ព័ត៌មានជាតិ
មន្ទីរសុខាភិបាលភ្នំពេញ នឹងពង្រាយគ្រូពេទ្យជាង ៦០ នាក់ តាមមណ្ឌលប្រឡង ត្រៀមសង្គ្រោះបេក្ខជនមានបញ្ហាសុខភាព
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មន្ទីរ នឹងដាក់ពង្រាយក្រុមរថយន្តសង្គ្រោះចំនួន ១៦ គ្រឿង និងគ្រូពេទ្យប្រមាណ ៦២ នាក់ នៅតាមមណ្ឌលប្រឡងបាក់ឌុបទាំង ៣១ ដើម្បីត្រៀមជួយសង្គ្រោះដល់បេក្ខជនពេលមានបញ្ហាសុខភាពស្រាលៗ កំឡុងពេលប្រឡង នាថ្ងៃទី ០៦ និង ០៧ វិច្ឆិកា ខាងមុខ។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ វិច្ឆិកានេះថា រថយន្តសង្គ្រោះទាំង ១៦ គ្រឿងនោះ មន្ទីរ នឹងដាក់ពង្រាយនៅមណ្ឌលប្រឡងចំនួន ១៦ រួមមានមណ្ឌលប្រឡងវិទ្យាល័យឥន្ទ្រទេវី មណ្ឌលប្រឡង វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី មណ្ឌលប្រឡងវិទ្យាល័យបាក់ទូក មណ្ឌលប្រឡងវិទ្យាល័យជាស៊ីមបឹងកេងកង មណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក និងសាលាបឋមសិក្សាសន្ធរម៉ុក មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្តិ មណ្ឌលប្រឡង សាលាបឋមសិក្សាចតុមុខ និងអនុវិទ្យាល័យចតុមុខ មណ្ឌលប្រឡងវិទ្យាល័យទឹកល្អក់ មណ្ឌលប្រឡងវិទ្យាល័យសម្តេចហ៊ុនសែន មណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍ចិនតុង មណ្ឌលប្រឡងវិទ្យាល័យទួលទំពូង មណ្ឌលប្រឡងវិទ្យាល័យផ្សារដើមថ្កូវ មណ្ឌលប្រឡង វិទ្យាល័យច្បារអំពៅ មណ្ឌលប្រឡងវិទ្យាល័យជាស៊ីមសាមគ្គី មណ្ឌលប្រឡងវិទ្យាល័យជ្រោយចង្វារនិងមណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ។
លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងចំណោមមណ្ឌលប្រឡងទាំង ៣១ មន្ទីរ នឹងដាក់គ្រូពេទ្យប្រចាំការចំនួន ២ នាក់ ផងដែរ ដើម្បីរង់ចាំជួយសង្គ្រោះបឋមនៅពេលបេក្ខជនប្រឡងមានបញ្ហាសុខភាព ព្រោះថាជាធម្មតាពេលប្រឡងបាក់ឌុបម្តងៗ បេក្ខជនប្រឡង តែងតែជួបបញ្ហាសុខភាពស្រាលៗមួយចំនួនដូចជា ឈឺក្បាល វិលមុខ ក្តៅខ្លួន សន្លប់ ដោយសារភ័យជាដើម។ មានបេក្ខជនខ្លះ ត្រូវប្រឡងនៅលើរថយន្តសាម៉ុយក៏មាន។

លោកប្រធានមន្ទីរ បានបន្តទៀតថា មន្ទីរ បានត្រៀមរថយន្តសង្គ្រោះបន្ទាន់ប្រចាំការនៅមន្ទីរពេទ្យបង្អែកទាំង ៨ ផងដែរ ក្នុងករណីមានបេក្ខជនណាម្នាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នោះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ឆ្នាំនេះ នៅមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងសរុប ២៥ ៨៣៥ នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ សរុបចំនួន ១០៣០០ នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម សរុបចំនួន ១៥ ៥៣៥ នាក់។
លោកបានបន្តថា ករណីនេះធ្វើឲ្យមណ្ឌលប្រឡងកើនឡើងដល់ចំនួន ៣១ មណ្ឌលសំណេរ ត្រូវជា ១ ០៤២ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ចំនួន ១៣ មណ្ឌល ស្មើនឹង ៤១៧ បន្ទប់ មានបេក្ខជន ១០ ៣០០ នាក់ ស្រី ៥ ៥៥៦ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១៨ មណ្ឌល ស្មើនឹង ៦២៥ បន្ទប់ មានបេក្ខជន ១៥ ៥៣៥ នាក់ ស្រី ៦ ៩២៨ នាក់។
លោកបានបន្តទៀតថា ចំនួននេះបើធៀបទៅនឹងប្រឡងឆ្នាំមុនឃើញថា មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៣៣៨៥ នាក់ ចែកជា ៣០ មណ្ឌល ត្រូវជា ៩៤៤ បន្ទប់។

គួរបញ្ជាក់ថា ឆ្នាំនេះ ក្រសួង នឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ០៦ និងថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧ នាក់) ស្រី ៧៣.២៧៨ នាក់ ចែកជា ២២៧ មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់។ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១.៣៧៩ នាក់(ស្រី ២៤៧៨៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦.០៣៣ នាក់(ស្រី ៤៨.៤៨៩ នាក់)។
ជាមួយគ្នានេះដែរ ក្រសួង នឹងកំណត់យកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


