សេដ្ឋកិច្ច
ពីស្រ្ដីមេផ្ទះ តស៊ូក្លាយជាម្ចាស់សិប្បកម្មផលិតសាប៊ូពីឈើអែមដ៏ល្បីឈ្មោះ
ស្រ្ដីជាកូនខ្មែរម្នាក់ ផ្ដើមចេញពីជីវិតស្ដ្រីមេផ្ទះ តស៊ូរហូតបានក្លាយទៅជាម្ចាស់សិប្បកម្មផលិតសាប៊ូចេញពីឈើអែមដ៏ល្បីឈ្មោះមួយ និងកំពុងទទួលបានគាំទ្រយ៉ាងខ្លាំងនៅប្រទេសថៃ។

អ្នកស្រី ផល រតនា អាយុ៤២ឆ្នាំ ម្ចាស់សិប្បកម្មផលិតសាប៊ូ AVIYA COSMETICS CO.,LTD បានប្រាប់ កម្ពុជាថ្មី ថា ដំបូងឡើយ អ្នកស្រី ត្រឹមតែជាស្ដ្រីមេផ្ទះម្នាក់ ដែលមានតួនាទីមើលថែទាំកូន និងលក់ដូរបន្ដិចបន្ដួច នៅឯប្រទេសថៃ ក៏ព្រោះតែអ្នកស្រីបានរៀបការជាមួយស្វាមីជនជាតិថៃ។

អ្នកស្រី បន្តថា មូលហេតុដែលខ្លួនមានជំនាញចេះកែច្នៃ និងផលិតសាប៊ូដុះខ្លួន ដោយសារតែអំឡុងពេលការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅប្រទេសថៃ មានអង្គការស្រ្ដីមួយដែលមានទីតាំងនៅប្រទេសថៃ បានចុះមកបង្រៀន និងបណ្ដុះបណ្ដាលជំនាញផលិតសាប៊ូដុះខ្លួន ដល់ស្ដ្រីមេផ្ទះ ដែលប្រឈមនឹងការបាត់បង់ការងារ និងការស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃ ជាដើម។

ម្ចាស់សិប្បកម្មផលិតសាប៊ូ រូបនេះ បានបន្ថែមទៀតថា ទាក់ទងនឹងការបណ្ដុះបណ្ដាលជំនាញ នាពេលនោះ អ្នកស្រី ក៏មិនទាន់មានសមត្ថភាពផលិតសាប៊ូ លក់ចេញទៅកាន់ទីផ្សារបាននោះដែរ ដោយសារតែការចាប់ផ្ដើមដំបូង គ្រាន់តែជាការផលិតសាកល្បង ដើម្បីចែកគ្នាប្រើប្រាស់ តែប៉ុណ្ណោះ។
បន្ទាប់មកក្រោយសម័យកាល កូវីដ-១៩ កន្លងផុតទៅ អ្នកស្រី ផល រតនា ក៏មានគំនិតចាប់ផ្ដើមបើកសិប្បកម្មខ្នាតតូចមួយនេះឡើង កាលពីដើមឆ្នាំ ២០២១។ អ្វីដែលសំខាន់ការចាប់ផ្ដើមដំបូងក្នុងវិស័យសិប្បកម្មផលិតសាប៊ូ របស់អ្នកស្រី ក៏ទទួលបានការគាំទ្រខ្លាំងពីប្រជាជនដែលរស់នៅប្រទេសថៃ ក្រៅពីនេះ អ្នកស្រី អាចនាំចេញផលិតផលសាប៊ូរបស់គាត់ទៅកាន់ទីផ្សារប្រទេសអឺរ៉ុប ក្នុងនោះមាន៖ បារាំង អូស្ដ្រាលី និងបណ្ដាប្រទេសអាស៊ី ដូចជា៖ ហ្វីលីពីន ឡាវ វៀតណាម និងប្រទេសកម្ពុជារបស់យើង ផងដែរ។

ទាក់ទងនឹងការផលិតសាប៊ូ អ្នកស្រី រតនា បានបញ្ជាក់ថា វត្ថុធាតុដើម គឺផ្ដើមចេញដើមឈើអែម ដែលប្រមូលទិញពីកសិករ នៅក្នុងប្រទេសថៃ និងវៀមណាម ដើម្បីយកមកកែច្នៃជាមួយអាកុល ទុករយៈពេល៣ខែ ទើបអាចផលិតចេញជាសាប៊ូ និងផលិតផលថែរក្សាស្បែកផ្សេងៗទៀត ប្រកបដោយស្ដង់ដា ទទួលបានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីមន្ទីរសុខាភិបាល នៃប្រទេសថៃ មុននឹងដាក់លក់ចេញទៅកាន់ទីផ្សារ។

បើក្រឡេកទៅមើលពីអតីតកាលវិញ អ្នកស្រី ផល រតនា ត្រឹមជាក្មេងស្រីធម្មតាម្នាក់ ដែលកើតក្នុងត្រកូលគ្រួសារមធ្យមមួយ ដែលមានស្រុកកំណើតនៅភូមិ សូភី២ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់មកទើបអ្នកស្រី បានរៀបការជាមួយស្វាមីជាជនជាតិថៃ និង កំពុងតែរស់នៅបំពេញការងារ នៅឯប្រទេសថៃ បច្ចុប្បន្នអ្នកស្រីទទួលបានកូនប្រុសស្រីចំនួន២នាក់ ផងដែរ។

អ្នកស្រី ផល រតនា បានប្រាប់ឱ្យដឹងទៀតថា គោលដៅថ្ងៃអនាគត អ្នកស្រី ក៏មានគម្រោងនឹងបើកសិប្បកម្មផលិតសាប៊ូនេះ នៅទឹកដីកំណើតរបស់ខ្លួន ដើម្បីចូលរួមជួយដល់សេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែប្រសើរ ពិសេសទៀតនោះ អ្នកស្រី ក៏មានគម្រោងជួយ និងលើកទឹកចិត្តដល់ស្រ្ដីមេផ្ទះទាំងឡាយ ប្រសិនបើអាចចូលរួមរៀន និងសិក្សាជំនាញមួយឱ្យច្បាស់មិនថាការផលិតសាប៊ូ ឬជំនាញផ្សេងទៀតនោះឡើយ ដើម្បីទុកជាទុន និងអាចមានឱកាសចូលរួមកសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


