ព័ត៌មានជាតិ
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បង្ហាញវិធីសាស្រ្តដើម្បីលុបបំបាត់កម្ចីអនឡាញខុសច្បាប់
ក្រុមហ៊ុនផ្តល់ប្រាក់ចម្ចីតាមអនឡាញ ឬកម្ចីក្រៅផ្លូវការ បាននិងកំពុងរីកសាយភាយ ដែលបង្កការគំរាមកំហែងដល់ពលរដ្ឋមួយចំនួន និងប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើកម្ចីក្រៅប្រព័ន្ធខុសគោលការណ៍ បង្កភាពអនាធិបតេយ្យ និងមានការគំរាមកំហែងបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសកេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលបញ្ហាទាំងអស់នេះ កើតឡើងដោយសារតែអ្នកខ្ចីអនឡាញទាំងនោះ អស់ជម្រើសមានតម្រូវការប្រាក់ជាបន្ទាន់ ដើម្បីដោះបន្ទុក។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តថា « អ្នកខ្ចីប្រហែលជាមិនខុសទេ តែរឿងធ្វើសកម្មភាពផ្តល់កម្ចីបែបនេះ គួរតែមានវិធានការដាក់ទោសទណ្ឌណាមួយដើម្បីទប់ស្កាត់បញ្ហានេះ ឱ្យខានតែបាន ព្រោះរឿងនេះធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ និងអាចលេចលឺល្បីទៅខាងក្រៅ បង្កើតឱ្យមានកេរ្តិ៍ឈ្មោះមិនល្អសម្រាប់កម្ពុជា ខណៈដែលរាជដ្ឋាភិបាលកំពុងតែខិតខំកសាង»។
ទាក់ទិននឹងបញ្ហានេះ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ធ្លាប់បានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នល្បិចផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់នេះ។

បើតាមនាយកដ្ឋានព័ត៌មានវិទ្យា ករណីនេះ ជនខិលខូចបានបង្កើតទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ ដោយដាក់ឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ។ ពួកគេធ្វើការផ្សព្វផ្សាយទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ (Ads) លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការអូសទាញការចាប់អារម្មណ៍ពីជនរងគ្រោះ។ ជនរងគ្រោះអាចធ្វើការស្នើសុំកម្ចីពីជនខិលខូច ជាមួយលក្ខខណ្ឌងាយៗ ដោយគ្រាន់តែផ្តល់នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ រូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះ។ បន្ទាប់មក ជនខិលខូចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីគំរាមកំហែងជនរងគ្រោះករណីពុំសងប្រាក់ ឬបង់ការប្រាក់ដ៏ច្រើនលើសលប់។ ក្នុងករណីមួយចំនួនទៀត ពួកគេបានធ្វើការប្រើប្រាស់រូបភាព ឬវីដេអូអាក្រាតកាយជនរងគ្រោះគំរាមទារប្រាក់ ឬជួញដូរផងដែរ។ សមត្ថកិច្ចបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ តែករណីនេះនៅតែមានកើតមានឡើង។

ដើម្បីទប់ស្កាត់ការរីកសាយភាយអំពើខុសច្បាប់ទាំងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា សមត្ថកិច្ចឬស្ថាបនពាក់ព័ន្ធ គួរតែប្រកាសជាសាធារណៈអំពីសេចក្តីណែនាំណាមួយថា ប្រសិនបើខ្ចីប្រាក់ក្រៅប្រព័ន្ធ អ្នកខ្ចីមិនចាំបាច់សង ហើយការគំរាមកំហែងគឺជាទោសព្រហ្មទណ្ឌ នោះនឹងអាចគ្រប់គ្រងបានហើយមុខរបរទាំអស់នោះនឹងត្រូវបានបញ្ចប់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញឱ្យពលរដ្ឋដែលមានតម្រូវការប្រាក់ គួរប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុដែលស្របច្បាប់ ជៀសវាងការចងការប្រាក់ក្រៅផ្លូវការ ឬកម្ចីតាមអនឡាញ ដើម្បីកុំឱ្យមានបញ្ហា ឬការគំរាមកំហែងផ្សេងៗ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា មានពលរដ្ឋមួយចំនួនបានធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌក ដោយសារតែកម្ចីទាំងនោះមានអត្រាការប្រាក់ខ្ពស់។
ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗនេះ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬបុគ្គលដែលមិនមានអាជ្ញាប័ណ្ណ តែធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការផ្ដល់ឥណទានជូនប្រជាពលរដ្ឋ និងស្នើដល់ប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ព្រោះអតិថិជនរបស់គ្រឹះស្ថានទាំងនោះ ត្រូវបានការពារដោយច្បាប់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


