Connect with us

ព័ត៌មានជាតិ

លោកស្រី ជា សិរី រំពឹងថា កម្ពុជា នឹងចូលជាសមាជិក​ប្រព័ន្ធទូទាត់អន្តរធនាគារចិន​ឆាប់ៗនេះ

បានផុស

នៅ

តាមរយៈជំនួបទ្វេភាគីរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិននៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ​នឹងជួយពន្លឿននីតិវិធីដើម្បីឱ្យកម្ពុជា ចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន (CIPS)។ នេះជាការលើក​ឡើងរបស់លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា កាលពី​រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពន្យល់ពីលទ្ធភាពដែលកម្ពុជា អាចចូលជាសមាជិក CIPS និងអត្ថ​ប្រយោជន៍​ដែលទទួលពីភាពជាសមាជិករបស់ប្រព័ន្ធនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ជា សិរី បានបង្ហាញសុទិដ្ឋិនិយមថា ដំណើរការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS នឹងវិវត្តជាវិជ្ជមាន ដោយសារការយល់ដឹងពីលក្ខណ្ឌជាសមាជិក CIPS និងភាពអំណោយផល ពីជំនួបទ្វេភាគីរបស់ប្រមុខរដ្ឋាភិបាល​នៃប្រទេសកម្ពុជា និងចិននាពេលថ្មីៗនេះ។ 

លោកស្រី មានប្រសាសន៍ថា៖ «ធនាគារជាតិនៃកម្ពុជា បានសិក្សាលម្អិត ពីតម្រូវការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS តាំងពីប្រព័ន្ធនេះបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៥មក អ៊ីចឹងធនាគារជាតិបានដឹងថាតើគេត្រូវការអ្វីខ្លះ ដែលមិនមែនជារឿងថ្មីទេសម្រាប់យើង។ ទីពីរថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរបានជជែកគ្នា ហើយក៏បានឯកភាពគ្នា​ជាគោលការណ៍រួចទៅហើយ។ ការណ៍នេះសង្ឃឹមថានឹងជួយពន្លឿននីតិវិធីដើម្បីឱ្យកម្ពុជាចូលជាសមាជិក CIPS ឆាប់ៗ»។ 

លោកស្រី ជា សិរី បានបន្តថា ការចូលជាសមាជិក CIPS នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់កម្ពុជាដូចជា ផ្តល់ជាជម្រើសបន្ថែមក្នុងការទូទាត់ទៅកាន់ពិភពលោកនិងតំបន់ ។ សម្រួល និងជំរុញពាណិជ្ជកម្មការវិនិយោគ និងទេសចរ ជាពិសេសពាណិជ្ជកម្មទ្វេភាគីជាមួយ ប្រទេសចិននិងប្រទេសទទួលការទូទាត់ជាប្រាក់យ៉ន់ និងសម្រួល​ការវិនិយោគទុនបម្រុងអន្តរជាតិ របស់កម្ពុជាជាប្រាក់យ៉ន់។

លោកស្រី ជា សិរី បានបន្តទៀតថា«មិនប្រាកដថា រាល់ប្រតិបត្តិការតាម CIPS មានតម្លៃទាបជាងប្រព័ន្ធទូទាត់​ថ្នាក់អន្តរជាតិ( SWIFT)ហើយក៏មិនប្រាកដថារាល់ប្រតិបត្តិការតាម SWIFT មានតម្លៃទាបជាង CIPS ទេ។ ដូច្នេះកាលណាមានពីរជម្រើស យើងចំណេញ។ អ៊ីចឹងខាងណាចំណាយទាបជាង ខាងណាអាចឱ្យយើងចំណេញជាង យើងទូទាត់តាមខាងនោះ»។

គួរបញ្ជាក់ថា CIPS ប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិដូចទៅនឹងប្រព័ន្ធSWIFT ដែរ គឺផ្ដល់នូវសេវាផាត់ទាត់ និងទូទាត់​សម្រាប់​សមាជិកដើម្បីទូទាត់ឆ្លងដែនជាប្រាក់យ៉ន់ចិន ដែលបច្ចុប្បន្ន CIPS មានសមាជិកផ្ទាល់ចំនួន ៧៦និងសមាជិក​ប្រយោលចំនួន ១២៦៥គ្រឹះស្ថាន ដែលក្នុងនោះ មកពីតំបន់អាស៊ីចំនួន៩៦៥ ទ្វីបអឺរ៉ុបចំនួន១៨៥ ទ្វីបអាហ្វ្រិក៤៦ អាមេរិក​ខាង​ជើង ២៩ ទ្វីបអូសេអានី ២៣ និងអាមេរិកខាងត្បូង១៧ដែលមកពី១០៦ប្រទេស៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម