ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលទទួលបានពានរង្វាន់ឆ្នាំ ២០២៣
ពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ត្រូវបានប្រគល់ជូនក្រុមការងារគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture) នៅប្រទេសកម្ពុជាក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។

រូបភាពតំណាង
បើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ជលផលកម្ពុជា និងសហភាពអឺរ៉ុបបានឱ្យដឹងថា ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា។ ប្រធានបទនៃពានរង្វាន់គឺ «ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិតនៅក្នុងឧស្សាហកម្ម»។
វិស័យជលផលនៅកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀង ដោយប្រជាជនប្រមាណ ៤០% ពឹងផ្អែកដោយផ្ទាល់សម្រាប់ការចិញ្ចឹមជីវិត និងផ្គត់ផ្គង់ជីវភាព។
ភាគច្រើនជាស្ត្រី ដែលដើរតួនាទីនាំមុខ និងជាម្ចាស់សហគ្រាសកែច្នៃផល ផលិតផលជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាអ្នកទទួលបន្ទុកដោយផ្ទាល់ក្នុងការកែច្នៃ ការងារទីផ្សារ លក់រាយ និងចែកជាយផលិតផលជលផលទាំងនេះនៅទូទាំងប្រទេសតែម្តង។

ថ្វីបើស្រ្តីដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែច្រវ៉ាក់តម្លៃជលផលទាំងមូល រួមទាំងវារីវប្បកម្មក៏ដោយ ការចូលរួមរបស់ស្ត្រីជារឿយៗត្រូវបានចាត់ទុកថាជាកិច្ចការបន្ថែមលើការងារផ្ទះសម្បែងតែប៉ុណ្ណោះ និងមិនមានតម្លៃសេដ្ឋកិច្ច ហើយមិនត្រូវបានយកមកពិចារណានៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនោះទេ។
វិសមភាពយេនឌ័រ ជាកត្តារាំងស្ទះសម្រាប់ស្ត្រីក្នុងការទទួលបានឱកាសអភិវឌ្ឍ និងពង្រឹងជំនាញ ដែលជាកត្តាជាសារវ័ន្តដល់ការចូលរួមផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ បន្ថែមពីលើកត្តាពេលវេលា និងទំនួលខុសត្រូវការងារផ្ទះ និងការមើលថែទាំសមាជិកគ្រួសារ ស្ត្រីក៏ប្រឈមមុខនឹងការរើសអើងផ្អែកយេនឌ័រ ដែលពុំអាចឱ្យពួកគាត់ស្វែងរកគោលដៅការងារខ្លួន ក៏ដូចជាភាពជោគជ័យក្នុងវិស័យជលផលផ្ទាល់តែម្តង។
ការបង្កើតឱកាសឱ្យស្ត្រីអាចអភិវឌ្ឍជំនាញ និងដោះស្រាយបញ្ហាប្រឈមដូចបានរៀបរាប់ខាងលើ នឹងផ្តល់ភាពអង់អាចដល់ស្ត្រីឲ្យទទួលបានតួនាទីជាអ្នកដឹកនាំ និងជំរុញបរិយាកាសប្រកបដោយសមធម៌ និងបរិយាប័ន្ននៅក្នុងខ្សែចង្វាក់តម្លៃទាំងមូល។
គម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) មានគោលដៅរួមចំណែកអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌគតិយុត្ត និងសមត្ថភាពស្ថាប័ន និងជម្រុញវិស័យឯកជនឱ្យទទួលយក និងអនុវត្តនវានុវត្តន៍ និងការអនុវត្តល្អប្រសើរពាក់ព័ន្ធ។
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះគម្រោង CAPFISH-Capture ដែលទទួលបានពានរង្វាន់ GEM Award ។ លោកបានទទួលស្គាល់ថា «អភិក្រមសមភាពយេនឌ័ររបស់គម្រោង ពិតជាបានបង្កើតនូវបរិយាកាសប្រកបដោយបរិយាប័ន្ន ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើន ដោយ ទុកនរណាម្នាក់ចោលឡើយ»។ លោកលើកឡើងថាអង្គការ UNIDO ពិតជាមានមោទនភាពណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គម្រោងក្នុងការលើកកម្ពស់តួនាទី និងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ជាពិសេសសហគ្រាសជលផល MSMEs ដែលដឹកនាំដោយស្ត្រី។
តាមរយៈកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) គម្រោងបានផ្តល់ទាំងជំនួយបច្ចេកទេស និងសម្ភារ បរិក្ខារចាំបាច់ដល់សហគ្រាសកែច្នៃជលផលចំនួន ២៨ ដែលក្នុងនោះ សហគ្រាសដែលដឹកនាំដោយស្រ្តី មានចំនួន ២០។ ភាគច្រើននៃសហគ្រាសដែលដឹកនាំដោយស្ត្រីទាំងនេះ ទទួលបានវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ហើយប្រព័ន្ធនែការផ្តល់វិញ្ញាបនបត្រនេះមានការលើកកម្ពស់សមភាព យេនឌ័រជាសូចនាករកំណត់មួយផងដែរ។
មន្រ្តីអធិការកិច្ចម្ហូបអាហារថ្នាក់ជាតិចំនួន ២៧ រូប (រួមមានស្រ្តី ១០ រូប) ដែលទទួលខុសត្រូវលើការផ្តល់វិញ្ញាបនប័ត្រ CQS នេះ ក៏ដូចជាអ្នកផ្តល់សេវាអភិវឌ្ឍន៍ធុរកិច្ចគាំទ្រដល់សហគ្រាស MSMEs បានទទួលការបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រីផងដែរ។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល (FiA) បានមានប្រសាសន៍ថា «តាមរយៈការបញ្ជ្រាបយេនឌ័រនៅក្នុងគម្រោង រួមទាំងគោលនយោបាយស្តីពីយេនឌ័រ ការគាំទ្រអាជីវកម្ម ការគ្រប់គ្រងគម្រោង ការស្រាវជ្រាវនិងនវានុវត្តន៍ និងការកសាងសមត្ថភាពភាគីពាក់ព័ន្ធ គម្រោងបានបង្កើតផលជះរយៈពេលវែងលើការជំរុញសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងវិស័យជលផលនៅកម្ពុជា។» លោក ពុំ សុថាបានសង្កត់ធ្ងន់ថាគម្រោង CAPFISH-Capture ដែលសហការអនុវត្តដោយ FiA និង UNIDO បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ទ្រទ្រង់ដល់ផលជះជាវិជ្ជមាននៃសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល ស្របតាមគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាណញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង FiA។
ផ្អែកលើគំនិតផ្តួចផ្តើមក្នុងការបង្កើនភាពប្រកួតប្រជែងរបស់វិស័យជលផលក្រោយប្រមូលផលរបស់កម្ពុជា គម្រោង មានកញ្ចប់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវចំនួន ០៨ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធក្នុងវិស័យដោយគិតគូរអំពីតម្រូវការ និងឧបសគ្គរបស់ស្ត្រីក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
គួរកត់សម្គាល់ថា ក្នុងចំណោមគម្រោងស្រាវជ្រាវទាំងនេះ មាន ០៤ គម្រោងត្រូវបានដឹកនាំដោយអ្នកស្រាវជ្រាវជាសស្ត្រី សហការជាមួយសាកលវិទ្យាល័យ និងវិស័យឯកជន។ បន្ថែមពីកិច្ចគាំទ្រខាងលើ គម្រោងបានគាំទ្រដល់ក្រុមស្រ្តីអ្នកកែច្នៃផលជលផលចំនួន ០៥ ដែលមានសមាជិកសរុបចំនួន ១៤១ នាក់ ដែលភាគច្រើនជាស្ត្រី។ សម្រាប់ជុំបន្ទាប់នៃកម្មវិធី VCIS គម្រោងនឹងជ្រើសរើសសហគ្រាស ២០ បន្ថែមទៀត ដោយកំណត់គោលដៅស្ត្រីជាម្ចាស់អាជីវកម្មយ៉ាងតិចបំផុត ៦០%។
«ការគាំទ្រដល់សហគ្រាសដឹកនាំដោយស្ត្រី គឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពនៃវិស័យជលផល។ ខណៈដែលអាជីវកម្មរបស់ពួកគេរីកចម្រើន វាមិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចយ៉ាងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាគំរូលើកទឹកចិត្ត និងជម្រុញស្ត្រីផ្សេងទៀតឱ្យក្លាយជាសហគ្រិន និងផ្លាស់ប្តូរវិសមភាពយេនឌ័រផងដែរ»។ នេះបើតាមការគូសបញ្ជាក់របស់លោក Koen EVERAERT អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា។
លោកបានបន្ថែមថា «គំរូជោគជ័យរបស់គម្រោង CAPFISH-Capture អាចយកទៅអនុវត្តបាន ខណៈដែលឧត្តមានុវត្តន៍ទាំងនេះត្រូវបានចែករំលែកដើម្បីលើកកម្ពស់សហគ្រិនភាពជាស្រ្តី និងភាពអង់អាចផ្នែកសេដ្ឋកិច្ច»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


