ព័ត៌មានជាតិ
វេជ្ជបណ្ឌិត គួច ម៉េងលី មានបំណងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យអប់រំនិងវិស័យសុខាភិបាលកាន់តែល្អប្រសើរឡើង
ភ្នំពេញ ៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនមានបំណងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យអប់រំនិងវិស័យសុខាភិបាល កាន់តែប្រសើរឡើង ដោយមិនឱ្យចាញ់ប្រទេសក្បែរខាងឡើយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យរីកចម្រើន។

អ្នកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនបាន គឺពឹងផ្អែកខាងស្រុងលើវិស័យអប់រំ ព្រោះជាវិស័យបណ្តុះបណ្តាលធនធានមនុស្ស។ សម្រាប់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានបំណងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យអប់រំនិងវិស័យសុខាភិបាល មានភាពប្រសើរឡើង ដោយមិនឱ្យចាញ់ប្រទេសក្បែរខាងយើងឡើយ។

លោកបន្តថា សម្រាប់រាជរដ្ឋាភិបាលចាស់និងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានគិតគូរដូចគ្នា ក្នុងការលើកកំពស់លើវិស័យអប់រំនេះ គឺការមិនយកពន្ធលើវិស័យអប់រំនិងការបន្តមិនយកពន្ធ១០០%រយៈពេល៥ឆ្នាំទៀត។ នេះជាការគិតគូរត្រូវរបស់ថ្នាក់ដឹកនាំប្រទេស ក្នុងបង្កើតធនធានមនុស្សឱ្យបានច្រើននៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យអាណាព្យាបាលសិស្ស ឱ្យកូនរៀនភាសាខ្មែរមុន ភាសាបរទេស ទើបជាការល្អ ហើយវាមិនបាត់អត្តសញ្ញាណអក្សរនិងភាសាខ្មែរយើងផងដែរ។
ការលើកឡើងបែបនេះរបស់អ្នកឧកញ៉ា គួច ម៉េងលី បានធ្វើឡើងក្នុងពិធីសម្ពោធសាខាថ្មីសន្លាងមួយទៀតរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីបអាមេរិកាំង សាខាសែនសុខ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ។
សាខាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំងខាងលើនេះ មានទំហំដីរហូតដល់៣ហិកតា ស្ថិតនៅទីតាំងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលភាសា អេ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យអប់រំ ប្រកបដោយសមិទ្ធផលដ៏អស្ចារ្យ និងផាសុកភាពក្នុងការសិក្សា។ បរិក្ខារទំនើបៗ ក្នុងទីតាំងនីមួយៗបានជំរុញឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍន៍ និងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក។

បើទោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរួចទៅហើយចំពោះសេវាកម្មអប់រំ យើងនឹងបន្តមានគំនិតផ្តួចផ្តើមបង្កើននូវចក្ខុវិស័យដ៏រឹងមាំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយយើងនឹងមានគោលដៅបំពេញតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាព ជាមួយនឹងកម្មវិធីសិក្សា ផ្អែកលើតម្រូវការរបស់សិស្ស ដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងការអប់រំបរិវត្តន៍កម្មឌីជីថលនៅសតវត្សរ៍ទី២១។

យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញសិស្សានុសិស្ស និងបណ្តានិស្សិតក្នុងការសិក្សា និងបង្កើនជំនាញភាសារបស់ពួកគេជាមួយនឹងកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិ និងអ្នកជំនាញខាងអប់រំប្រកបដោយសមត្ថភាព និងបទពិសោធច្រើនឆ្នាំ។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបានគេស្គាល់ជាទូទៅថា ជា អ្នកជំនាញខាងវិស័យអប់រំ បានថ្លែងថា លោក និងសហការី ពិតជាមានមោទនភាព និងសេចក្តី សោមនស្សក្រៃលែង ចំពោះអគារសិក្សាថ្មីនេះ ហើយលោកសង្កត់ធ្ងន់ថា នេះគឺជាសមិទ្ធផលធំមួយទៀតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់ពីបើកដំណើរការដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង១២សាខាក្នុងរាជធានីភ្នំពេញ។

គួររម្លឹកថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានបង្កើត ឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក ប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅអំឡុងឆ្នាំ២០០៥ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មាន១៨សាខា ក្នុងនោះ១៤សាខាស្ថិតលើទឹកដីរាជធានីភ្នំពេញ ២សាខាទៀតស្ថិតលើទឹកដីខេត្តសៀមរាប ខណៈ២សាខាទៀតគឺស្ថិតនៅលើទឹកដីខេត្តតាកែវ។ បន្ទាប់ពីសម្ពោធដាក់ឱ្យដំណើរការសាខាសែនសុខនេះហើយ គណៈគ្រប់គ្រងសាលា Aii និង AIS គ្រោងបន្តបើកដំណើរការសាខាថ្មីជាច្រើនទៀត ដូចជាសាខាច្បារអំពៅក្នុងឆ្នាំ២០២៣ សាខាទួលសង្កែ ចំការដូង បាត់ដំបង កំពង់ចាម កំពង់សោម ជាដើម។ បន្ថែមលើនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់អាហារូបករណ៍រហូតដល់ ៤០% និងសាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់អាហារូបករណ៍រហូតដល់១៥% សម្រាប់សាខាសែនសុខ៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ