ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់វៀតណាម ថា ទំនាក់ទំនងសន្តិសុខរវាងកម្ពុជា និងវៀតណាម គឺជាសសរស្ដម្ភដ៏រឹងមាំ
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ទំនាក់ទំនងលើវិស័យសន្តិសុខរវាងកម្ពុជា និងវៀតណាម គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលប្រទេសទាំងពីរត្រូវតែបន្តពង្រឹង និងពង្រីកឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលើកឡើងបែបនេះ ក្នុងឱកាសដែលលោក ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យចូលជួបពិភាក្សាការងារ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានវាតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀត ណាម នៅកម្ពុជាពេលនេះ។ សម្តេចតេជោ បានចាត់ទុក ទស្សនកិច្ចរបស់ប្រតិភូក្រសួងនគរបាលវៀតណាម នៅកម្ពុជា ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ជាកិច្ចឆ្លើយតប លោក តូ ឡឹម បញ្ជាក់ជូនសម្ដេចតេជោ ថា គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រជាជនវៀត ណាម គាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ តាមរយៈជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានជូនពរចំពោះគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យចំពោះការបោះឆ្នោតព្រឹទ្ធសភា ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ។

លោករដ្ឋមន្ត្រីក្រសួងសន្តិសុខវៀតណាមរូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្សទាំងពីរនាពេលកន្លងមក ហើយលោក បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវិស័យសន្តិសុខនៃប្រទេសទាំងពីរ គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលភាគីទាំងពីរ ត្រូវតែបន្តពង្រឹង និងពង្រីក ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។
ជាចុងក្រោយនៃជំនួប សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានជូនពរដល់ទំនាក់ទំនងជាប្រពៃណីរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំឋិតថេរចេរកាលយូរអង្វែងទៅទៀត ហើយនៅក្នុងកិច្ចសន្ទនាគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នា មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំងនឹងប្រទេសកម្ពុជានោះឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


