ព័ត៌មានជាតិ
ស្ត្រី៧រូប ត្រូវចាត់តាំងជារដ្ឋមន្ត្រីស្ដីទីនៃក្រសួង៧ ផ្សេងៗគ្នា ពេលរដ្ឋមន្ត្រីអវត្តមាន
ក្រោយរាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានចូលកាន់តំណែងជាផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចាត់តាំងរដ្ឋលេខាធិការប្រចាំការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋានចំនួន២៧ ដែលរដ្ឋលេខាធិការប្រចាំការនេះ មានតួនាទីជារដ្ឋមន្ត្រីស្ដីទី ពេលរដ្ឋមន្ត្រីអវត្តមាន។ ក្នុងចំណោមរដ្ឋលេខាធិការប្រចាំការទាំងនេះ ក៏មានឥស្សរជនស្ត្រីចំនួន៧រូបដែរ ទទួលបានការចាត់តាំងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងផ្សេងៗគ្នា។

លោកស្រី ចាន់ សុទ្ធាវី ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់តាំងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌។ ក្នុងនាមជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ លោកស្រី ចាន់ សុទ្ធាវី មានភារកិច្ចជួយរដ្ឋមន្ត្រីលើការងារទូទៅប្រចាំថ្ងៃតាមការប្រគល់ភារកិច្ចរបស់រដ្ឋមន្ត្រី និងដឹកនាំការងារប្រចាំថ្ងៃរបស់ក្រសួង ក្នុងឋានៈជារដ្ឋមន្ត្រីស្តីទី ក្នុងករណីរដ្ឋមន្ត្រីអវត្តមាន។ បន្ថែមពីនេះ លោកស្រី ចាន់ សុទ្ធាវី ក៏ត្រូវទទួលបន្ទុកលើការងារអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី និងការងាររបស់អង្គភាពនានាចំណុះក្រសួងយុត្តិធម៌ ឬការងារតាមវិស័យរបស់ក្រសួង តាមការប្រគល់ភារកិច្ចរបស់រដ្ឋមន្ត្រី ព្រមទាំងការងារ យេនឌ័រ និងស្ត្រី។

រីឯ លោកស្រី ជា ស៊ុនដាណែត ត្រូវបានចាត់តាំងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងព័ត៌មាន ក្រោមការដឹកនាំដោយលោក នេត្រ ភក្ត្រា ជារដ្ឋមន្ត្រី។ លោកស្រី ជា ស៊ុនដាណែត ត្រូវទទួលបន្ទុកសម្របសម្រួលលើការដឹកនាំការងារប្រចាំថ្ងៃរបស់ក្រសួងព័ត៌មាន ដឹកនាំការងារជាយុទ្ធសាស្ត្រលើកិច្ចការផែនការ ថវិកា គោលនយោបាយ និងអធិការកិច្ចរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។ រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មានរូបនេះ ត្រូវដឹកនាំការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងព័ត៌មាន ជាប្រធានក្រុមប្រឹក្សាវិន័យ ដឹកនាំ សម្របសម្រួលការងារពិធីការ និងការដឹកនាំការងារក្រសួង ពេលអវត្តមានរដ្ឋមន្ដ្រី តាមការប្រគល់សិទ្ធិ។
លើសពីនេះ លោកស្រី ជា ស៊ុនដាណែត ក៏ត្រូវមានភារកិច្ចពិនិត្យ និងចុះហត្ថលេខាលើលិខិតចាត់តាំង ចាត់បញ្ចូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ទៅក្រសួងស្ថាប័ននានា ពិនិត្យ និងចុះហត្ថលេខាលើសំណើសុំអញ្ជើញតំណាងក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ចូលរួមកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងកម្មវិធីនានារបស់ក្រសួង ពិនិត្យ និងសម្រេចអនុញ្ញាតច្បាប់ឈប់សម្រាករយៈពេលខ្លីចាប់ពី១ថ្ងៃ ដល់៥ថ្ងៃ សម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន ដែលមានឋានៈចាប់ពីអគ្គនាយកចុះ។

ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏មានរដ្ឋលេខាធិការប្រចាំការ ជាស្រ្តីដែរ គឺលោកស្រី គឹម សេដ្ឋានី។ លោកស្រី គឹម សេដ្ឋានី ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ និងជារដ្ឋមន្ត្រីស្ដីទី ក្នុងករណីលោក ហង់ជួន ណារ៉ុន មានធុរៈ ឬមានបេសកកម្មនៅក្រៅប្រទេស និងទទួលខុសត្រូវក្នុងការងារចាត់ចែងការងាររដ្ឋបាល អង្គភាពលទ្ធកម្ម នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នាយកដ្ឋាននីតិកម្ម អប់រំកុមារតូច ព្រមទាំងការងារបង្ការ និងទប់ស្កាត់គ្រឿងញៀន និងជួញដូរមនុស្ស។

ដោយឡែក រដ្ឋលេខាធិការប្រចាំការចំនួន ៤រូបផ្សេងទៀត រួមមាន លោកស្រី សុខ វិឡាយ ជារដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


