ព័ត៌មានជាតិ
សម្ដេចធិបតី៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋ
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាជ្ញាធរជាតិនេះ នឹងក្លាយជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋក្នុងការដោះស្រាយបញ្ហា ប៉ុន្តែ មិនមែនជាយន្តការបង្ខិតបង្ខំនោះទេ។

បើតាមលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការថ្នាក់ជាតិថ្មីមួយ ដែលនឹងបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ សំដៅឆ្លើយតបទៅនឹងការងារកែទម្រង់វិស័យយុត្តិធម៌ ដែលជាវិធានគន្លឹះមួយ ក្នុងចំណោមវិធានគន្លឹះទាំង៥ ដាក់ចេញដោយសម្តេចធិបតី នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ យន្តការថ្មីនេះ មានគោលបំណងដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពរហ័សរហួនក្នុងការដោះស្រាយវិវាទ ដោយនឹងជួយកាត់បន្ថយការកកស្ទះសំណុំនៅតុលាការ បង្ខិតសេវាដោះស្រាយវិវាទឱ្យដល់ពលរដ្ឋនៅមូលដ្ឋាន និងធានាសុខដុមរមនា និងយុត្តិធម៌សង្គម។
ជុំវិញនៃការរៀបចំយន្តការថ្មីនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ដូច្នេះថា៖ «កិច្ចការទាំងនេះ គឺដើម្បីផ្ដល់នូវជម្រើសបន្ថែមជូនប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហា ហើយសូមបញ្ចាក់ យន្តការថ្មីនេះ ការអនុវត្តមិនមែនធ្វើឡើងដើម្បីបង្ខិតបង្ខំពលរដ្ឋឱ្យទៅប្រើសេវានេះទេ ប៉ុន្តែ ជាជម្រើសបន្ថែមសម្រាប់ប្រជាពលដ្ឋ»។ ការបញ្ជាក់របស់សម្ដេចធិបតី បង្កក្រែងមានការបកស្រាយនានា ដែលខុសពីគោលបំណងនៃការបង្កើតយន្តការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកនេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ដូច្នេះថា៖ «ក្រែងមានការបកស្រាយខុសពីហ្នឹង ថាទៅចាប់បង្ខំ ទី១ មានបញ្ហាត្រូវតែទៅដោះស្រាយនៅតុលាការ បើអត់ដោះស្រាយនៅតុលាការ ត្រូវបង្ខំទៅដោះស្រាយតាមយន្តការនេះ គឺមិនមែនទេ គឺជាការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ ហើយផ្ដល់ភាពស្របច្បាប់ជូនគាត់»។ សម្ដេចធិបតី បន្ថែមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គ្រាន់តែជាជម្រើស ហើយក៏ដូចជាការជួយដោះស្រាយវិវាទ ដោយធ្វើយ៉ាងណាបំពេញនូវភាពស្របច្បាប់សម្រាប់ការដោះស្រាយក្រៅប្រព័ន្ធនេះ ឱ្យមានទម្ងន់ជាផ្លូវច្បាប់ កុំឱ្យសម្របសម្រួលក្រៅផ្លូវការហើយ អត់មានអីបញ្ជាក់នូវផ្លូវច្បាប់ណាមួយ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្ឃឹមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងជំរុញបង្ខិតសេវាយុត្តិធម៌ឱ្យកាន់ជិតពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាយថវិកា និងពេលវេលា សម្រួលបន្ទុកការកកស្ទះសំណុំរឿងនៅតុលាការ ជាពិសេសធ្វើសុខដុមរមនីយកម្មសហគមន៍។ ជាមួយគ្នានេះ សម្ដេច ក៏បានណែនាំឱ្យក្រសួងយុត្តិធម៌ ត្រូវធ្វើ សន្ទនាកម្មរវាងយន្តការនេះជាមួយយន្តការដែលមានស្រាប់ដទៃ ដូចជា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជាដើម ដើម្បីធានាថា យន្តការមិនជាន់តួនាទីភារកិច្ចគ្នា ដោយមានភាពបំពេញឱ្យគ្នាទៅវិញទៅមក។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤ សំខាន់ៗ រួមមាន៖ ទី១. សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។ ទី២. សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ទី៣. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ និងទី៤. បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


