ព័ត៌មានជាតិ
សិស្សវិទ្យាល័យមកពីខេត្ត២ ជាប់ការប្រកួតរឿងខ្លី និងបានឱកាសទៅប្រកួតនៅជប៉ុន
សិស្សានុសិស្សកម្រិតវិទ្យាល័យមកពីបណ្តាខេត្តចំនួន២ គឺមកពីវិទ្យាល័យក្នុងខេត្តបាត់ដំបងចំនួន២ក្រុម និងខេត្តតាកែវ១ក្រុម បានជាប់ការប្រកួតភាពយន្តកុមារអន្តរជាតិអាស៊ី២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាលើកទី១២ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។ កម្មវិធីនេះ រៀបចំដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-ជប៉ុន (CJCC)។

កម្មវិធីប្រកួតនេះ មានរឿងខ្លីរយៈពេល៣នាទី និងមាន១៣រឿងដែលផលិតដោយសិស្សវិទ្យាល័យ១៣ក្រុម ១ក្រុមមានសមាជិក៣នាក់ មកពីវិទ្យាល័យ៨ ទាំងនៅរាជធានីភ្នំពេញ និងខេត្តផ្សេងទៀត។ ក្នុងចំណោមរឿងខ្លីទាំង ១៣នេះ គឺមានការជ្រើសរើសដោយគណៈកម្មការយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ហើយទាំង៣ក្រុម ដែលបានជាប់ នឹងមានឱកាសទៅប្រកួតនៅប្រទេសជប៉ុន រួមទាំង ប្រទេសជាសមាជិកអាស៊ានទាំង១០ និងទីម័រខាងកើតផងដែរ។
សម្រាប់ការប្រកួតក្នុងប្រទេសនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ គឺក្រោមប្រធានបទ “អ្វីដែលខ្ញុំចង់បាន” ហើយចំណាត់ថ្នាក់លេខ១ បានទៅលើសិស្សថ្នាក់ទី១០ នៅវិទ្យាល័យ ពេជ្រចិន្តា នៅខេត្តបាត់ដំបង រឿងមានចំណងជើងថា “អ្វីដែលខ្ញុំចង់បាន” មានសមាជិក៣នាក់គឺ កញ្ញា រ៉ាត់ យ៉ារ៉ូ កញ្ញា ពៅ សុវណ្ណារតន៍ និងយុវជន នី ថិរាយុ។ ជ័យលាភីលេខ២ បានទៅលើសិស្សមកពីវិទ្យាល័យ នេតយ៉ង់ ស្ថិតនៅខេត្តបាត់ដំបង ជាប់លើចំណងជើងរឿង “អ្វីដែលខ្ញុំចង់បាន មិនមែនសម្រាប់ខ្លួនឯង” មានសមាជិកដូចជា កញ្ញា ស៊ិម ស្រីលៀប កញ្ញា សម្បត្តិ ភាណា និងកញ្ញា ឡេង ចាន់ស្រីនាង។ ចំណាត់ថ្នាក់លេខ៣ បានទៅលើយុវជនមកពីសាលាសុវណ្ណាភូមិ ខេត្តតាកែវ គឺយុវជន ជុំ មុន្នីរតន, ឈិន ប៉ាន់សុមេធកុលបុត្ត និង សន ម៉ៅវិសាល លើស្នាដៃរឿង “អ្វីដែលខ្ញុំចង់បានពិតប្រាកដ”។

ក្រុមជ័យលាភីលេខ១ ដែលមកពីវិទ្យាល័យ ពេជ្រចិន្តា បានឱ្យដឹងថា សាច់រឿងខ្លីមានមានចំណងជើងថា “អ្វីដែលខ្ញុំចង់បាន” ដែលក្រុមខ្លួនបានផលិត និងយកមកប្រកួត គឺឆ្លុះបញ្ចាំងពីជីវិតតស៊ូ និងការខិតខំពិតប្រាកដរបស់សិស្សវិទ្យាល័យ ដែលជំរុញទឹកចិត្តឱ្យសិស្សដទៃទៀតមានការខិតខំរៀនសូត្រ និងធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ។ កត្តាដែលជំរុញឱ្យក្រុមនេះចូលរួមប្រកួត គឺកើតចេញពីខ្លួនឯងផ្ទាល់ ការជំរុញពីម្តាយឪពុក និងសហគមន៍ទាំងមូល។
តំណាងក្រុមបាននិយាយថា៖ “ប្រសិនជាអត់មានសាលា អត់មានការចូលរួមពីមិត្តភក្តិ អត់មានការចូលរួមពីតួសម្តែងទាំងអស់នេះទេ គឺពួកខ្ញុំមិនអាចមានថ្ងៃនេះផងដែរ”។ បន្ថែមពីនេះ តាមរយៈការទៅប្រកួតនៅប្រទេសជប៉ុន ក្រុមពេជ្រចិន្តា បានប្តេជ្ញានឹងនាំយកល្ខោនខោលដែលមាននៅក្នុងសាច់រឿង និងតថភាពដ៏ស្រស់ស្អាតក្នុងវិទ្យាល័យរបស់ពួកគេ រួមទាំងសហគមន៍ពួកគេផងដែរសម្រាប់ផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។

សូមជម្រាបថា ក្នុងដំណើរការដាក់ពិន្ទុលើសាច់រឿងខ្លីទាំង ១៣រឿងនេះ គឺមានការពិនិត្យ និងវាយតម្លៃយ៉ាងក្រឹត្យក្រមពីគណៈកម្មការ។ សម្រាប់ក្រុមទាំង៣ ដែលទទួលបានជ័យលាភី នឹងបានចូលរួមប្រកួតនៅប្រទេសជប៉ុន ជាមួយនឹងប្រទេសក្នុងអាស៊ានផ្សេងទៀត នៅថ្ងៃទី១៦ ខែធ្នូ ខាងមុខ រួមជាមួយនឹងដំណើរទស្សនកិច្ច និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកថែមទៀតផង៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


