ព័ត៌មានជាតិ
“Trash is Nice” ប្រមូលកាកសំណល់ប្លាស្ទិកទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ
មជ្ឈមណ្ឌលកែច្នៃប្លាស្ទិកឡើងវិញ “Trash is Nice” បានប្រមូលកាកសំណល់ប្លាស្ទិក និងកែច្នៃប្លាស្ទិកទាំងនោះទៅតាមប្រភេទនីមួយៗជាសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីចូលរួមកាត់បន្ថយប្លាស្ទិក និងការពារបរិស្ថាន។


មជ្ឈមណ្ឌលកែច្នៃប្លាស្ទិកឡើងវិញ“Trash is Nice” បានឱ្យដឹងថា មជ្ឈមណ្ឌលមួយនេះ បានដើរប្រមូលកាកសំណល់ប្លាស្ទិកដែលលែងត្រូវការ ប្លាស្ទិកនៅតាមរោងចក្រ និងប្លាស្ទិកផ្សេងៗដែលមនុស្សប្រើប្រាស់ មុននឹងប្លាស្ទិកទាំងនោះត្រូវបានយកទៅចាក់នៅគំនរសំរាម ដើម្បីកែច្នៃជាវត្ថុប្រើប្រាស់ផ្សេងៗ។ សម្ភារៈប្រើប្រាស់ដែលបានកែច្នៃរួចមានដូចជា ក្រាសសិតសក់ បន្តោងសោ ប្រដាប់ដាក់សាប៊ូ ទ្រនាប់កែវទឹក ផើងផ្កាជាដើម។ ពណ៌នីមួយៗដែលមាននៅក្នុងសម្ភារៈទាំងអស់នោះ គឺបានមកពីការលាយបញ្ចូលគ្នារវាងពណ៌នៃប្លាស្ទិកទាំងអស់ ដោយមិនមានបន្ថែមពណ៌អ្វីទៀតឡើយ។ នៅពេលដែលចេញជារូបរាងអាចប្រើប្រាស់បាន គឺយកទៅលក់នៅតាមទីផ្សារផលិតផលខ្មែរ លក់តាមការតាំងពិព័រណ៌ ឬ អង្គការផ្សេងៗ។ សម្ភារៈទាំងនោះ មានដាក់លក់ចាប់ពីតម្លៃ ២ដុល្លារ ទៅ៨ដុល្លារ។

កញ្ញា Alix ដែលជាស្ថាបនិករបស់មជ្ឈមណ្ឌល “Trash is Nice” ប្រាប់មក “កម្ពុជាថ្មី”ថា មជ្ឈមណ្ឌលមួយនេះមានវត្តមាននៅកម្ពុជាជាង ៥ឆ្នាំមកហើយ ចំពោះទីតាំងនៅភ្នំពេញមានប្រហែលជាង១ឆ្នាំហើយនៅក្នុងសួន Treellion Park កោះពេជ្រ។ “Trash is Nice” ត្រូវបានបង្កើតឡើងដោយមានគោលបំណង២ គឺទី១ ដើរប្រមូលប្លាស្ទិក និងកែច្នៃប្លាស្ទិកទាំងនោះឡើងវិញ។ ទី២ គឺការពារបរិស្ថានដោយខិតខំព្យាយាមផ្សព្វផ្សាយអំពីសំណល់ប្លាស្ទិកទៅដល់ក្មេងៗ ប្រជាជនទូទៅ អង្គការនានា ដោយខាង “Trash is Nice” មានជាសៀវភៅសម្រាប់ណែនាំអំពីប្លាស្ទិក និងដំណើរការនៃការផលិតផលិតផលចេញពីប្លាស្ទិករបស់ “Trash is Nice” ផងដែរ។


កញ្ញា Alix បានបន្តថា កាកសំណល់ប្លាស្ទិកដែលបានមក គឺត្រូវរើសដាក់ផ្សេងៗគ្នា ដោយបានបែងចែកតាមប្រភេទនីមួយៗបន្ទាប់មកយកទៅលាងសម្អាត។ បន្ទាប់មកយកប្លាស្ទិកទាំងនោះទៅឈូសជាចំណែកៗ ហើយក៏ដាក់ទៅតាមប្រភេទពណ៌នីមួយៗ។ ក្រោយទៀត ក្នុងដំណាក់កាលកែច្នៃ គឺរំលាយប្លាស្ទិកទាំងនោះដោយម៉ាស៊ីនកំដៅ រួចចាប់ផ្តើមលាយពណ៌ផ្សេងៗតាមការចង់បាន ហើយចាក់ចូលក្នុងពុម្ព។ ចុងក្រោយសង្កាត់វា ទើបចេញជាសមិទ្ធផលវត្ថុប្រើប្រាស់នានាយ៉ាងស្រស់ស្អាត។

ស្ថាបនិករូបនេះ បាននិយាយថា៖ “យើងក៏មានបើកជាសិក្ខាសាលាដល់សិស្ស ឬ មហាជនដែលចង់ស្វែងយល់ពីប្លាស្ទិក និងពីរបៀបកែច្នៃឡើងវិញ”។

រយៈពេល៥ឆ្នាំនៅកម្ពុជា ជាលទ្ធផលឃើញថា ប្រជាជនមានការយល់ដឹងច្រើនពីការប្រើប្រាស់ឡើងវិញរបស់ប្លាស្ទិក បើប្រៀបធៀបនឹង៥ឆ្នាំមុន។ មនុស្ស បានបង្កើតយុទ្ធនាការនានាកាន់តែច្រើនឡើងៗ ដើម្បីការពារបរិស្ថាន និងការប្រើប្រាស់ប្លាស្ទិកនេះ។ នេះបើតាមការលើកឡើងរបស់កញ្ញា Alix។

កញ្ញាក៏បានផ្តាំផ្ញើរបស់ប្រជាជនគ្រប់រូប គួរកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមអ្វីដែលអាចធ្វើទៅបាន។ ទោះបីជាការកែច្នៃប្លាស្ទិកឡើងវិញ ជាមធ្យោបាយមួយក្នុងចំណោមដំណោះស្រាយផ្សាយទៀត ប៉ុន្តែ ក៏ត្រូវការពេលវេលាច្រើន ដើម្បីធ្វើវាផងដែរ។ អង្គការផ្សេងៗ ក៏បានបើកសិក្ខាសាលានិយាយពីបញ្ហានេះច្រើន ដូច្នេះ ប្រសិនបើយើងទាំងអស់គ្នារួមគ្នាការពារបរិស្ថានដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នោះ គឺជារឿងប្រសើរបំផុត។


យ៉ាងណាមិញ ជាការឆ្លើយតបជុំវិញនឹងបញ្ហានេះ ក្រសួង និងអង្គការពាក់ពាក់ព័ន្ធបានបង្កើតជាយុទ្ធនាការ សិក្ខាសាលា និងគម្រោងជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយពីការប្រើប្រាស់ និងកាត់បន្ថយប្លាស្ទិកទៅដល់សាធារណជន ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា និងទូទាំងសកលលោកផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


