ព័ត៌មានជាតិ
មន្ទីរអប់រំនឹងចាត់មន្ត្រីឃ្លាំមើលតាមសាលានៅរាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំចិន
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០
មករានេះថា មន្ទីរអប់រំនឹងបង្កើតក្រុមការងារមួយទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សាដើម្បីតាមឃ្លាំមើលនៅតាមសាលារៀននានានៅក្នុងរាជធានីភ្នំពេញនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។

លោកបានបន្តថា ការបង្កើតក្រុមការងារចុះឃ្លាំមើលតាមសាលារៀននេះ គឺដើម្បីធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យមានសាលាណាមួយត្រូវបិទទ្វារដោយសារមិនមានសិស្សមករៀននៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះទេ។ លោកបានបន្តទៀតថា ក្រៅពីនេះមន្ទីរបានណែនាំដល់លោកនាយកសាលាត្រូវរាយការណ៍ពីវត្តមានគ្រូ និងសិស្សក្នុង១ថ្ងៃ២លើកដោយ លើកទី១នៅពេលព្រឹក និងលើកទី២នៅពេលរសៀល ដើម្បីដឹងថាតើមានគ្រូ និងសិស្សប៉ុន្មាននាក់អវត្តមាននៅក្នុងបុណ្យចូលឆ្នាំចិន។
លោកបានបន្ថែមថា «រឿងបុណ្យចូលឆ្នាំចិននេះដូចឆ្នាំមុនៗដែរ យើងបានណែនាំដល់នាយកសាលារួចហើយដោយឱ្យសាលានីមួយៗធ្វើការប្រជុំផ្សព្វផ្សាយដល់សិស្ស និងគ្រូឱ្យបានយល់ច្បាស់ថា បុណ្យចូលឆ្នាំចិននេះមិនមែនជាថ្ងៃឈប់ សម្រាករបស់ខ្មែរយើងទេ។ ដូចនេះត្រូវមកបង្រៀន និងរៀនដូចថ្ងៃធម្មតា មិនមានការឈប់សម្រាកឡើយ ហើយផ្តល់របាយការណ៍២ដងក្នុង១ថ្ងៃ គឺព្រឹកម្តង និងថ្ងៃម្តងពីវត្តមានគ្រូនិងសិស្ស»។

យ៉ាងណាក៏ដោយលោក ហែម ស៊ីណារ៉េត ទទួលស្គាល់ថា បើទោះបីជាមន្ទីរបានពង្រឹងវត្តមាន និងដាក់មន្ត្រីតាមឃ្លាំ មើកតាមសាលាក៏ដោយ ក៏មិនសង្ឃឹមថា សិស្សនិងគ្រូមករៀននិងបង្រៀនបានច្រើនដូចថ្ងៃធម្មតានោះដែរ តែយ៉ាងហោចណាស់ឱ្យបានចំនួនពី៧០ទៅ៨០ភាគរយដែរពោលធ្វើយ៉ាងណាកុំឱ្យមានការបិទទ្វារសាលា។
លោកប្រធានមន្ទីរបានកត់សម្គាល់ថា សាលាដែលមានសិស្សអវត្តមាននៅក្នុងពិធីបុណ្យចូលឆ្នាំចិនភាគច្រើនសាលានៅកណ្តាលក្រុងដោយសារពួកគាត់មានជាប់ខ្សែស្រឡាយចិនត្រូវក្រុមគ្រួសារនាំទៅដើរកំសាន្តនៅតាមខេត្តនានា និងខ្លះទៀតមិនមានជាប់ខ្សែស្រឡាយចិនតែឈប់តាមគេដែរ។ ចំណែកសាលានៅតាមជាយក្រុងវិញមិនសូវមានសិស្សអវត្តមានទេ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានណែនាំដល់មាតាបិតាមិនត្រូវរៀបចំកម្មវិធីគ្រួសារប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតាឡើយ ព្រោះថាបុណ្យចូលឆ្នាំចិនមិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២៣នោះទេ។ លោកបានបន្តថា ចំណែកបុគ្គលិកអប់រំត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួនឱ្យមានដំណើការជាប្រក្រតីផងដែរ។

លោក រស់ សុវាចា បានបន្ថែមទៀតថា ការជំរុញនេះគឺដើម្បីឲ្យសិស្សនិងគ្រូមករៀននិងបង្រៀនបានពេញលេញនិងទាន់កម្មវិធីសិក្សាព្រោះថា ពិធីបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាករបស់បុណ្យជាតិនោះទេ។ លោកសង្ឃឹមថា អាណាព្យាបាលមាតាបិតាសិស្សនឹងនាំកូនៗរបស់ខ្លួនមករៀនឲ្យបានគ្រប់ៗគ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនវៀតណាមដើម្បីកុំឲ្យពួកគេខាតការសិក្សាឬរៀនមិនទាន់គេជាដើម។
គួរបញ្ជាក់ថា ពិធីបុណ្យសែនចិនឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និងបុណ្យចូលឆ្នាំចិននឹងប្រព្រឹត្តិរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ទី២៣ និងទី២៤ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕
សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់