ព័ត៌មានជាតិ
អាជ្ញាធរស្ដារប្រឡាយមេជ័យចម្ងាយ ៥ គីឡូម៉ែត្រ សម្រេចបានជិត ៧០ ភាគរយ ជាចំណែកដោះស្រាយបញ្ហារាំងស្ងួត
លោក លាង ហួរ ប្រធានការដ្ឋានស្តារប្រឡាយមេជ័យ បានបន្តឱ្យដឹងថា ការងារស្តារប្រឡាយមេជ័យត្បូងបានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៤ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារគម្រោងស្តារប្រឡាយមេជ័យត្បូង និងការសាងសង់សំណង់សិល្បការ្យ សម្រេចបានប្រមាណ ៦៨% ហើយការងារនេះគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ប្រឡាយមេជ័យត្បូង ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ប៉ែកខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។
ប្រឡាយមេនេះ បានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេតូច ដែលមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនក្នុងភូមិចំនួន៦ នៃឃុំជ័យធំ ក្នុងការងារស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាប្រមាណ ៤៨០ហិកតា។
កសាងឡើងតាំងពីសម័យប៉ុលពត ប្រឡាយមេជ័យត្បូងបានជួបនូវស្ថានភាពគោករាក់ កកកំណកល្បាប់ស្ទើរតែទាំងស្រុង មិនអាចដំណើរការស្រោចស្រពបានតាមតម្រូវការនៅលើផ្ទៃដីបង្កបង្កើនផលកសិកម្មដែលមានស្រាប់ បណ្តាលឱ្យប្រជាពលរដ្ឋក្នុងឃុំជ័យធំជួបបញ្ហាខ្វះទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្មក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ផ្អែកតាមស្ថានភាពជាក់ស្តែង និងតាមការស្នើសុំរបស់អាជ្ញាធរដែនដីនៅក្នុងតំបន់ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ដើម្បីជួយរកដំណោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋនៅក្នុងឃុំជ័យធំ ក្រសួងធនធានទឹក និងឧតុនិយម ដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការបានចាត់ក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំង ស្ថានភាពប្រឡាយមេ និងធ្វើការសិក្សាវាស់ស្ទង់ប្រមូលទិន្នន័យ ចងក្រងឯកសារតាមលក្ខណៈបច្ចេកទេស ដើម្បីលើកគម្រោងស្តារប្រឡាយមេជ័យត្បូង។
ក្នុងឆ្នាំ២០២៤ នេះ ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តគម្រោងស្តារប្រឡាយមេជ័យត្បូង និងសាងសង់សំណង់សិល្បការ្យមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាទឹកដល់ប្រជាពលរដ្ឋក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ការងារសំខាន់ៗ ដែលត្រូវអនុវត្តរួមមាន៖ ទី១)ស្តារប្រឡាយមេជ័យត្បូង ប្រវែង ៥០០០ម៉ែត្រ ទី២)សាងសង់សំណង់ទ្វារទឹកលើប្រឡាយមេ(ទ្វារ២) ចំនួន ១កន្លែង ទី៣)សាងសង់សំណង់លូដោះទឹកលើភ្លឺប្រឡាយមេចំនួន ៩កន្លែង ទី៤) សាងសង់សំណង់លូចម្លងលើប្រឡាយមេចំនួន ៤កន្លែង ទី៥)សាងសង់សំណង់លូយកទឹកលើភ្លឺប្រឡាយមេចំនួន ២កន្លែង និងទី៦)សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយមេ(ទ្វារ២)ចំនួន ១កន្លែង។
ជាការរំពឹងទុក ក្រោយពីស្តារប្រឡាយមេជ័យត្បូង និងសាងសង់សំណង់សិល្បការ្យ ប្រជាពលរដ្ឋក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ប្រមាណ ១៩៥០គ្រួសារនឹងទទួលបានប្រឡាយមេនាំទឹកមកស្រោចស្រពបន្ថែមនៅដើមរដូវ ចុងរដូវវស្សា និងរដូវប្រាំងលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ក្នុងនោះមានស្រូវវស្សាប្រមាណ ៤៨០ហិកតា ស្រូវប្រាំងប្រមាណ ៣០០ហិកតា(នៅលើផ្ទៃដីដដែល) និងដំណាំរួមផ្សំប្រមាណ ១០ហិកតា។

ជាមួយគ្នានេះដែរ ភ្លឺប្រឡាយមេនឹងក្លាយជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ធ្វើដំណើរ និងដឹកកសិផលក្នុងមូលដ្ឋានទៅទីប្រជុំជន ទីរួមខេត្ត-ក្រុង។
គម្រោងនេះក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ និងចូលរួមទប់ស្កាត់បានការទន្ទ្រានរំលោភយកដីប្រឡាយមេធ្វើជាកម្មសិទ្ធិពីសំណាក់ជនខិលខូចផងដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


