បន្ទាប់ពីស្ថានភាពចរាចរណ៍ផ្លូវជាតិលេខ១ ( ចំណុចត្រើយខាងកើតគល់ស្ពានព្រះមុន្នីវង្ស ) ត្រូវបានកកកុញស្ទះណែនណាន់តាន់តាប់ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ គេសង្កេតឃើញវត្តមានរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះដោយផ្ទាល់ដល់ទីតាំងកកស្ទះ ដើម្បីបញ្ជាដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងនគរបាលចរាចរណ៍ ក្នុងការឈរសម្រួល និងរំដោះការកកកុញស្ទះ។
ការកកស្ទះខាងលើ គឺមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ គិតចាប់ពីបុរីប៉េងហួតបឹងស្នោរ ដល់ចំណុចគល់ស្ពានព្រះមុន្នីវង្សចាស់ថ្មី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ចេង មុនីរ៉ា ឲ្យដឹងថា មូលហេតុ នៃការកកស្ទះ គឺដោយសារក្រុមការងារជំនាញ បាននឹងកំពុងជួសជុលបង្កាន់ដៃស្ពាន និងកន្លែងថ្មើរជើង នៃស្ពានព្រះមុន្នីវង្សចាស់ ដែលបានខូចខាត ដោយការជួសជុលនោះ គឺត្រូវជួសជុលប្រវែង៣ម៉ែត្រសងខាង ប៉ុន្តែជួសជុលត្រូវជួសជុលម្តងម្ខាង។ ដែលកត្តានេះហើយធ្វើស្ថានភាពចរាចរណ៍នៅលើស្ពានហាក់មានភាពចង្អៀត ទើបបង្កឲ្យមានជាការកកស្ទះ នៅបែកខាងច្បារអំពៅ។ ទន្ទឹមនឹងការជួសជុលនោះ លោកអភិបាលខណ្ឌក៏បានដាក់កម្លាំងនគរបាល និងកម្លាំងសណ្តាប់ធ្នាប់សង្កាត់ខណ្ឌជាច្រើននាក់ ក្នុងការចុះជួយសម្រួល ដល់ការកកស្ទះជាប្រចាំ ផងដែរ នៅតាមបណ្តាគោលដៅសំខាន់ៗ ពិសេសចំណុចស្តុបផ្សារច្បារអំពៅ និងនៅលើស្ពានព្រះមុន្នីវង្សចាស់ជាដើម ។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសកំពុងស្ថិតក្នុងការអភិវឌ្ឍន៍កាន់តែជឿនលឿនទៅមុខ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងប្រទេសមានការរីកលូតលាស់ ពិសេសនោះកំណើនយានយន្ត និងយាន្តជំនិះ ក៏មានការលក់កើនឡើងយ៉ាងសន្ធប់ ស្របនឹងកំណើន ប្រជាជនបច្ចុប្បន្នក៏ច្រើនផងដែរ ។ កត្តា នៃការកើនឡើង នៃចំនួនប្រជាជន និងយានយន្ត ឬយានជំនិះនេះហើយ ក៏ជាផ្នែកមួយតូច ដែលបង្កឲ្យមាននូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ផងដែរ ពិសេសនោះ គឺការកកកុញស្ទះនៅពេលព្រឹកឡើងម៉ោង៧ និងល្ងាចម៉ោង៥ ដែលជាវេលាដែលបងប្អូនពលរដ្ឋចេញទៅ ឬមកពី ធ្វើការងារ ទៅរកស៊ី ទៅរៀនទៅសូត្រ ជាដើម ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយបើកបរចេះគោរពអធ្យាស្រ័យគ្នាទៅវិញទៅមក មិនបំពានគ្នា គោរពភ្លើងស្តុប និងពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់ឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីអាយុជីវិតអ្នក និងអាយុជីវិតអ្នកដំណើរដទៃទៀត៕
អត្ថបទ៖ នរា