ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន អំពាវនាវដល់គ្រប់សិល្បៈករ និងអ្នកច្នៃម៉ូតត្រូវពិនិត្យឲ្យបានល្អិតល្អន់តាមតម្រូវការទីផ្សារនៃទម្រង់ដើមសម្លៀកបំពាក់ខ្មែរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានធ្វើការអំពាវនាវដល់គ្រប់សិល្បៈករ និងអ្នកច្នៃម៉ូតត្រូវពិនិត្យឱ្យបានល្អិតល្អន់តាមតម្រូវការទីផ្សារនៃទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរពិសេសតាមប្រពៃណីទំនៀមទំលាប់បុរុមបុរាណជាតិខ្មែរ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះអញ្ជើញជាអធិបតីក្នុងពិធី « រាត្រីសមោសរសំពត់បត់ខ្មែរ » ដែលផ្តួចផ្តើមរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសិទចតុមុខ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពនាថ្ងៃនេះ ដែលមិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំថែរក្សានូវទម្រង់សម្លៀកបំពាក់បុរាណខ្មែរ កេរដំណែលដ៏អស្ចារ្យនៃបុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការយកចិត្តទុកដាក់ខ្ពស់ដល់ការផ្សព្វផ្សាយ និងការជំរុញលើកទឹកចិត្តបណ្តុះគំនិតសំពត់បត់ខ្មែរ នៅក្នុងសង្គមខ្មែដល់ប្រជាជនទូទៅឱ្យជ្រាបកាន់តែច្បាស់ និងសម្រេចចិត្តប្រើប្រាស់កាន់តែច្រើន ដើម្បីរួមចំណែក ដល់ការពង្រឹងអត្តសញ្ញាណជាតិយើង។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វប្បធម៌បានបញ្ជាក់ពីឫសគល់នៃអរិយធម៌ដ៏ចំណាស់របស់ជាតិយើង ដូច្នេះការថែរក្សានិងអភិវឌ្ឍ និងលើកតម្កើងកេរដំណែលវប្បធម៌ដ៏ល្អឯកនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដែលត្រូវយល់ឱ្យច្បាស់ពីប្រវត្តិ តម្លៃកេរដំណែល អត្ថន័យនៃសម្លៀកបំពាក់ របៀបរបបនៃការប្រើប្រាស់ទៅតាមពិធីនិងពេលវេលា ព្រមទាំងការចូលរួមផ្សព្វផ្សាយកម្រិតជាតិនិងអន្តរជាតិផងដែរ។ ទម្រង់ រចនាបទ ក្បាច់ និងរបៀបស្លៀកពាក់នៃសម្លៀកបំពាក់ប្រពៃណីខ្មែរយើង មានប្រវត្តិយូរលង់ណាស់មកហើយ ពោលគឺបានកើតមានមុនពេលដែលមនុស្សយើងបង្កើតតួអក្សរទៅទៀត។ ភស្តុតាងបុរាណវិទ្យា បានបង្ហាញឱ្យឃើញច្បាស់អំពីរបៀបរបបរស់នៅ សម្ភារប្រើប្រាស់ និងសម្លៀកបំពាក់បិទបាំងរាងកាយ របស់ជនជាតិខ្មែរយើងតាំងពីសម័យបុរេប្រវត្តិមក ព្រមទាំងមានតឹកតាងបន្ថែមតាមរយៈចម្លាក់តាមប្រាសាទនានា សិលាចារឹក ជាពិសេសតាមជញ្ជាំងប្រាសាទបាយ័ន បន្ទាយឆ្មារ អង្គរវត្តជាដើម ដែលជាកំណត់ត្រាដ៏ច្បាស់លាស់ នៃប្រភេទទម្រង់ រចនាបទ ក្បាច់ ប្រភេទអ្នកប្រើប្រាស់ និងពិធីនានា។

ដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយនូវសំពត់ខ្មែ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានស្នើដល់
១.ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គប្បីពង្រឹងការផ្សព្វផ្សាយ ក៏ដូចជាការបង្កើតឱ្យមានកម្មវិធីដូចពេលនេះឱ្យកាន់តែច្រើន ដើម្បីចៀសវាងនូវការយល់ច្រឡំនានាជាយថាហេតុមកលើ សម្លៀកបំពាក់ប្រពៃណីខ្មែរយើង។
២.គ្រប់សិល្បៈករ និងអ្នកច្នៃម៉ូតទាំងអស់ គួរពិនិត្យឱ្យបានល្អិតល្អន់ នូវការច្នៃប្រឌិតថ្មី កុំឱ្យប្រាសចាកពីលំនាំដើមនៃសម្លៀកបំពាក់ កុំតម្រូវខ្លាំងជ្រុលទៅតាមតម្រូវការទីផ្សារដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់យើង។

គួរំលឹកផងដែរ កម្មវិធីនេះមានរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១-៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការតាំងពិព័ណ៌នូវផលិតផលដែលជាស្នាដៃរបស់ខ្មែផងដែរ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


