Connect with us

ព័ត៌មានជាតិ

ទណ្ឌិតជិត ៧០០ នាក់ ត្រូវបានស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងបុណ្យចូលឆ្នាំខ្មែរ និងបុណ្យវិសាខបូជា

បានផុស

នៅ

ទណ្ឌិត​ប្រមាណ​ជិត ៧០០ នាក់ ត្រូវ​បាន​ស្នើសុំ​មក​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ និង​សម្រេច​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ពិធីបុណ្យ​វិសាខបូជា​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​យក​ពិធីបុណ្យ​ចំនួន ០៥ សម្រាប់​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ទណ្ឌិត ក្នុង​នោះ​មាន ៖

១.​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ៧ មករា​។

២.​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។

៣.​ពិធីបុណ្យ​វិសាខបូជា​។

៤.​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ។

៥.​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។

នៅ​ក្នុង​កិច្ចប្រជុំ​ដឹកនាំ​ដោយ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ និង​ពិធីបុណ្យ​វិសាខបូជា ឆ្នាំ ២០២៣ កាលពី​ថ្ងៃ​ទី ៤ មេសា នៅ​ទីស្ដីការ​ក្រសួង​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា អង្គ​ប្រជុំ​បាន​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​បាន​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​សរុប​ចំនួន ៦៦៨ នាក់ ក្នុងនោះ ទណ្ឌិត​ដែល​បាន​ស្នើ​សុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មាន​ចំនួន ៣៤៥ នាក់ និង​ទណ្ឌិត​ដែល​បាន​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា​មាន​ចំនួន ៣២៣ នាក់។

គួរ​បញ្ជាក់​ថា ក្នុង​ឱកាស​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ថ្ងៃ​ទី ០៧ ខែ​មករា ឆ្នាំ ២០២៣ កន្លងទៅ គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស បាន​បញ្ជូន​សំណើ​គោរព​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច​ស្នើសុំ​ព្រះមហាក្សត្រ ផ្តល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ២៨៣ នាក់ ស្រី ២៧ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម