Connect with us

ព័ត៌មានជាតិ

លំហូរការជួញដូរគ្រឿងញៀននៅខេត្តកោះកុង ថយចុះគួរឲ្យកត់សម្គាល់

បានផុស

នៅ

គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កោះកុង បង្ហាញ​ថា ឆមាស​ទី ១ ដើម​ឆ្នាំ ២០២៣ លំហូរ​ការ​ចែកចាយ​ជួញដូរ​គ្រឿងញៀន​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​តឹងរ៉ឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​កោះកុង បាន​យក​វិធានការ​ណែនាំ​អប់រំ វិធានការ​រដ្ឋបាល និង​វិធានការ​អនុវត្ត​ច្បាប់​ចំពោះ​ក្រុម​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ក្នុង​ភូមិសាស្ត្រ​ខេត្ត ទោះបី​ដើម​ឆ្នាំ ២០២៣ ​បង្ក្រាប​បាន​សារធាតុ​ញៀន​តិចតួច​ក៏ដោយ។

ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៣ លោក សំ ឃិតវៀន អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា កន្លងទៅ ក្រុម​ការងារ​បាន​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ចំនួន ៣៩៩ លើក ដែល​មាន​មនុស្ស​ចូលរួម​សរុប ៩.៣២៧ នាក់។ វិធានការ​អប់រំ​ណែនាំ​យល់ដឹង​នេះ ធ្វើឡើង​នៅ​តាម​សាលារៀន វត្ត​អារាម ក្លិប​សេវា​កម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ និង​តាម​សារព័ត៌មាន​វិទ្យុ។

លោក សំ ឃិតវៀន បន្ថែម​ថា បញ្ហា​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​បង្ក្រាប​បាន​ចំនួន ៤០ ករណី ឃាត់​ខ្លួន​មនុស្ស ៨២ នាក់ ក្នុង​នោះ​ស្រី ១២ នាក់។ ចំណែក​ការ​ដកហូត​វត្ថុតាង​រក្សាទុក រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៦៦៦.១៦ ក្រាម ម៉ូតូ ១២ គ្រឿង ទូរស័ព្ទ​ដៃ ៦៣ គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន ៥ គ្រឿង ដាវ ១ ដើម ទូក ៨ គ្រឿង កាំភ្លើង​កែច្នៃ​ចំនួន ៣ ដើម។

អាជ្ញាធរ​ជំនាញ ក៏​លើកឡើង​ដែរ​ពី​បញ្ហា​ប្រឈម ដោយ​ខ្វះខាត​មធ្យោបាយ និង​ថវិកា​ចុះ​បង្ក្រាប ផ្សព្វផ្សាយ​អប់រំ ដែល​ធ្វើ​ឲ្យ​ការងារ​អនុវត្ត​វិធានការ​មួយ​ចំនួន​មាន​ការ​យឺតយ៉ាវ។ ខ្វះ​ទីកន្លែង​ឃុំខ្លួន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន និង​មណ្ឌល​អប់រំ​បន្សាប ស្តារ​នីតិសម្បទា និង​ព្យាបាល​អ្នក​ញៀន​ថ្នាំ។

ទោះ​យ៉ាងណា លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង នៅតែ​បន្ត​លើក​ទឹកចិត្ត​ជំរុញ​ដល់​សមត្ថកិច្ច​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ផល​គ្រោះថ្នាក់​ដោយសារ​សារធាតុ​ញៀន​ទៅកាន់​ពលរដ្ឋ ពិសេស​ជា​យុវជន។

លោកស្រី​អភិបាលខេត្ត សង្កត់ធ្ងន់​ដែរ​ថា គ្រឿងញៀន ពុំ​មែន​ជា​ឱសថ​ជួយ​បំបាត់​ទុក្ខ​ព្រួយ ឬ ប៉ូវ​ថាមពល​កម្លាំងកាយ​នោះ​ទេ ពោល​ការ​ប្រើប្រាស់​គ្រឿងញៀន​ធ្វើ​ឲ្យ​ខូច​សុខភាព បង្ក​បញ្ហា​ដល់​គ្រួសារ បាត់បង់​សណ្ដាប់ធ្នាប់​សង្គម អាច​ស្លាប់ និង​ជា​អំពើ​ខុសច្បាប់​ឲ។ បញ្ហា​ទាំងនេះ ទាមទារ​ឲ្យ​មាន​វិធានការ​ចូលរួម​ទាំងអស់​គ្នា​ដែល​មិន​ខ្វះ​បាន។

ទាក់ទិន​បញ្ហា​គ្រឿងញៀន​នេះ ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្ត​កោះកុង គូស​បញ្ជាក់​ថា លំហូរ​ការ​ចែកចាយ​ចរាចរ​ជួញដូរ​គ្រឿងញៀន​មកពី​ប្រភព​ខាងក្រៅ​ខេត្ត ពុំ​មាន​សកម្មភាព​ដូច​ពេល​មុនៗ មានតែ​ការ​ជួញដូរ​បន្តិចបន្តួច​ប៉ុណ្ណោះ ដោយ​សមត្ថកិច្ច​បង្ក្រាប​បាន​ជា​បន្ត។

លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្ត​កោះកុង បច្ចុប្បន្ន​សមត្ថកិច្ច​របស់​លោក​នៅតែ​បន្ត​តាមដាន​ស៊ើបអង្កេត​រកមុខ​សញ្ញា​គ្រប់ពេលវេលា ករណី​មាន​ព័ត៌មាន​ណា​ជុំវិញ​គ្រឿងញៀន។ រីឯ​ប្រជាពលរដ្ឋ ប្រទះឃើញ​មាន​សកម្មភាព​ចរាចរ​គ្រឿងញៀន មេត្តា​សូម​ប្រញាប់​រាយការណ៍​ព័ត៌មាន​ភ្លាមៗ ទៅ​កាន់​សមត្ថកិច្ច ដើម្បី​អនុវត្ត​វិធានការ​ច្បាប់៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម