ព័ត៌មានជាតិ
ន.ទ.ក. តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទទុកពេល ៩០ថ្ងៃ មុនដកហូតលេខទូរស័ព្ទភ្ញៀវ
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទុកពេលដល់អ្នកប្រើប្រាស់ក្រោយពេលផុតសុពលភាពទឹកប្រាក់ក្នុងគណនីគោលមុននឹងដកហូតលេខទុរស័ព្ទ និងដាក់លក់លេខសាជាថ្មីឡើងវិញ។

យោងតាមសេចក្ដីណែនាំស្តីរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ដែលទើបទទួលបាននៅថ្ងៃទី១៥ ខែសីហានេះ បានឱ្យដឹងថា កន្លងមក ន.ទ.ក. បានសង្កេតឃើញ និងទទួលបានការតវ៉ាពីសំណាក់ អ្នកប្រើប្រាស់ទូរស័ព្ទ ចល័តពាក់ព័ន្ធនឹងការណ៍ដែលលេខទូរស័ព្ទរបស់ខ្លួនត្រូវបានដកហូតយកទៅលក់ឱ្យអ្នកប្រើប្រាស់ផ្សេងទៀត ដោយសារតែលែងមានទឹកប្រាក់ក្នុងគណនីគោល ហើយរយៈពេល នៃការជូនដំណឹងមុនឈានដល់ការដកហូត គឺខ្លីពេក ដែលពួកគាត់ពុំអាចទទួលយកបាន។ ទន្ទឹមនេះ អ្នកប្រើប្រាស់ក៏មានការរអ៊ូរទាំ ចំពោះការខាតបង់ទឹកប្រាក់ក្នុងគណនីគោល នៅពេលផុតសុពលភាពប្រើប្រាស់ ហើយបញ្ចូលទឹកលុយសារជាថ្មី ប៉ុន្តែពុំមានការបូកយោងបន្តទឹកប្រាក់ក្នុងគណនីគោល។

ដើម្បីចៀសវាងនូវបាតុភាពដដែលៗដូចបានរៀបរាប់ខាងលើ និងក្នុងគោលបំណងការពារផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ន.ទ.ក. សូមធ្វើការណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ត្រូវកំណត់រយៈពេល នៃការបន្តបើកដំណើរការលេខទួរស័ព្ទ ចល័តរបស់អ្នកប្រើប្រាស់ ក្រោយពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ដោយបែងចែកជាដំណាក់កាល គឺដំណាក់កាលទី១ ត្រូវកំណត់រយៈពេល ៦០ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវ ការហៅទូរស័ព្ទចេញ ការផ្ញើសារខ្លី (SMS) ចេញ និងការប្រើប្រាស់ទិន្នន័យ។ ដំណាក់កាលទី២ ត្រូវកំណត់រយៈពេល ៣០ថ្ងៃ សម្រាប់ផ្អាកជាបណ្ដោះអាសន្ននូវ ការហៅទូរស័ព្ទចេញនិងចូល ការផ្ញើសារខ្លី (SMS) ចេញ និងចូល និងការប្រើប្រាស់ទិន្នន័យ។ ទាំងពីរដំណាក់កាលនេះអ្នកប្រើប្រាស់អាចហៅទូរស័ព្ទចេញទៅកាន់លេខសង្គ្រោះ បន្ទាន់ ១១៧ (នគរបាល) ១១៨ (រថយន្តពន្លត់អគ្គីភ័យ) និង ១១៩ (រថយន្ត សង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។
ចំណែកដំណាក់កាលទី៣ ត្រូវបញ្ឈប់ដំណើរការ និងបន្តរក្សាទុកលេខទួរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេល ៩០ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់លេខទូរស័ព្ទចល័ត អាចស្នើសុំឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត បើកដំណើរការសាជាថ្មី នូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ។ បន្ទាប់ពីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ខាងលើ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តអាចដកហូតលេខទួរស័ព្ទចល័ត ដែលពុំមានការប្រើប្រាស់ និងដាក់លក់លេខទូរស័ព្ទនោះសាជាថ្មីឡើងវិញ។
ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ត្រូវមានកាតព្វកិច្ចរក្សាទុកកំណត់ត្រា នៃអត្តសញ្ញាណ របស់គ្រប់អ្នកចុះឈ្មោះប្រើប្រាស់ទូរស័ព្ទចល័ត (ទាំងអ្នកចាស់ និងអ្នកថ្មី) ព្រមទាំងត្រូវកំណត់ លក្ខខណ្ឌពាក់ព័ន្ធនឹងការណែនាំខាងលើនេះ ឱ្យបានច្បាស់លាស់ ក្នុងកិច្ចសន្យាជាវសេវា។ ជាមួយគ្នានេះ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ត្រូវកំណត់លក្ខខណ្ឌឱ្យមានការបូកយោងបន្តសុពលភាព នៃគណនីគោល នៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់ ដោយគិតចាប់ពីសុពលភាពចុងក្រោយ នៃទឹកប្រាក់ក្នុង គណនីគោល។ និយ័តករទូរគមនាគមន៍កម្ពុជា ណែនាំដល់គ្រប់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ត្រូវអនុវត្តតាមសេចក្ដីណែនាំនេះឱ្យបានម៉ឺងម៉ាត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


