលពួកគេគួរទទួលបាន។

កញ្ញា លេខ ការី បានលើកឡើងថា៖ “ខ្ញុំប្ដេជ្ញាចិត្តថានឹងខិតខំរៀនសូត្រ និងប្រើប្រាស់នូវសមត្ថភាព និងសម្លេងរបស់ខ្ញុំ ដើម្បីលើកទឹកចិត្ត និងគោរពសិទ្ធិដល់ស្រ្ដី និងក្មេងស្រី ដើម្បីឱ្យក្ដីស្រមៃជាអ្នកដឹកនាំ របស់ពួកគេ ក្លាយជាពិត។ ខ្ញុំមិនទទួលយក និងប្រឆាំងយ៉ាងដាច់ខាតរាល់អំពើហិង្សាគ្រប់ទម្រង់ទៅលើស្ត្រី និងក្មេងស្រី”។
សូមជម្រាបថា យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា មានគោលបំណងធានាថា កុមារី និងស្ត្រីវ័យក្មេងមានអំណាចលើជីវិតផ្ទាល់ខ្លួន ការសម្រេចចិត្ត និងអាចរៀបចំពិភពលោកជុំវិញខ្លួនពួកគេ។ នៅក្នុងប្រទេសកម្ពុជា យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា បានដំណើរការយ៉ាងសកម្មតាំងពីឆ្នាំ២០១៨តាមរយៈសកម្មភាពជាច្រើនដូចជាយុទ្ធនាការ #FREETOBEONLINE ការប្រារព្ធទិវាក្មេងស្រីអន្តរជាតិ និងគំនិតផ្តួចផ្តើមក្មេងស្រីកាន់តួនាទីជំនួស។
គួររំលឹកថា អង្គការភ្លែនអន្តរជាតិកម្ពុជាបានចាប់ផ្តើមបេសកកម្មរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០០២មកម្ល៉េះ គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ អង្គការនេះបាន ខិតខំប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មមួយដោយធ្វើការរួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូផ្សេងទៀត។ ជាមួយនឹងបទពិសោធនជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុស រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងការអភិវឌ្ឍរបស់ពួកគេ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ