Connect with us

ព័ត៌មានជាតិ

​សម្ដេច ហ៊ុន ម៉ាណែត អះអាងថា ​គម្រោងព្រលានយន្តហោះតេជោ មានសក្ដានុពលអភិវឌ្ឍទិសនិរតី​

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ នេះថា តាមផែន​ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ផ្លូវក្រវាត់​ក្រុងទី៣ ផ្លូវជាតិលេខ១ ផ្លូវជាតិ​លេខ​២ ហើយគ្រោងវិនិយោគគម្រោង​ផ្លូវនាវាភ្ជាប់​ពីទន្លេទៅសមុទ្រ នៅជិតតំបន់ព្រលានយន្តហោះតេជោ ដែលមានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជិតគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា៖ «កន្លែងនេះ គឺជាកន្លែងមួយ​ ដែលមានសក្ដានុពល​សម្រាប់ទិសនិរតីតែម្ដង អញ្ចឹងសម្ដេចតេជោ ដែលលោកជ្រើសទីតាំងនេះ ហើយជំរុញហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវទឹក ផ្លូវគោក ផ្លូវវអាកាសគឺដើម្បីជំរុញការអភិវឌ្ឍប៉ូលនិរតីនេះ​តែម្ដងសម្រាប់ប្រ​ជាជន​រាប់​លាននាក់ ​នៅខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងរាលដាលដល់​បងប្អូនតំបន់​ផ្សេងៗ​»។​

គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ ២០២០ លើផ្ទៃដី ២.៦០០ ហិកតា ស្ថិតនៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។

គម្រោងនេះ ចែកចេញជា ៣ ដំណាក់កាល ដំណាក់កាលទី១ (ឆ្នាំ២០២០-២០៣០) សម្រាប់អ្នកធ្វើដំណើរ ១៣ លាននាក់ ក្នុង១ ឆ្នាំ។ ដំណាក់កាលទី២ (ឆ្នាំ២០៣០-២០៥០) សម្រាប់អ្នកដំណើរ ៣០ លាននាក់ ក្នុងមួយឆ្នាំ។ ដំណាក់កាលទី ៣ ក្រោយឆ្នាំ ២០៥០ សម្រាប់អ្នកដំណើរ ៥០ លាននាក់ក្នុង១ ឆ្នាំ។

គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ ៦៦.១ ភាគរយ នៃការងារសរុប​ដោយចំណាយទឹកប្រាក់ ៩៦១ លានដុល្លារ​នៃគម្រោងទឹកប្រាក់វិនិយោគសរុប ១.៥០០ លានដុល្លារ គម្រោងដំណាក់កាលទី១ គ្រោងនឹងបើកឱ្យដំណើរការនៅឆមាសទី១ ឆ្នាំ ២០២៥ ខាងមុខនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម