Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងបើកកិច្ចប្រជុំសម្រេចលើករណីបេក្ខជននិងគណៈមេប្រយោគមានកំហុសឆ្គងក្នុងដំណើរការប្រឡងឆាប់ៗនេះ

បានផុស

នៅ

ក្រុមប្រឹក្សាវិន័យ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងបើកកិច្ចប្រជុំឆាប់ៗនេះ ដើម្បីពិនិត្យមើលករណីបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការមួយចំនួន ដែលបានប្រព្រឹត្តកំហុសឆ្គងនៅក្នុងដំណើរការប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ បានរកឃើញបេក្ខជនដែលបានប្រព្រឹត្តកំហុសឆ្គងចំនួន២ករណី ព្រមទាំងគណៈមេប្រយោគ និងគណៈកម្មការនានា មានកំហុសឆ្គងចំនួន៥ករណី ហើយត្រូវបានកត់ត្រាក្នុងរបាយការណ៍ពិសេស។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០២ ខែកញ្ញានេះថា ក្រុមប្រឹក្សាវិន័យនឹងប្រជុំសម្រេចករណីនេះ ផ្អែកទៅលើកម្រិតបទបញ្ញត្តិ និងកម្រិតកំហុស។ នៅពេលសួរថា ផ្អែកតាមកំហុសរបស់បេក្ខជនអាចធ្លាក់ដោយស្វ័យប្រវត្តិទេ ហើយគណៈកម្មការប្រឈមហាមឃាត់មិនឱ្យចូលរួមប្រឡងទេឆ្នាំបន្ទាប់ទេ ត្រូវបានលោកស្រី ឃួន វិច្ឆិកា ថ្លែងប្រាប់ថាមិនទាន់អាចកំណត់បានទេ ព្រោះការកំណត់កម្រិតកំហុសត្រូវទុកជូនក្រុមប្រឹក្សាវិន័យពិនិត្យសម្រេច។

លោកស្រី ឃួន វិច្ឆិកា

បើតាមក្រសួងអប់រំ បុគ្គលិកអប់រំណាដែលល្មើសទៅនឹងគោលការណ៍ណែនាំត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងរហូត។

គួរបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥នេះមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុ ៣១,២០៣នាក់។

ក្នុងនោះមានបេក្ខជនអវត្តមានសរុប ១,៨៧២នាក់ (ស្រី ៧៥១នាក់) ស្មើនឹង១,២៧ ភាគរយនៃបេក្ខជនមកប្រឡងសរុប ក្នុងនោះបេក្ខជនស្វ័យរិនអវត្តមាន ១,៥២២នាក់ (ស្រី ៥៨៦នាក់) និង បេក្ខជនចំណេះទូទៅអវត្តមាន ៣៥០នាក់ (ស្រី ១៦៥នាក់)។

គួរជម្រាបថា អំឡុងពេលប្រឡងបាក់ឌុបពីរថ្ងៃ បេក្ខជនមានបញ្ហាសុខភាពចំនួន ២៦១ករណី ក្នុងនោះដាក់ឱ្យប្រឡងដាច់ដោយឡែក ៨៦ ករណី ក្រោមការយកចិត្តទុកដាក់មើលថែទាំពីក្រុមគ្រូពេទ្យ។ បេក្ខជន មានជំងឺគ្រុនឈាម ១៣ ករណី និងគ្រោះថ្នាក់ចរាចរណ៍ ៦ករណី។ គណៈមេប្រយោគមានបញ្ហាសុខភាព ៥៩ ករណី ខណៈបេក្ខជនបោះបង់ការប្រឡងដោយសារបញ្ហាសុខភាព ៣ករណី៕

 អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម