Connect with us

ព័ត៌មានជាតិ

បណ្ឌិត សួន រ៉ានី ពីកុមារកើតក្នុងសម័យសង្គ្រាម តស៊ូសិក្សាដល់ក្រៅបរទេស រហូតក្លាយជាបញ្ញវន្ត

បានផុស

នៅ

លោកបណ្ឌិត សួន រ៉ានី គឺជាបុគ្គលមួយរូបដែលកើតក្នុងសម័យសម័យសង្គ្រាម ស្រឡាញ់ការសិក្សា និងខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍សិក្សានៅបរទេស។ តាមរយៈការខិតខំប្រឹងប្រែងនេះ លោកបានកែប្រែជីវិតលោកដោយការរៀបចំផែនការជីវិតរហូតលោកទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ។

រូបភាព៖ Facebook page បណ្ឌិត សួន រ៉ានី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត សួន រ៉ានី សព្វថ្ងៃជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសរុស្ស៊ី រួចបានវិលត្រឡប់មកបម្រើការនៅកម្ពុជាវិញកំឡុងឆ្នាំ២០០០។ លោកបានចែករំលែកពីវ័យកុមារភាព ប្រវត្តិការសិក្សា និងបទពិសោធន៍សិក្សានៅបរទេសជាមួយ “កម្ពុជាថ្មី”។

លោកបណ្ឌិត ជាកុមារដែលបានកើតមុនឆ្នាំ១៩៧៥ នៅរាជធានីភ្នំពេញ។ នៅពេលដែលខ្មែរក្រហមចូលលុកលុយទីក្រុង ឆ្នាំ១៩៧៥ គឺលោកមានអាយុ៦ឆ្នាំ។ លោកត្រូវបានជម្លៀសចេញពីរាជធានីភ្នំពេញ ដោយដំណើរថ្មើជើង និងជិះរទេះក្របីទៅកាន់ខេត្តក្រចេះ។ កំឡុងពេលនោះ លោកមិនទាន់ដឹងក្តីប៉ុន្មានឡើយ ព្រោះជាវ័យដែលនៅតូចពេក។ ធ្វើដំណើរ លោកស្ទើរតែអស់សង្ខារ ព្រោះរាគរូសជាខ្លាំង ដោយសារលោកបានបរិភោគទឹកកង្វក់នៅតាមផ្លូវ។ ជាភ័ព្វសំណាង លោកក៏រួចផុតពីសេចក្តីស្លាប់នៅពេលនោះ។

ស្ថិតក្នុងសម័យប៉ុលពត លោកនៅវ័យកុមារ ដូច្នេះ មិនអាចធ្វើការងារដូចមនុស្សធំបានឡើយ។ លោកបានរត់លេងជាមួយក្មេងៗឯទៀតដែលមានវ័យស្របាលៗគ្នា។ ទោះបីស្ថិតក្នុងវ័យកុមារពិតមែន ប៉ុន្តែ លោកស្រឡាញ់ការរៀនសូត្រតាំងពីតូច លោកបានលួចអានសៀវភៅដែលឪពុកទិញឱ្យ ដែលលាក់នៅនឹងខ្លួនរហូតជារឿយៗ មិនឱ្យនរណាដឹងឡើយ។

លុះដល់ឆ្នាំ១៩៧៨ លោកមានអាយុ៩ឆ្នាំ បានរស់នៅជាមួយលោកគ្រូ និងឃ្វាលក្របីឱ្យគាត់រហូតដល់ឆ្នាំ១៩៧៩ ជាឆ្នាំដែលខ្មែរក្រហមបានដួលរលំ លោកក៏វិលត្រឡប់ទៅរស់នៅជួបជុំគ្រួសារវិញ។ នៅពេលនោះហើយ ដែលជីវិតលោកត្រូវបានចាប់ផ្តើមជាថ្មីម្តងទៀតនៅស្រុកកំណើតរបស់ម្តាយលោក ក្នុងខេត្តក្រចេះ ដោយធ្វើចំការជាមួយគ្រួសារ និងយកផលដែលបានមកទៅប្តូរជាមួយអង្ករ គ្រឿងទេសផ្សេងៗសម្រាប់ចាប់ផ្តើមជីវិតជាថ្មី។ នៅពេលរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃបញ្ចប់ លោកមិនទាន់បានចូលសាលារៀនភ្លាមទេ ប៉ុន្តែ លោកនៅតែព្យាយាមរៀនដោយខ្លួនឯង ស្តាប់ម្តាយឪពុក បងប្អូន ពិភាក្សារឿងផ្សេងៗ និងវិភាគដោយភាពស្ងៀមស្ងាត់ ដែលធ្វើឱ្យលោកអាចយល់ពីស្ថាការណ៍ និងសាច់រឿងដែលមនុស្សចាស់និយាយាគ្នាបាន។ ត្រង់ចំណុចនេះ លោកយល់ថា ខ្លួនមានជំនាញមួយ គឺចេះវិភាគ និងត្រិះរិះតាំងពីតូចមក។

លោកបណ្ឌិត សួន រ៉ានី ជាកុមារម្នាក់ដែលស្តាប់តាមដំបូន្មានរបស់ឪពុកម្តាយណាស់ ដើរតាមគន្លងធម៌ មានគុណធម៌ និងសច្ចធម៌នៅក្នុងខ្លួន។ នៅឆ្នាំ១៩៨០ លោកក៏បានចូលរៀននៅសាលារៀនបឋមសិក្សា ឆ្លូង ខេត្តក្រចេះដែលជាស្រុកចាប់ផ្តើមជីវិតថ្មីរបស់លោកនោះ។ លោកជាសិស្សដែលទទួលបានការសិក្សាល្អមួយរូប ក្នុងឆ្នាំ១៩៨៤ លោកក៏ប្រឡងជាប់ថ្នាក់ឌីប្លូមផងដែរ។

បន្ទាប់ពីចប់ថ្នាក់ឌីប្លូម លោកក៏ត្រូវផ្ទេរមកភ្នំពេញវិញតាមឪពុករបស់លោក សិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ បន្ទាប់ពីផ្ទេរពីខេត្តក្រចេះសិក្សានៅរាជធានីភ្នំពេញ លោកបណ្ឌិត សួន រ៉ានី នៅតែអាចរៀនពូកែ មិនដែលចាញ់សិស្សដែលរៀនជាមួយឡើយ។ ឆ្នាំ១៩៨៧ លោកត្រូវប្រឡងថ្នាក់បាក់ឌុប ជួនពេលនោះ ក៏មានដំណឹងអាហារូបករណ៍សម្រាប់សិស្សានុសិស្សទៅសិក្សានៅក្រៅប្រទេស។ លោកបានយករឿងនេះទៅពិភាក្សាជាមួយម្តាយឪពុក ហើយអ្នកមានគុណក៏អនុញ្ញាត។ បន្ទាប់មក លោកបណ្ឌិត ក៏បានប្រឡងជាប់ទាំងអាហារូបករណ៍ និងបាក់ឌុប ព្រមទាំង បានទៅសិក្សានៅបរទេសផងដែរ។

រូបភាព៖ Facebook page បណ្ឌិត សួន រ៉ានី

ដើមឡើយ លោកចង់សិក្សាជំនាញទេសចរណ៍ នៅប្រទេសហុងគ្រី តែគួរឱ្យសោកស្តាយនៅទីនោះ មិនមានជំនាញដែលលោកចង់រៀនឡើយ លោកក៏ត្រូវបានបញ្ជូនឱ្យទៅសិក្សានៅប្រទេសរុស្ស៊ី ជំនាញសេដ្ឋកិច្ច។ ដោយខុសពីអ្វីដែលលោកស្រឡាញ់ លោកមិនសូវសប្បាយចិត្តប៉ុន្មានឡើយ។ ទោះបីមិនសូវពេញចិត្តប៉ុន្មាន លោកនៅតែជាសិស្សពូកែ ទទួលបានចំណាត់ថ្នាក់ល្អក្រោយពីការសិក្សាត្រូវបានបញ្ចប់។ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញសេដ្ឋកិច្ចនេះនៅឆ្នាំ១៩៩៤។

នៅឆ្នាំ១៩៩១ ក្រោយពីមានការបែកបាក់សហភាពសូវៀតទៅជារដ្ឋឯករាជ្យទាំង១៥ រៀងៗខ្លួន ក៏មានសាធារណរដ្ឋមួយមានការបើកដំណើរការគ្រឹះស្ថានឯកជន ហើយសាកលវិទ្យាល័យមួយបានបង្កើតឡើងដោយមាន៤មហាវិទ្យាល័យ ក្នុងនោះក៏មានជំនាញទេសចរណ៍ផងដែរ។ លោកក៏សម្រេចចិត្តចូលរៀនជំនាញទេចរណ៍នៅទីនោះ ដោយរៀនបង់ថ្លៃចំនួន ៩០០ដុល្លារក្នុងមួយឆ្នាំនាសម័យនោះ។ រយៈពេលសិក្សានៅបរទេស លោកទទយលបានសញ្ញាបត្រអនុបណ្ឌិត២មុខជំនាញក្នុងពេលតែមួយ។

សិក្សាចប់ភ្លាម លោកបណ្ឌិតមិនទាន់មកកម្ពុជាឡើយ គឺលោកមានគោលដៅជីវិតធំមួយទៀត ត្រូវតែរៀនដល់ថ្នាក់បណ្ឌិត ដើម្បីងាយស្រួលដល់ការប្រកបកិច្ចការផ្សេងៗនៅពេលត្រឡប់មកស្រុកកំណើតវិញ។ ជាមួយនឹងការរៀបចំផែនការ និងគោលដៅជីវិត បានត្រឹមត្រូវ ធ្វើឱ្យលោកអាចស្វែងរកផ្លូវជីវិតសម្រាប់ខ្លួនឯងឃើញ។ ដោយផ្អែកលើសញ្ញាបត្រទាំង២របស់លោក លោកក៏ចង់បន្តការសិក្សាថ្នាក់បណ្ឌិត ជំនាញទេសចរណ៍ ប៉ុន្តែជំនាញនេះមិនមាន លោកក៏សម្រេចចិត្តរៀនជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ចវិញ ដែលមានផ្នែកទេសចរណ៍គួបផ្សំគ្នាផង។ លុះឆ្នាំ ២០០០ លោកក៏បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅទីនោះ ដោយជោគជ័យ រួចបានវិលត្រឡប់មកដែនដីមាតុភូមិវិញ ទាំងដែលលោកមានឱកាសធ្វើការនៅទីនោះទទួលបានប្រាក់ខែខ្ពស់ ក៏លោកនៅតែសម្រេចចិត្តមកកម្ពុជាវិញផងដែរ។

រូបភាព៖ Facebook page បណ្ឌិត សួន រ៉ានី

នៅពេលមកដល់កម្ពុជា ស្ថិតក្នុងឆ្នាំ២០០០ដដែល លោកបណ្ឌិត សួន រ៉ានី បានចូលបម្រើការងារជាជំនួយការផ្ទាល់ខ្លួនរបស់លោក ថោន ខុន នៅក្រសួងទេចរណ៍ និងមានតំណែងជាមន្ត្រីផ្នែករដ្ឋបាលនៅក្រសួងទេចរណ៍រយៈពេល១៣ឆ្នាំ។ ក្រោយពីបម្រើការនៅក្រសួងទេចរណ៍១៣ឆ្នាំ លោកក៏មានចិត្តចង់ផ្លាស់ប្តូរ ស្របពេលដែលរដ្ឋាភិបាលធ្វើកំណែទម្រង់ថ្មី ក៏ត្រូវបានតែងតាំងជានាយកសិក្សា និងកម្មសិក្សានៅសាលាភូមិនរដ្ឋបាល ក្នុងឆ្នាំ២០១៣។ ឆ្នាំ២០១៤ លោកក៏បម្រើការងារនៅសាលាភូមិនរដ្ឋបាល។ ក្រោយបម្រើការងារបានមួយអាណិត្ត នៅឆ្នាំ២០១៨ លោកត្រូវបានផ្ទេរមកជាអនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈរហូតដល់បច្ចុប្បន្ន។ មិនត្រឹមតែជាអនុរដ្ឋលេខាធិកាទេ លោកក៏ជាអ្នកស្រាវជ្រាវនិពន្ធសៀវភៅសម្រាប់ផ្តល់ចំណេះដឹងដល់សាធារណជនថែមទៀត។

សូមជម្រាបថា លោកបណ្ឌិត សួន រ៉ានី ជាបុគ្គលមួយរូបដែលមានចិត្តតស៊ូ ខិតខំប្រឹងប្រែង ព្រមទាំងចេះរៀបចំផែនការជីវិតបានល្អរហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ។ លោកបានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា លោកគិតផ្តោតសំខាន់លើអទិភាពចំនួន៨ ដែលដឹកនាំជីវិតលោកជោគជ័យ គឺ សុខភាពផ្លូវកាយ និងចិត្ត, ការងារដែលលោកស្រឡាញ់, ទោះមិនមែនជាសេដ្ឋី តែលោករស់នៅដោយមានជីវភាពល្អ មិនបៀតបៀននរណា, ស្មោះត្រង់, សុភមង្គលក្នុងគ្រួសារ, កត្តញូ, មុខមាត់កេរ្តិ៍ឈ្មោះ និងស្នាដៃ។ ចំពោះលោក លុយ មិនមែនជាអទិភាពចម្បងដែលត្រូវការចាំបាច់ជាងអភិភាពផ្សេងៗដែលលោកប្រកាន់យកនោះទេ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមក្មេងទំនេីង១៨នាក់ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីបុណ្យខួបលើកទី១២ឆ្នាំ នៃការយាងសោយព្រះទិវង្គត ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ

ព័ត៌មានជាតិ៨ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញសម្ភារ: ស្ថាបនា ជួសជុល ថែទាំបណ្ដាញ ប្រចាំឆមាសទី២ និងទិញឧបករណ៍សម្រាប់អភិវឌ្ឍន៍បច្ចេកទេស ITC ២០២៤

សន្តិសុខសង្គម៨ ម៉ោង មុន

ចាប់ខ្លួនអតីតផ្កាយ២យោធាម្នាក់ ទើបចេញពីពន្ធនាគារដើម្បីអនុវត្តបង្ខំរូបរាងកាយសងប្រាក់ទៅដើមបណ្តឹង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ជិន ម៉ាលីន លើកទឹកចិត្តកីឡាករទូកងស្រុកមោងឬស្សីប្រឹងយកជ័យជម្នះថ្នាក់ខេត្តឱ្យបាន ដើម្បីបានទៅប្រកួតថ្នាក់ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម