ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍធំៗចំនួន ៤ នឹងផ្លាស់ប្តូរមុខមាត់ខេត្តកែបនៅថ្ងៃខាងមុខ
ខេត្តកែបស្ថិតក្នុងចំណោមខេត្តចំនួន ៤ ដែលជាប់សមុទ្រនិងជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយផងដែរ។ ខេត្តនៅទិសនិរតីនេះ នៅប៉ុន្មានឆ្នាំចុងក្រោយទទួលបានគម្រោងអភិវឌ្ឍធំៗ ដែលនឹងនាំការផ្លាស់ប្តូរមុខមាត់ខេត្តកែបនៅពេលដ៏ខ្លីខាងមុខ។
កំពង់ផែកោះទន្សាយ
កំពង់ផែទេសចរណ៍កោះទន្សាយ ដែលចំណាយថវិការក្នុងការសាងសង់ប្រមាណ ១,២ លានដុល្លារ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២។

កំពង់ផែនេះត្រូវបានសាងសង់ក្នុងគោលបំណងពង្រីកសក្ដានុពលរបស់ខេត្តនិងបម្រើដល់វិស័យទេសចរណ៍។ ផែនេះអាចផ្ទុកកប៉ាល់អ្នកដំណើរពី ៣០០ ទៅ ៤០០ នាក់ចូលចតបាន។
កំពង់ផែកោះទន្សាយគឺជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មហាអនុតំបន់មេគង្គរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ទីលានចាក់សម្រាមស្តង់ដា
ទីលានទុកដាក់សំរាមស្តង់ដាទំនើបខេត្តកែប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣។ ទីលានចាក់សំរាមនេះសាងសង់ឡើង ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រើប្រាស់ថវិកាសាងសង់ជាង ១០ លានដុល្លារ។

ទីលានទុកដាក់សំរាមខេត្តកែប មានទីតាំងស្ថិតនៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប សាងសង់ឡើងមានចំនួន ៤ រណ្ដៅ មានសមត្ថភាពផ្ទុកសំរាមបានប្រមាណ ៦០០ ០០០ ម៉ែត្រត្រីគុណក្នុងរយៈពេល ២០ ឆ្នាំ។
ទីលានទុកដាក់សំរាមថ្មីនេះសាងសង់លើផ្ទៃដីទំហំ ១៤ ហិកតា សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងក្រុងកែប និងស្ទើរតែទាំងអស់នៃវិស័យទេសចរណ៍ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងផ្សារ។
ឆ្នេរកម្សាន្តប្រណិត
គម្រោងពង្រីកឆ្នេរកម្សាន្តប្រណិតថ្មីប្រវែង ២ ៧០០ ម៉ែត្រនៅខេត្តកែប បានបញ្ចប់ការចាក់ដីបំពេញ ១០០ ភាគរយ ខណៈអាជ្ញាធរកំពុងបន្តការដាំដើមឈើ និងការចាក់ខ្សាច់បន្ថែមរួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាបន្តបន្ទាប់។


គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅខេត្តកែប ស្ថិតនៅក្រោមទម្រង់កិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋនិងឯកជន ក្នុងគោលដៅកែលម្អនិងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រែក្លាយខេត្តកែបទៅជាតំបន់ទេសចរណ៍ សម្រាកលម្ហែកម្សាន្តដ៏ប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិអន្តរជាតិមកកម្សាន្តនិងស្នាក់នៅកាន់តែយូរ។
ឆ្នេរកម្សាន្តថ្មីដែលខេត្តកែបកំពុងអភិវឌ្ឍនេះ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប មានប្រវែង ២ ៧០០ម៉ែត្រ ក្នុងនោះឆ្នេរខ្សាច់តាមបណ្ដោយឆ្នេរមានទទឹងយ៉ាងតិចប្រវែង ៣០ ម៉ែត្រ មានរៀបចំសួនច្បារសាធារណៈនិងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រមានទទឹងប្រវែង ៥០ ម៉ែត្រ។
គម្រោងអភិវឌ្ឍផ្លូវទៅឆ្នេរអង្កាល
កំណាត់ផ្លូវប្របមាត់សមុទ្រ ចាប់ពីកំពង់ផែកោះទន្សាយទៅដល់ឆ្នេរសមុទ្រអង្កោលតភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ សម្រេចបានជាង ៦៥ ភាគរយ ហើយគ្រោងបញ្ចប់ទាំងស្រុងនៅរយៈពេល ៣ ខែទៀតនេះ។

ផ្លូវប្របមាត់សមុទ្រនេះមានប្រវែងជាង ១២ គីឡូម៉ែត្រ សាងសង់ឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥ លានដុល្លារអាមេរិក។

កំណាត់ផ្លូវប្របឆ្នេរដែលកំពុងសាងសង់នេះ គឺជាសរសៃឈាមទេសចរណ៍មួយតភ្ជាប់ទៅឆ្នេរអង្កោលនាថ្ងៃអនាគត។ តាមរយៈផ្លូវមួយខ្សែនេះនឹងនាំភ្ញៀវទេសចរមកទស្សនាបញ្ជៀសការកកស្ទះនៅឆ្នេរកែប៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


