ព័ត៌មានជាតិ
ហេតុអ្វីការរម្លឹកថ្ងៃ៧មករានៅតែមានសារៈសំខាន់សម្រាប់ប្រជាជាតិខ្មែរ
ទិវាជ័យជម្នះ៧មករា ត្រូវបានប្រារពឡើងជារៀងរាល់ឆ្នាំដើម្បីរម្លឹកដល់ការដួលរលំនៃរបបឃោឃៅកម្ពុជាប្រជាធិបតេយ្យពីកម្ពុជា។ អ្នកវិភាគយល់ថាការរម្លឹកថ្ងៃជ័យជម្នះនេះជារឿងដែលចាំបាច់នឹងត្រូវធ្វើការពារកុំឱ្យមានសង្គ្រាម អំពើប្រល័យពូជសាសន៍កើតឡើងវិញ ក៏ដូចជាការគោរពដល់អ្នកដែលស្លាប់ និងរីករាយនូវការរស់រានមានជីវិតរបស់ប្រជាជនខ្មែរ។

អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ថ្ងៃ៧មករាគឺជាសច្ចៈភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលមិនអាចប្រកែកបាន។
លោកថា៖ «ប្រសិនយើងមិនទទួលស្គាល់សច្ចៈភាពប្រវត្តិសាស្ត្រនាថ្ងៃ៧មករានេះមាន័យថាយើងបានប្រមាថជនជាតិខ្មែរដែលបានស្លាប់ទៅរាប់លាននាក់ហើយក៏ប្រមាថភាពរស់រានមានជីវិតរបស់ខ្លួនឯងដែលបានជួយសង្គ្រោះ។ មានន័យថាមិនទទួលស្គាល់ការសង្គ្រោះ មិនទទួលស្គាល់ជីវិតរបស់ខ្លួនឯងដែលបានរស់រានមានជីវិតដោយសារការសង្គ្រោះហ្នឹងទេ»។
របបដឹកនាំអាវខ្មៅបានចូលដឹកនាំរដ្ឋដោយចុងកាណុងផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានសម្លាប់ពលរដ្ឋខ្មែរអស់ជាង២លាននាក់ និងបំផ្លាញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធរដ្ឋបាល បញ្ញាជនស្ទើអស់ពីកម្ពុជា។

កងទ័ពវៀតណាមតាមរយៈការស្នើសុំពីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងដោយសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជន១១នាក់ផ្សេងទៀតនៅស្រុកស្នូល ខេត្តក្រចេះ បានបើកការវាយឡុកលើខ្មែរក្រហមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ ដោយប្រើពេលតែ២សប្ដាហ៍ចូលដល់រដ្ឋធានីភ្នំពេញ កម្ទេចនូវរដ្ឋបាលស្នូលខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោកបណ្ឌិត យង់ ពៅ យល់ថាការសុំអន្តរាគមន៍ពីវៀតណាមពេលនោះគឺជារឿងដែលត្រឹមត្រូវដោយសារតែការពន្យារពេលកាន់តែយូរពលរដ្ឋខ្មែរស្លាប់កាន់តែច្រើន។
លោកថា៖ «ពេលនោះខាងក្រៅផ្សេងគឺមិនមានទេ(ដែលអាចមកជួយបាន) រួមទាំងសហរដ្ឋអាមេរិក អូស្ត្រាលីក្ដី សហភាពសូវៀតក្ដីគឺមិនអាចដង្ហើយហៅមកឱ្យទាន់ពេលវេលាទេ! បើរង់ចាំពិភពនៅក្រៅដ៏ឆ្ងាយនោះគឺគេត្រូវផ្ទៀតផ្ទាត់ទិដ្ឋភាពនយោបាយ ទិដ្ឋភាពផ្សេងៗទៀតទំរាំតែមកដល់អាចប្រជាជនខ្មែរស្លាប់អស់ហើយក៏មិនដឹង»។

ក្រោយការដួលរលំនៃរដ្ឋបាលខ្មែរក្រហមសង្គ្រាមនៅតែបន្តនៅកម្ពុជារហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបទទួលបានសន្ដិភាពទាំងស្រុងក្រោយអង្គការចាត់តាំងខ្មែរក្រហមរលំរលាយ។
របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិបង្ហាញក្នុងមហាសន្និបាតក្រុមប្រឹក្សាសន្ដិសុខនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩៩ បានសន្និដ្ឋានថា ក្រុមខ្មែរក្រហមពិតជាបានប្រព្រឹត្តិឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមែន តាមច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា ហើយថែមទាំងមានភស្ភុតាង និងសាក្សីគ្រប់គ្រាន់ដើម្បីចោទប្រកាន់មេដឹកនាំខ្មែរក្រហមផងដែរ។ ដូច្នេះហើយទើបសាលាក្ដីខ្មែរក្រហមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងបានបញ្ចប់ការងាររបស់ខ្លួននៅចុងឆ្នាំ២០២២ កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថាភាពជោគជ័យនៃសាលាក្ដីខ្មែរក្រហម បានបង្ហាញថាការវាយផ្ដួលរំលំខ្មែរក្រហមពីសំណាក់រណសិរ្សសាមគ្គីសង្គ្រោះជាតិ និងកងទ័ពវៀតណាម គឺជារឿងត្រឹមត្រូវបំផុតសម្រាប់កម្ពុជា និងពិភពលោក។

ការអបអរសាទរទិវាជ័យជម្នះ ៧ មករា ពិតជាមានសារៈសំខាន់ណាស់ដល់កម្ពុជាដើម្បីរម្លឹកប្រជាជនខ្មែរពីភាពសាហាវយង់ឃ្នងរបស់ខ្មែរក្រហមការពារកុំឱ្យរបបនេះត្រលប់វិញ ជាមួយគ្នានេះក៏ជាការដឹងគុណដល់ការលះបង់មេដឹកនាំដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រជាជនចេញពីរបបខ្មៅងងឹតនេះ។ ក្រៅពីបានជួយជីវិតពលរដ្ឋខ្មែរកាលពីជំនាន់នោះ ថ្ងៃ៧ ខែមករា នេះក៏ជាអំណរសម្រាប់ប្រជាជនខ្មែរទាំងប្រុសស្រីនាពេលបច្ចុប្បន្នទទួលនូវសុខសន្ដិភាព ការអភិវឌ្ឍន៍ មានសិទ្ធិសេរីភាព ដែលបានប្រើប្រាស់ដោយគ្មានការភ័យខ្លាច និងត្រូវបានការពារ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


