លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ការទទួលចុះឈ្មោះចាក់វ៉ាក់សាំង គឺក្រុមការងារកំពុងដំណើរការបង្កើតប្រព័ន្ធអេឡិចត្រូនិកទទួលការចុះឈ្មោះអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនឹងអាចរួចរាល់នៅពេលឆាប់ៗខាងមុខ។
លោកស្រី មានប្រសាសន៍ថា៖ “ក្រុមការងារខាងប្រព័ន្ធ Application កំពុងតែធ្វើ [ប្រព័ន្ធអេឡិចត្រូនិកទទួលការចុះឈ្មោះអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩] ដែលនឹងរួចរាល់ក្នុងពេលឆាប់ៗនេះ ហើយនៅពេលរួចរាល់ ក្រសួង [សុខាភិបាល] នឹងប្រកាសជូនសាធារណជនជ្រាប និងចូលចុះឈ្មោះ”។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម វង្សី វិស្សុត បានមានប្រសាសន៍ថា កម្ពុជាត្រៀមនឹងចុះឈ្មោះអ្នកដែលចាក់វ៉ាក់សាំងកូវីដ-១៩ តាមប្រព័ន្ធអេឡិចត្រូនិក ឬ E-Register ក្នុងពេលឆាប់ៗ នេះ។
ឯកឧត្ដម វង្សី វិស្សុត មានប្រសាសន៍ថា៖ “ឥឡូវរដ្ឋាភិបាលកំពុងធ្វើផែនការចុះឈ្មោះ (Platform Registration) ចាក់វ៉ាក់សាំង ហើយបែងចែកជា ២ដំណាក់កាល គឺសម្រាប់អ្នកនៅភ្នំពេញ នឹងប្រើប្រាស់កម្មវិធី (App) របស់ក្រសួងសុខាភិបាល សម្រាប់ផែនការចាក់ទូទាំងប្រទេសវិញ នឹងមានទម្រង់ធំមួយដែលកំពុងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ”។
កាលពីរសៀលថ្ងៃពុធកន្លងទៅថ្មីៗនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្នុងចំណោមចាក់សាំងចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងមកដល់កម្ពុជានាចុងសប្ដាហ៍នេះ នឹងត្រូវបានបែងចែកទៅខាងកងទ័ពចំនួន៣០ម៉ឺនដូស និងខាងក្រសួងសុខាភិបាលចំនួន៣០ម៉ឺនដូស។
ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
តាមការគ្រោងទុកនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំង១១លានដូស ស្របពេលកម្ពុជាត្រៀមទិញវ៉ាក់សាំងឱ្យគ្រប់២០លានដូស សម្រាប់ប្រជាពលរដ្ឋ១០លាននាក់។ ប្រមុខរដ្ឋាភិបាល បានប្រកាសថា សម្ដេចនឹងទៅទទួលវ៉ាក់សាំងពីចិនដោយផ្ទាល់ នៅព្រលានយន្តហោះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានប្រកាសដែរថា សម្ដេចនឹងចាក់វ៉ាក់សាំងកូវីដ-១៩មុនគេ ដោយមិនមានការភ័យខ្លាច ដើម្បីធ្វើជាគំរូមួយ ដែលផ្ដល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ។ សម្ដេចបានបន្ថែមថា គ្រូពេទ្យដែលចាក់វ៉ាក់សាំងឱ្យសម្ដេច ក៏ត្រូវចាក់វ៉ាក់សាំងនេះដែរ។
សម្តេច ហ៊ុន សែន បានឱ្យដឹងថា អ្នកដែលមានសិទ្ធិអាទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩មុនគេមានជាង៤២ម៉ឺននាក់ ក្នុងនោះសុទ្ធសឹងជាអ្នកធ្វើការមានហានិភ័យខ្ពស់រាប់ចាប់ពី អ្នកប្រមូលសំរាម អនាម័យទីក្រុង អ្នកបើកបរ ព្រះសង្ឃ កីឡាករ កងទ័ព មន្ត្រីសុខាភិបាល មន្ត្រីអប់រំ មន្រ្តីរាជការស៊ីវិល មន្ត្រីតុលា មន្ត្រីពន្ធនាគារ រដ្ឋបាលព្រៃឈើ ជលផល មន្ត្រីអគ្គីសនី ក្រុមប្រឹក្សាខេត្តក្រុម រដ្ឋបាលជលផលនិងមន្រ្តីផ្សេងៗទៀតដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់៕
អត្ថបទ៖ វីរៈ