Connect with us

ព័ត៌មានជាតិ

តោះ! មក​ស្វែងយល់​គណៈកម្មការត្រួតពិនិត្យតាមអគារ​មណ្ឌលប្រឡង​បាក់ឌុប មានការ​ទទួល​ខុសត្រូវយ៉ាងណាខ្លះ?

បានផុស

នៅ

គណៈកម្មការត្រួតពិនិត្យតាមអគារ ស្ថិត​នៅ​ក្នុង​រចនាសម្ព័ន្ធ​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ចាត់ចែង​ការងារ​មួយ​ចំនួន​សម្រាប់​ដំណើរការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (បាក់ឌុប)។

គណៈកម្មការត្រួតពិនិត្យតាមអគារ ទោះក្នុងស្ថានភាពបែបណា​ក៏ត្រូវរក្សាភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សមាសភាព

សមាសភាពគណៈកម្មការត្រួតពិនិត្យអគារ ត្រូវជ្រើសរើសក្នុងចំណោមគ្រូបង្រៀនថ្នាក់ទី ១២ មុខវិជ្ជា​មិនប្រឡងមួយចំនួន បុគ្គលិកអប់រំ​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​មួយ​ចំនួន​ និង​បុគ្គលិកអប់រំនៃ​ការិយាល័យ​អប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌមួយចំនួន ដែលមានសមត្ថភាព សុចរិតភាព សកម្ម​ឈ្លាសវៃ ហ្មត់ចត់​នឹងការងារ ហើយត្រូវបានស្នើឡើង​ដោយ​ប្រធានមន្ទីរអប់រំ យុវជន និង កីឡា តាមរយៈប្រធាននាយកដ្ឋានកិច្ចការប្រឡង ជូន​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាពិនិត្យ និងសម្រេចតាម​ឋានានុក្រម។

សមាសភាព​ជាក់ស្តែង កំណត់ដោយលិខិតឧទ្ទេសនាមរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

២. តួនាទី

គណៈកម្មការត្រួតពិនិត្យតាមអគារ មានតួនាទីជាអ្នកត្រួតពិនិត្យអនុរក្សហើយ​ត្រូវទទួលខុសត្រូវចំពោះ​មុខ​ប្រធានមណ្ឌលសំណេរ។

៣. ភារកិច្ច

– ចូលរួមប្រជុំទទួលការណែនាំពី​ប្រធានមណ្ឌលសំណេរ​មុនដំណើរការប្រឡងមួយថ្ងៃ​តាមលិខិត ឧទ្ទេសនាម​របស់ក្រសួងអប់រំ យុវជន និងកីឡា
– ប្រគល់​ទិដ្ឋាការធ្វើដំណើរ និងវិញ្ញាបនបត្ររដ្ឋបាល​ដែលមាន​បិទរូបថត ឬ​អត្តសញ្ញាណបណ្ណ ដល់​ប្រធាន​មណ្ឌលសំណេរ​នៅពេលប្រជុំ
– ពាក់ស្លាកសញ្ញាដែលមានសរសេរឈ្មោះ​មណ្ឌលសំណេរ និងឈ្មោះរបស់សាមីខ្លួន​នៅក្នុងពេល បំពេញ​ភារកិច្ច
– ពិនិត្យបរិយាកាសខាងក្រៅ​បន្ទប់ប្រឡង ដើម្បីជួយរក្សាសណ្តាប់ធ្នាប់របៀបរៀបរយនៃការ​ប្រឡង
– គ្រប់គ្រង​បន្ទប់​ប្រឡងពី ២ ទៅ ៣ បន្ទប់
– រៀបចំ​ប្លង់តុរបស់បេក្ខជន​តាមការណែនាំរបស់​ប្រធានមណ្ឌលសំណេរ
– ចូលរួមពិនិត្យការបើក​ស្រោមប្រធានវិញ្ញាសា​នៅបន្ទប់ណាមួយដែលបានកំណត់
– ទទួលប្រធានវិញ្ញាសាពីប្រធាន​មណ្ឌលសំណេរ ដើម្បីចែក​បន្តឱ្យអនុរក្ស​តាមបន្ទប់​ដែលខ្លួន គ្រប់គ្រង
– ចូលក្នុងបន្ទប់ប្រឡង​ដើម្បីត្រួតពិនិត្យភាព​មិនប្រក្រតីនានា ក្នុងករណី​ជាក់ស្តែង​និងចាំបាច់
– សហការជាមួយគណៈកម្មការកណ្ដាល ដើម្បីផ្គត់ផ្គង់សម្ភារៈ​ដែល​អនុរក្សមាន​សំណូមពរដូចជា ម្ជុលខ្ទាស់ ដីស ហ្វ៊ីត​ជា​ដើម​
– ពិនិត្យសកម្មភាពរបស់អនុរក្ស​តាមបន្ទប់ ដើម្បីឱ្យគាត់​អនុវត្តភារកិច្ចជា​អនុរក្សបានហ្មត់ចត់​និង ត្រឹមត្រូវ
– ត្រួតពិនិត្យការសរសេរលេខ​តុបេក្ខជន តាមបន្ទប់ជាអក្សរ «ណ»
– ប្រមូល​ប្រធានវិញ្ញាសា​សល់ពី​អនុរក្ស​បញ្ជូនទៅប្រធានមណ្ឌល​សំណេរ
– ត្រូវទៅយកក្រដាសប្រឡង​របស់​បេក្ខជន​សម្រាប់ម៉ោងបន្ទាប់ នៅទីចាត់ការ​គណៈកម្មការ កណ្តាល​មកប្រគល់ឱ្យអនុរក្ស​ដែលនៅ​ក្នុងបន្ទប់
– រាយការណ៍​ជាបន្ទាន់ដល់ប្រធានមណ្ឌលសំណេរ ព្រមទាំង​ចូលរួម​ធ្វើកំណត់ហេតុពិសេស​នៅ តាម​បន្ទប់ប្រឡង​ដែលខ្លួន​ទទួលខុសត្រូវ និង​ចូលរួមដោះស្រាយ​តាមការណែនាំ​របស់ប្រធាន មណ្ឌល​ក្នុងករណី​មានហេតុការណ៍​ណាមួយកើតឡើង
– សហការជាមួយ​គណៈកម្មការអប្បមាទ​ទូទាំងប្រទេស​ប្រចាំមណ្ឌល និង​ជំនួយការអប្បមាទ ទូទាំង​ប្រទេស​ប្រចាំមណ្ឌល ដើម្បីត្រួតពិនិត្យគ្រប់សកម្មភាពរបស់អនុរក្ស និងបេក្ខជននៅតាម​បន្ទប់​ប្រឡង​ដែល​ខ្លួន​គ្រប់​គ្រង ត្រូវ​វាយតម្លៃ​រាល់សកម្មភាព​របស់​អនុរក្ស​នៅ​លើសន្លឹក​វាយ​តម្លៃ ដែល​ប្រធាន​មណ្ឌល​ចែកជូន
– រំឭក​អនុរក្សឱ្យប្រមូល​កិច្ចការ​បេក្ខជន​តាមម៉ោង​កំណត់ និង​រាល់​ពេល​ប្រមូល​កិច្ចការ​របស់បេក្ខជន ត្រូវរង់ចាំមើលអនុរក្ស​រៀបចំ​សន្លឹក​កិច្ចការ​របស់បេក្ខជន ប្រមូល​សម្ភារៈដែល​នៅ​សេសសល់​ប្រគល់​ជូន​គណៈកម្មការ​កណ្ដាល ឱ្យ​បានសព្វគ្រប់​ទើប​ចប់ភារកិច្ច​របស់ខ្លួន
– អស់​ភារកិច្ច នៅពេលចប់ដំណើរការវិញ្ញាសា​សរសេរ។

សម្គាល់៖ ក្នុងករណីដែលអ្នកត្រួតពិនិត្យតាមអគារ​អនុវត្តខុសឆ្គងពី​ភារកិច្ចដែល​បានកំណត់ដូចជា យក​ចម្លើយ​វិញ្ញាសា​ឱ្យបេក្ខជន ធ្វើ​ចម្លើយវិញ្ញាសា​ឬបង្គាប់​បញ្ជាឱ្យអ្នកដទៃ​ធ្វើចម្លើយវិញ្ញាសា អះអាង​ការពារបេក្ខជនឱ្យចម្លងសំណៅ​ឯកសារ ឬធ្វើឱ្យធ្លាយវិញ្ញាសា បញ្ជាឬបង្ខំ​ឱ្យអនុរក្ស​ប្រមូល​លុយ​ពី​បេក្ខជន ឬទទួល​លុយពីអនុរក្ស ប្រើប្រាស់ទូរស័ព្ទក្នុងមណ្ឌល ក្នុង​ពេលដំណើរការ​វិញ្ញាសា​សរសេរ នឹង​ត្រូវទទួលវិន័យផ្នែក​រដ្ឋបាល​តាមកម្រិត ដែលសម្រេច​ដោយក្រសួងអប់រំ យុវជន និង​កីឡា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម