ព័ត៌មានជាតិ
សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” ជាឯកសារប្រវត្តិសាស្ត្រសំខាន់ចេញពីកំណត់ហេតុរបស់សម្តេចម៉ែ
សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” គឺជាសៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងព្រះរាជដំណើររបស់ទ្រង់ជាមួយព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ទៅកាន់តំបន់រណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣។ សៀវភៅនេះ ក៏ជាឯកសារប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជា។

សៀវភៅឯកសារមួយនេះ គឺជាសៀវភៅប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលពិសេសប្លែកគ្មាន២ ដែលព្រះមហាក្សត្រី បានសង្កេត និងកត់ត្រាផ្ទាល់ពីហេតុការណ៍ដែលកើតឡើងកំឡុងពេលព្រះរាជដំណើរដែលប្រទេសស្ថិតនៅក្នុងសង្គ្រាម។ ទ្រង់យាងព្រះរាជដំណើរជិត១ខែ យាងពីប្រទេសចិន មកដល់ប្រទេសវៀតណាម រហូតមកដល់កម្ពុជាកំឡុងពេលកម្ពុជាមានភាពវឹកវរ។
ក្នុងព្រះរាជដំណើរយ៉ាងសម្ងាត់បំផុតរបស់ព្រះអង្គទាំង២ ទ្រង់ចេញពីទីក្រុងប៉េកាំងដោយយន្តហោះទៅកាន់ទីក្រុងហាណូយ រួចយាងបន្តពីទីក្រុងហាណូយតាមរថយន្តទៅកាន់ខេត្តសៀមរាប ឆ្លងកាត់ផ្លូវលំ សីហនុ។ នៅក្នុងស្ថានភាពវឹកវរដោយសារសង្គ្រាម និងក្នុងពេលយាងដំណើរនេះ ព្រះអង្គបានកត់ត្រាពីភាពលំបាក និងគ្រោះថ្នាក់មួយចំនួន និងរៀបរាប់យ៉ាងលម្អិតអំពីបុគ្គលដែលទ្រង់បានជួប និងហេតុការណ៍ផ្សេងៗដោយគ្មានភាពលម្អៀងឡើយ។
សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” ត្រូវបានចងក្រងឡើងជាភាសាបារាំង ហើយក៏ជាការកត់ត្រាកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ទាល់តែម្តង ដោយមិនអាចកែប្រែអ្វីនោះទេ។ បន្ទាប់មក លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ.ហៃលឌ្រេស ក៏ត្រូវបានទ្រង់រាជានុញ្ញាតឱ្យបកប្រែសៀវភៅនេះពីភាសាបារាំង មកជាភាសាអង់គ្លេស និងរាជានុញ្ញាឱ្យវិទ្យាស្ថានស្លឹករឹតនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបោះពុម្ពផ្សាយឯកសារបកប្រែនេះ សម្រាប់ទុកជាឯកសារដល់កូនចៅជំនាន់ក្រោយ។

សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” បានចែកចេញជា ៤ផ្នែកនៃព្រះរាជដំណើររបស់ព្រះមហាក្សត្រ។ ផ្នែកទី១ និយាយអំពីការយាងចេញដំណើរ ផ្នែកទី២ ការយាងមកដល់ប្រទេសកម្ពុជា ផ្នែកទី៣ ការយាងជួបជាមួយប្រជានុរាស្ត្រកម្ពុជា និងផ្នែកទី៤ ការយាងត្រឡប់ទៅកាន់ប្រទេសចិនវិញ។
រយៈពេលដែលកម្ពុជាស្ថិតនៅក្នុងភាពលំបាកខ្លាំង ប្រទេសធ្លាក់ក្នុងសោកនាដកម្ម និងហេតុការណ៍យ៉ាងក្តៅគគុក ប៉ុន្តែព្រះមហាក្សត្រខ្មែរមិនបោះបង់ប្រជាជន និងជាតិរបស់ទ្រង់ឡើយ។ ទ្រង់នៅនៅតែតតាំងជាមួយហេតុការណ៍ទាំងនោះ ដោយមិនរួញរា ពុះពារគ្រប់ឧបសគ្គជាមួយនឹងប្រជារាស្ត្រខ្មែរសម្រាប់ជាតិមាតុភូមិ។

សៀវភៅនេះ ក៏បានរំលេចអំពីការលះបង់របស់ស្ត្រីជាមួយនឹងស្វាមី ទោះបីជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកលំបិនយ៉ាងណាក្តី ក៏ព្រះមហាក្សត្រីខ្មែរ នៅតែយាងទៅជាមួយព្រះស្វាមី ដើម្បីឱ្យបានដឹងពីស្ថានភាពប្រជារាស្ត្រ និងហេតុការណ៍នានា។ នេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញថា ស្ត្រី គឺជាកម្លាំងចលករសំខាន់មួយក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រទេសជាតិ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


