Connect with us

ព័ត៌មានជាតិ

សហគមន៍ជម្រកសត្វបន្តល្បាតការពារសត្វ ខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទ

បានផុស

នៅ

ប្រជាសហគមន៍ភ្នំជម្រកសត្វ កំពុងនាំគ្នាបន្តធ្វើសកម្មភាពល្បាត ដើម្បីការពារតំបន់ព្រៃសហគមន៍ជាង ៤ពាន់ហិកតា ដែលជនខិលខូចតែងតែលួចចូលបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់ព្រៃសហគមន៍ ដែលមានពពួកសត្វចតុ បាត និងសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ឹង រដ្ឋា ប្រធានសហគមន៍បានបញ្ជាក់ថា តំបន់ភ្នំជំរកសត្វដែលមានទីតាំងនៅភូមិឆ្វាំងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោយពីអង្គការដៃគូបានដាក់កាមេរ៉ាសុវត្ថិភាព ពិនិត្យឃើញវត្តមានពពួកសត្វខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទ ប្រជាសហគមន៍បានចុះល្បាតជារៀងរាល់មួយសប្តាហ៍ម្តង ដើម្បីបង្កើនការការពារសត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់នេះ។

លោកបន្តថា សកម្មភាព ល្បាតនេះ យើងបានដេញជនខិលខូច ដែលឆ្លៀតឱកាសចូលព្រៃបរបាញ់សត្វ និងដាក់អន្ទាក់ ដែលជាករណីប្រឈមធ្វើឱ្យបាត់បង់ និងប៉ះពាល់ដល់សត្វកំពុងរស់នៅ។

លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងសូមចូលរួមអភិរក្សសត្វព្រៃដោយមិនត្រូវយកជីវិតសត្វមកធ្វើអាជីវកម្មនោះទេហើយក្នុងករណីនេះប្រជាសហគមន៍ដឹងមុខសញ្ញាច្បាស់ និងដាក់ពាក្យបណ្តឹងទៅមន្ត្រីមានសមត្ថកិច្ចឱ្យចាត់ការតាម និតិវិធី។

លោក គាំ សារ៉ាំង មេឃុំសំអាង បានបញ្ជាក់ថា៖ កាលពីកិច្ចប្រជុំប្រចាំខែកន្លងមក លោកបានឱ្យក្រុមប្រជាការពារជួយ ផ្សព្វផ្សាយពីវិធានការការពារសម្បត្តិធនធានធម្មជាតិទាំងនេះ ព្រោះវាជាសម្បត្តិ ដែលមាននៅសល់ចុងក្រោយនៅក្នុងភូមិឃុំរបស់យើង។

លោកបន្តថាជាយុទ្ធសាស្ត្ររបស់មន្ទីរបរិស្ថាន បើបងប្អូនណាមានប្រើប្រាស់អាវុធកែច្នៃ សូមយកមកប្រគល់ជូនអាជ្ញាធរ មូលដ្ឋាន និងទទួលបានរង្វាន់លើកទឹកចិត្តជូនបងប្អូនដើម្បីយើងរួមគ្នាអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
សូមបញ្ចាក់ថា នៅខេត្តស្ទឹងត្រែង អាជ្ញាធរខេត្ត សហការជាមួយក្រសួងបរិស្ថាន បានធ្វើពិធីដុកម្ទេចអាវុធកែច្នៃ និងអន្ទាក់សត្វចំនួនពីរលើករួចមកហើយដែលមានជាច្រើនពាន់ដើម ក្នុងនោះនៅស្រុកសៀមប៉ាងមួយលើក និងស្រុកសៀមបូកមួយលើក ដើម្បីបង្ហាញពីការរឹតបន្តឹងផ្នែកច្បាប់ និងដាស់ស្មារតីប្រជាពលរដ្ឋយើងឱ្យស្រឡាញ់ធនធានធម្មជាតិរបស់ខ្លួន៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម