Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ដឹកជញ្ជូន​សំរាម មី​ហ្ស៊ី​ដា គ្រុប ចង់​វិនិយោគ​កែច្នៃ ដុត​សំរាម​ទៅជា​អគ្គិសនី

បានផុស

នៅ

ភ្នំពេញ​ ៖ អគ្គនាយក​ក្រុមហ៊ុន មី​ហ្ស៊ី​ដា គ្រុប ចង់​វិនិយោគ​កែច្នៃ ដុត​សំរាម​ទៅជា​អគ្គិសនី បន្ថែម​ពីលើ​ការងារ​ដែល​ក្រុមហ៊ុន​បាននឹងកំពុង​អនុវត្ត នោះ​គឺ​ការ​ដឹកជញ្ជូន​ប្រមូល​សំរាម​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម បាន​ល្អ​ប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​ចង់​វិនិយោគ​សំណល់​រឹង ទៅជា​អគ្គិសនី​ខាង​លើ​នេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក Shan Jian Ming អគ្គនាយក​ក្រុមហ៊ុន មី​ហ្ស៊ី​ដា គ្រុប ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ​២០២៣​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក Shan Jian Ming បាន​មានប្រសាសន៍​លើក​ឡើង​ថា ក្នុង​ជំនួប​នេះ ក្រុមហ៊ុន មាន​គោលបំណង ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​វិនិយោគ​លើ​គម្រោង​ផ្សេងៗ និង​ការរួមចំណែក​លើ​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឱ្យ កាន់តែ​ស្រស់ស្អាត មាន​សោ​ភណ្ឌ​ភាព និង​ស័ក្ដិ​សមជា​ទីក្រុង​ទំនើប​។ ក្នុងនោះ​ទី​១ ក្រុមហ៊ុន​ចង់​ទទួល​មតិយោបល់ ណែនាំ​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​កំពុង​អនុវត្ត លើ​កិច្ចការងារ​ប្រមូល ដឹកជញ្ជូន​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ ។ ទី​២ ក្រុមហ៊ុន មាន​គម្រោង​ចង់​កែច្នៃ ដុត​សំរាម​ទៅជា​អគ្គិសនី​។

លោក​បាន​បញ្ជាក់​ថា ឆ្លងកាត់​ការ​ប្រមូល​ដឹកជញ្ជូន​សំរាម ក្រុមហ៊ុន​មាន​ទំនុកចិត្ត​ទៅលើ​រាជរដ្ឋាភិបាល​ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​យ៉ាង​ខ្លាំង។ ដូច្នេះ​ក្រុមហ៊ុន​មានបំណង​ចង់​វិនិយោគ​លើ​គំរោង​ដុត​សំរាម​ទៅ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​បន្ថែមទៀត ។​ដោយសារតែ​នៅ​ប្រទេស​ចិន ក្រុមហ៊ុន​មី​ហ្ស៊ី​ដា គ្រុប មាន​រោងចក្រ​ដុត​សំរាម​ទៅជា​អគ្គិសនី​ចំនួន​៣៣​រោងចក្រ​។ លោក​ជឿជាក់ថា គម្រោង​នេះ​នឹង​ទទួល​បាន​ការគាំទ្រ​ពី​សាលា​រាជធានី​ភ្នំពេញ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើង​ថា ការ​ធ្វើ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​ពិតជា​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ ក្នុង​នោះ​ការដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ថ្មី ដើម្បី​ផ្តល់​សេវា​ប្រមូល សម្អាត និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើ​រួចរាល់​ផងដែរ ដែល​កន្លងមក​ក្រុមហ៊ុន ចំនួន ០៣ ត្រូវបាន​ជ្រើសរើស ហើយ​បានចាប់ផ្តើម​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន​កាន់តែ​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​បច្ចុប្បន្ន​។ ជា​លទ្ធផល មានការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ ដោយបាន​ផ្លាស់ប្តូរ​គុណភាព​សេវា​គួរឱ្យកត់សម្គាល់ មិន​មាន​គំនរ​សំរាម​សេសសល់​ដូច​មុន ការ​ប្រមូល​បាន​ទៀងទាត់​ជាង​មុន ស្អាត​ជាង​មុន មធ្យោបាយ និង​សម្ភារ បរិក្ខារ​ប្រើប្រាស់​ថ្មី​ជាង​មុន បុគ្គលិក​កម្មករ​ច្រើន និង​មានការ​អប់រំ​ជាង​មុន ដែល​ប្រការ​នេះ​ធ្វើឱ្យ​មានការ​សាទរ ពី​គ្រប់​មជ្ឈដ្ឋាន នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្រុមហ៊ុន​ក៏​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ត្រូវ​បំពេញបន្ថែម​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​អោយ​រាជធានី​ភ្នំពេញ មាន​សោភ័ណភាព បរិស្ថាន​ល្អប្រសើរ​ជាង​មុន។

លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន Mizuda Group Co., Ltd បន្ត​ការខិតខំ​ប្រឹងប្រែង បន្ថែមទៀត ដើម្បី​ដណ្តើម​ស្នាដៃ បន្ត​ការ​វិនិយោគ​ប្រមូល​សំរាម​នេះ នៅតាម​បណ្ដាល​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយឡែក​ចំពោះ​ក្រុមហ៊ុន ចង់​វិនិយោគ​ដុត​សំរាម​ទៅជា​អគ្គិសនី​នោះ លោក​ឃួ​ង ស្រេង បញ្ជាក់​ថា​ការងារ​នេះ ជាការ​ងារ​ដែល​សម្រេច​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។​តែបើ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នកចាត់ចែង នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ផ្តល់​ជូន​ក្រុមហ៊ុន​មី​សូ​ដា​មុនគេ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម