Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន គ្រោងចុះ MOU បង្កើនកិច្ចសហប្រតិបត្តិការ​វិនិយោគគ្រប់ជ្រុងជ្រោយ ៦ចំណុចបន្ថែមទៀត

បានផុស

នៅ

កម្ពុជា-ចិន នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៦បន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​វិនិយោគគ្រប់ជ្រុងជ្រោយ និងជាកាតាលីករដ៏ស័ក្តិសិទ្ធិក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគឱ្យភ្លឺថ្លាដូចត្បូងពេជ្រ ស្របជាមួយនឹងគោលនយោបា យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបសម្តែងការគួរសមជាមួយលោកស្រី ចុង ជី ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មីអមស្ថានទូតនៃសាធារណរដ្ឋប្រ​ជាមានិត​ចិននៅកម្ពុជា កាលពីរសៀលថ្ងៃទី០៦កញ្ញា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានមានប្រសាសន៍ថា ចំពោះមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមិត្តចិន តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់និងក្រសួងពាណិជ្ជកម្ម នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៦បន្ថែមទៀត ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយ ដែលមានវិសាលភាពគ្របដណ្តប់លើការជំរុញ​វិនិយោគក្នុង​វិស័យឌីជីថល, ឧស្សាហូបនីយកម្មប្រភេទថ្មី, ការអភិវឌ្ឍបៃតង និងការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម។ កិច្ចខិត​ខំប្រឹងប្រែងទាំងនេះ គឺដើម្បីរៀបចំថ្នាលផ្តល់កិច្ចសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល​ដល់វិនិ​យោគិន ជាពិសេសវិនិយោគិនចិន។

លោកបានបន្តថា អនុស្សារណៈយោគយល់គ្នាទាំង ៦ ដែលត្រូវចុះហត្ថលេខានាពេលខាងមុខ គឺជាកាតាលីករ​ដ៏ស័ក្តិសិទ្ធិក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគឱ្យភ្លឺថ្លាដូចត្បូងពេជ្រ ស្របជាមួយនឹងគោលនយោបាយ​របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ចុង ជី បានសម្តែងនូវការគាំទ្រចំពោះការប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយសន្យាថា នឹងខិតខំ​ណែ​នាំឱ្យវិនិយោគិនចិនធ្វើការឱ្យបានស្អិតរមួតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំដៅបណ្តាក់ទុនវិនិយោគ​បន្ថែមទៀត​លើគ្រប់វិស័យដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រីមានជំនឿយ៉ាងមុតមាំ ចំពោះការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ដែលនឹងជួយឱ្យការ​អភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនទៅមុខ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម