Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់ និងក្រុមហ៊ុនជប៉ុន ចុះកិច្ចព្រមព្រៀង​លើគម្រោងសាងសង់អគារហ្វឹកហ្វឺន២ទីតាំងមានតម្លៃ១៤ លានដុល្លារ

បានផុស

នៅ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់អគារហ្វឹកហ្វឺនចំនួន២​ទីតាំង​មានតម្លៃប្រមាណ១៤លានដុល្លារនៅខេត្តកំពង់ឆ្នាំងនិងនៅខេត្តសៀមរាប។

កិច្ចព្រមព្រៀងលើគម្រោងសាងសង់អគារហ្វឹកហ្វឺននេះត្រូវបានចុះហត្ថលេខាដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTDកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហេង រតនា គម្រោងសាងសង់អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីននៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្តិភាព) នៅខេត្តសៀមរាបមានថវិកាសរុបចំនួន ២.០៧៩.៨០០.០០០ យ៉េន (ប្រមាណជិត ១៤លានដុល្លារអាម៉េរិក) ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMACធ្វើការសាងសង់សំណង់អាគារទាំង០២ទីតាំងនេះ។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា អគារដែលត្រូវសាងសង់នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង រួមមាន អាគារសាលប្រជុំ (ចំណុះ៤០០នាក់)ចំនួន១ខ្នង អាគារសិក្សា ចំនួន១ខ្នង២ជាន់មាន១០បន្ទប់អាគារអន្ដេវាសិកដ្ឋាន២ខ្នង (សម្រាប់សិក្ខាកាម ចំនួន១២០នាក់) អាគារអាហារដ្ឋានចំនួន១ខ្នង ព្រមទាំងសម្ភារបំពាក់ដូចជា កុំព្យូទ័រ ទូរទស្សន៍សម្ភារសិក្សាតុ-កៅអីជាដើម។

ចំពោះអាគារសារមន្ទីរតេជោសន្ដិភាពស្ថិតនៅខេត្តសៀមរាបជាអាគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ​ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រមានទំហំជាង១៥.០០០ម៉ែត្រក្រឡា ហើយអាចក្លាយជាអាគារមានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក។ អាគារសារមន្ទីរនេះ
ក៏អាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិដ៏ កំសត់នេះ។

លោកអគ្គនាយកស៊ីម៉ាក់បានលើកឡើងថា​ ក្នុងនាមប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខ​
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលតែងតែគាំទ្រយ៉ាងសកម្មលើវិស័យសកម្មភាពមីននៅកម្ពុជា។ ជាពិសេសការផ្តល់ជំនួយជាថវិកា ទីប្រឹក្សាបច្ចេកទេស និងសម្ភារបច្ចេកទេសដល់អង្គភាពCMACក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលុបបំបាត់ការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមការចូលរួមផ្តល់នូវក្តីសុខដុមរមនារបស់ប្រជាជនកម្ពុជាឡើងវិញ និងការចូលរួមកសាងអនាគតកម្ពុជាប្រកបដោយក្តីសង្ឃឹមនិងភាពជឿជាក់នៅកម្ពុជាក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាលើវិស័យកំចាត់មីននេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម