ព័ត៌មានជាតិ
អង្គការ IOMស្នើកម្ពុជាដាក់បេក្ខភាពប្រកួតយកជ័យលាភីទាក់ទងនឹងការប្រយុទ្ធប្រឆាំងការជួញដូរ
ភ្នំពេញ ៖ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ដែលហៅកាត់ថា IOM បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ដាក់បេក្ខភាពរបស់ខ្លួនប្រឡងជ័យលាភី ទាក់ទងនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ខណៈអង្គការនេះបានមើលឃើញប្រទេសកម្ពុជា ជាប្រទេសមួយដែលស្វិតស្វាញ និងសកម្មបំផុតក្នុងការទប់ស្កាត់ការជួញដូរមនុស្ស។
ថ្លែងនៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២១នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា «អង្គការ IOM បានមើលឃើញកិច្ចប្រឹងប្រែងរបស់កម្ពុជាសកម្មក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយទទួលបានលទ្ធផលល្អ ហើយបានស្នើឲ្យកម្ពុជាដាក់ក្នុងបញ្ជីបេក្ខភាពក្នុងប្រទេសដែលទទួលបានជ័យលាភីនៅលើពិភពលោក ហើយករណីនេះហើយទាក់ទងនឹងការស្នើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកបានចុះហត្ថលេខារួចហើយដែរ ដើម្បីដាក់បេក្ខភាពនេះ ប៉ុន្តែយើងមិនទាន់ដឹងថានឹងត្រូវដាក់នៅពេលណានោះទេ»។

លោកស្រីបានបន្តថា អង្គការIOMបានជួយដល់ពលករខ្មែររងគ្រោះជាច្រើនពីសំណាក់មេខ្យល់ ដែលបានបោកពួកគេឲ្យទៅធ្វើការនៅក្រៅប្រទេស ហើយអង្គការអន្តរជាតិមួយនេះ ក៏បានចូលរួមយ៉ាងសកម្មបំផុតជាមួយប្រទេសកម្ពុជាផងដែរ ក្នុងកិច្ចការនេះដោយទទួលបានលទ្ធផលយ៉ាងច្រើនតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។
ទាក់ទងនឹងការងារនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះដែរ លោក ស្រី ជូ ប៊ុនអេង បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ស្ថាប័ន រាជធានី-ខេត្ត បានបន្ដសកម្មភាពរបស់ខ្លួនទៅតាមទិសដៅដែលបានគ្រោងទុក ទោះបីមានបញ្ហាជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ។
លោកស្រីរដ្ឋលេខាធិការបានលើកឡើងទៀតថា « ក្នុងដំណាក់កាលកម្ពុជាកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច ពលករអត់ការងារធ្វើ ដោយមានការបិទរោងចក្រជាដើម ហើយទីបំផុតមានពលករខ្មែរត្រឡប់មកវិញជាង១៣ម៉ឺននាក់។ ប៉ុន្ដែឱកាសនេះឯង ដែលជនជួញដូរមនុស្សគេឆ្លៀតឱកាសនេះ ដើម្បីយកផលចំណេញពីកម្មករ-កម្មការិនី ដែលអត់ការងារធ្វើ ដូច្នេះសមត្ថកិច្ចត្រូវមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាតការនាំមនុស្សចេញដោយខុសច្បាប់ ខណៈបញ្ហានេះនៅបន្តមាននៅឡើយនោះ»។
លោកស្រីបានបន្ថែមថា ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា មានប្រសិទ្ធភាព ភាគីពាក់ព័ន្ធត្រូវប្រកាន់គោលការណ៍សកម្មភាពមួយចំនួនដូចជា ការបង្ការទប់ស្កាតអំពើជួញដូរមនុស្ស, ជួយជនរងគ្រោះ និងការអនុវត្តច្បាប់ជាដើម៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


